ព័ត៌មានជាតិ
ភាគីនិយោជក បញ្ជាក់មូលហេតុដាក់តួលេខចំនួន ១ ដុល្លារ សម្រាប់ប្រាក់ឈ្នួល ២០២៤
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យភាគីនិយោជកដាក់តួលេខចំនួន ១ ដុល្លារ សម្រាប់ប្រាក់ឈ្នួលកម្មករ-និយោជិត ឆ្នាំ ២០២៤ ខាងមុខ។

លោក កាំង ម៉ូនីកា បានមានប្រសាសន៍នៅរសៀលថ្ងៃទី ០៥ កញ្ញា នេះថា «យោងស្ថានភាព នៃវិស័យរបស់យើង និងជាពិសេសយោងលក្ខណៈវិនិច្ឆ័យទាំង ៧ ចំណុច ដែលបានបង្ហាញជូនគ្រប់ភាគី ការពិតយើងមិនមានលទ្ធភាពដំឡើងជូនទេ។ តែដោយគោរពតាមការណែនាំរបស់ សម្ដេចធិបតី ចង់ឲ្យមានការដំឡើងខ្លះ យើងក៏ពិចារណាដាក់ជូន ១ ដុល្លារ»។

នៅពេលសួរថា ប្រសិនបើខាងរាជរដ្ឋាភិបាលស្នើឲ្យដំឡើងបន្ថែម តើខាងនិយោជកនឹងពិចារណាដែរឬទេ ឬមួយនៅរក្សាតួលេខចំនួន ១ ដុល្លារ ដដែល ត្រង់ចំណុចនេះ លោក កាំង ម៉ូនីកា បានបញ្ជាក់ថា «យើងត្រូវការការជួយគាំទ្រពីរាជរដ្ឋាភិបាលមកវិញ ក្នុងការកាត់បន្ថយថ្លៃក្នុងការធ្វើអាជីវកម្ម ជាពិសេសថ្លៃភស្តុភារ»។

ប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី ៣ លើកទី ៣ កាលពីព្រឹកថ្ងៃទី ០៤ កញ្ញា បានឈានដល់ការដាក់តួលេខរៀងៗ ខ្លួន ដោយភាគីនិយោជកដាក់ចំនួន ១ ដុល្លារបន្ថែម លើប្រាក់ឈ្នួលបច្ចុប្បន្ន ២០០ ដុល្លារ ក្នុងមួយខែ ខណៈភាគីសហជីពដាក់ ១៥ ដុល្លារ។ ចំណែកភាគីរាជរដ្ឋាភិបាល នៅមិនទាន់ដាក់តួលេខនៅឡើយទេ បើទោះបីជាមានតួលេខក្នុងដៃរួចហើយ។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា «ភាគីរាជរដ្ឋាភិបាល នៅមិនទាន់ដាក់តួលេខនៅឡើយទេ។ យើងមានតួលេខ តែយើងមិនចង់ឲ្យភាគីទាំងសងខាងផ្ដោតលើតួលេខនេះទេ ហើយខ្ញុំពិតជាមានការសប្បាយចិត្តដែលភាគីទាំងអស់ ទោះបីជាយើងមិនបានបញ្ជាក់តួលេខណាមួយពីរាជរដ្ឋាភិបាល យើងឃើញថា ភាគីទាំងអស់ប្រើប្រាស់លក្ខណៈវិនិច្ឆ័យទាំង ៧ គ្រាន់តែថាការយល់ឃើញការប្រែប្រួលលក្ខណៈវិនិច្ឆ័យនីមួយៗ វាខុសគ្នា តែបានឈរលើបន្ទាត់មួយនេះ។ អីចឹងខ្ញុំគិតថា វាជាការវិវត្តន៍ដ៏ល្អ»។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា តួលេខដែលភាគីនីមួយៗ បានដាក់នៅពេលនេះ ពួកគាត់នឹងយកទៅប្រជុំផ្ទៃក្នុងបន្ថែមទៀត ហើយយើងនឹងមានឱកាសស្តាប់ការវិវត្តន៍នៅក្នុងកិច្ចប្រជុំប្រាក់ឈ្នួលជាបន្តបន្ទាប់ក្រោយៗទៀត ពីភាគីនីមួយៗ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា នៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ទៀត ភាគីទាំងពីរ នឹងពិចារណាកែសម្រួលតួលេខជាបណ្តើរៗថែមទៀត ហើយភាគីខាងរដ្ឋាភិបាល នឹងបន្តខិតខំសម្របសម្រួលដើម្បីឲ្យភាគីទាំងពីរកាន់តែយល់ កែគោលជំហររបស់ខ្លួនកាន់តែកៀកប្រហាក់ប្រហែលគ្នាមុននឹងយើងឯកច្ឆន្ទគ្នា ឬ បោះឆ្នោតសម្រេចនាមុនពិធីបុណ្យភ្ជុំខាងមុខនេះ។
ចំណែក លោក គឹម ចាន់សំណាង អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី ៣ ភាគីសហជីព បានមានប្រសាសន៍ថា «ការតួលេខ ២១៥ ដុល្លារនេះ ជាការស្នើសុំលើកទី ១។ ដូចនេះយើងអាចជជែកគ្នាបានក្នុងករណីចាំបាច់ និងពិនិត្យលើផលប្រយោជន៍កម្មករ-និយោជិត ដោយឈរលើទឡ្ហីករណ៍ណាមួយ យើងក៏អាចសម្របសម្រួលទៅតាមស្ថានការណ៍ជាក់ស្ដែងដែរ ព្រោះថាការដំឡើងប្រាក់ឈ្នួលណាមួយត្រូវមានការឯកភាពគ្នាយល់ព្រមទាំងអស់គ្នាដោយសប្បាយរីករាយបំផុត»។
គួរបញ្ជាក់ថា កិច្ចក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ៣ បានសម្រេចរៀបចំកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលចំនួន ៧ លើក គឺ នៅថ្ងៃទី ១៦ សីហា ថ្ងៃទី ២៨ ខែសីហា, ថ្ងៃទី ៤, ថ្ងៃទី ១១,ថ្ងៃទី ១៨, ថ្ងៃទី ២៥ ខែកញ្ញា និងថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣ ខណៈប្រាក់ឈ្នួលកម្មករនិយោជិតបច្ចុប្បន្នមានចំនួន ២០០ ដុល្លារ ក្នុងមួយខែ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?