Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីស្ដីទី ជំរុញឱ្យបង្កើនការហ្វឹកហ្វឺនដើម្បីពង្រឹងសមត្ថភាពកងកម្លាំង

បានផុស

នៅ

នាយករដ្ឋមន្ត្រីស្ដីទីនៃកម្ពុជា លោក នេត សាវឿន បានជំរុញឱ្យមានការហ្វឹកហ្វឺនជាប្រចាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដើម្បីធានាដល់ការបង្កើនសមត្ថភាពកងកម្លាំងជាតិ។ លោកនាយករដ្ឋមន្ត្រីស្ដីទី ចាត់ទុកការងារហ្វឹកហ្វឺន ជាកាតព្វកិច្ចដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពដ៏រឹងមាំរបស់កងកម្លាំង ក្នុងបុព្វហេតុខឿនការពារជាតិ និងប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃប្រកាសបង្កើតកងវរសេនាតូចលេខ២៤៦ និងខួបលើកទី១៤ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី៥ ខែកញ្ញានេះ លោក នេត សាវឿន បានថ្លែងថា៖ «ទាំងកងអង្គរក្ស ទាំងកងយោធពលខេមរភូមិន្ទ ទាំងនគរបាលជាតិ ទាំងកងកម្លាំងប្រដាប់អាវុធផ្សេងៗទៀត ត្រូវបង្កើនសមត្ថភាព តាមរយៈការហ្វឹកហ្វឺន»។ លោកបញ្ជាក់ថា ការនិយាយអំពីចំនួនកងកម្លាំងការពារជាតិ គឺគ្រាន់តែជារឿងមួយផ្នែកប៉ុណ្ណោះ តែលើសពីនេះ ការយកចិត្តទុកដាក់ទៅលើការពង្រឹងសមត្ថភាពកងកម្លាំង ការធ្វើទំនើបកម្ម ការប្រើប្រាស់ឧបករណ៍សព្វាវុធ ជាពិសេស ផ្ដោតលើផែនការយុទ្ធសាស្ត្រដឹកនាំ ជារឿងដ៏ចាំបាច់បំផុត។  

ត្រង់ចំណុចនេះ លោក នេត សាវឿន ជឿជាក់ថា ក្រសួងការពារជាតិ ក៏ដូចជាអង្គភាពសាមី នឹងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ថែមទៀតលើកងកម្លាំងថ្មីៗក្នុងការបង្កើនការហ្វឹកហ្វឺនឱ្យជាប់ជាប្រចាំ ដើម្បីពង្រឹងកងកម្លាំងឱ្យមានសមត្ថភាពខ្ពស់ ដោយប្រែក្លាយកងកម្លាំងជាកងកម្លាំងអាជីព ហើយជាកម្លាំងមួយមានលទ្ធភាពគ្រប់គ្រាន់ការពារសេចក្ដីសុខជូនជាតិ និងប្រជាជន។  

ទន្ទឹមនេះ លោកនាយករដ្ឋមន្ត្រីស្ដីទី បានស្នើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ទាំងកងយោធពលខេមរភូមិន្ទ ទាំងកងកម្លាំងនគរបាលជាតិ គប្បីលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូរ ហើយត្រូវគោរពឱ្យខានតែបានវិន័យ និងសីលធម៌របស់កងកម្លាំងប្រដាប់អាវុធ។ បន្ថែមពីនេះ លោក ក៏បានជំរុញដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវចូលរួមឱ្យបានសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យទទួលបានជោគជ័យ។

លោក ចាត់ទុកថា កងកម្លាំងប្រដាប់អាវុធ ជាឆ្អឹងខ្នងដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីធានាដល់ការថែរក្សា ការពារនូវសន្តិភាព ស្ថិរភាព និងសន្តិសុខជាតិ  ដែលនឹងបង្កលក្ខណៈងាយស្រួលឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឈានឆ្ពោះដល់រកភាពរីកចម្រើនថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

មីនតោន
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម