ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា៖ អាស៊ានបានតស៊ូដោះស្រាយបញ្ហាភូមា ដែលមានលក្ខណៈស្មុគស្មាញខ្លាំង
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នាទីក្រុងហ្សាការតា លោក សុខ ចិន្តាសោភា ប្រមុខការទូតកម្ពុជា បានរំលឹកឡើងវិញភាពចាំបាច់ក្នុងការរក្សាសាមគ្គីភាពអាស៊ាន ក៏ដូចជាការតស៊ូរបស់អាស៊ានក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដែលមានលក្ខណៈស្មុគស្មាញខ្លាំង។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បានផ្តោតលើដំណើរការនៃការកសាងសហគមន៍អាស៊ាន ក្រោមមូលបទ៖ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ក៏ដូចជាវិធីសាស្រ្តដើម្បីពន្លឿនវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចស្ដីពីវិបត្តិនៅមីយ៉ាន់ម៉ា និងទំនាក់ទំនងអាស៊ានជាមួយដៃគូសន្ទនា និងដៃគូផ្សេងៗទៀត។
រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបង្ហាញការពេញចិត្តចំពោះសន្ទុះជាវិជ្ជមាននៃដំណើរការកសាងសហគមន៍អាស៊ាន និងការកើនឡើងនៃចំនួនប្រទេសខាងក្រៅតំបន់ដែលបានបង្ហាញបំណងចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ នេះជាការឆ្លុះបញ្ចាំងអំពីការទទួលស្គាល់សារៈសំខាន់នៃមជ្ឈភាពអាស៊ានក្នុងការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងក្រៅតំបន់។

រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានលើកទឹកចិត្តឱ្យមានវឌ្ឍនភាពថែមទៀតក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនិងបានបញ្ជាក់ថា ការសម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ានស្តីពីការអនុវត្តកិច្ចព្រមព្រៀងនេះ គឺនៅតែជាឯកសារស្នូល ដើម្បីជួយមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ កិច្ចប្រជុំ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង៥ចំណុច បានដើរតួនាទីជាឧបករណ៍ចាំបាច់ក្នុងការបង្កើតបរិយាកាសអំណោយផលឆ្ពោះទៅការបង្កើតកិច្ចសន្ទនាប្រកបដោយសន្តិវិធី ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ដើម្បីជាប្រយោជន៍ដល់ប្រជាជនមីយ៉ាន់ម៉ា។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក សុខ ចិន្តាសោភា បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់កម្ពុជាចំពោះឥណ្ឌូនេស៊ី ដែលបានខិតខំជំរុញឱ្យមានកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ ហើយលោក ក៏បានរំលឹកឡើងវិញនូវភាពចាំបាច់ក្នុងការរក្សាសាមគ្គីភាពអាស៊ាន ក៏ដូចជាការតស៊ូដោះស្រាយវិញ្ញាសាស្តីពីមីយ៉ាន់ម៉ាដែលមានលក្ខណៈស្មុគស្មាញខ្លាំង។
លោក សុខ ចិន្តាសោភា បានគូសបញ្ជាក់ថា អាស៊ានបានបង្ហាញច្បាស់ពីស្មារតីឯកភាពគ្នាជាធ្លុងមួយក្នុងការពុះពារឆ្លងកាត់បញ្ហាប្រឈមពហុសណ្ឋានជាច្រើន និងបានក្លាយជាស្នូលនៃសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់តំបន់ ហើយនៅក្នុងន័យនេះ អាស៊ានត្រូវបន្តពង្រឹងប្រសិទ្ធភាពស្ថាប័នសំខាន់ៗរបស់ខ្លួន ដើម្បីដោះស្រាយភាពស្មុគស្មាញនៃការប្រកួតប្រជែងភូមិសាស្រ្តយុទ្ធសាស្រ្ត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ប្រទេសសមាជិកអាស៊ានបន្តជំរុញពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ាន ស្វែងរកប្រភពនៃកំណើនថ្មី និងធានាឱ្យបាននូវការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

ដោយពេញចិត្តចំពោះមុខមាត់ និងសមត្ថភាពរបស់អាស៊ាន ដែលធ្វើឱ្យប្រទេសខាងក្រៅតំបន់ជាច្រើនចង់ធ្វើការជាមួយនោះ លោក សុខ ចិន្តាសោភា បានជំរុញឱ្យអាស៊ានត្រូវបន្តបង្កើនសមត្ថភាពស្ថាប័នដោយឥតឈប់ឈរក្នុងការគ្រប់គ្រងភាពជាដៃគូទាំងនេះ ដើម្បីបានជាប្រយោជន៍ដល់ប្រជាជនអាស៊ានទាំងមូល តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើគ្រប់វិស័យជាមួយដៃគូខាងក្រៅ។
លោកប្រមុខការទូតកម្ពុជា ក៏បានរំលឹកឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ ហើយបានកោតសរសើរភាគីចិន ដែលបានត្រៀមខ្លួនរួចជាស្រេចចូលជាភាគីនៃសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ដោយគ្មានខបម្រុង។ លោក ថា ការណ៍នេះ បើសម្រេចបាន នឹងជំរុញលើកទឹកចិត្តដល់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀតចូលជាភាគីនៃសន្ធិសញ្ញានេះផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ