ព័ត៌មានជាតិ
ជប៉ុនផ្ដល់រថយន្ត ២៣ គ្រឿង និងបរិក្ខា ដែលជាជំនួយឥតសំណងសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពដោះមីននៅកម្ពុជា
លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣ បានអញ្ជើញទទួលជំនួយពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ក្រោម “កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម” សម្រាប់ប្រើប្រាស់ក្នុងដំណើរការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដែលសម្ភារទាំងនេះប្រគល់ជូនដោយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/photo_2023-09-05_16-17-44-1024x682.jpg)
ជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ប្រគល់ជូនដល់អាជ្ញាធរមីន រួមមាន៖ រថយន្ត(Pickup) ២៣គ្រឿង, ម៉ូតូ ៣៧ គ្រឿង, ឧបករណ៍ GPS ៥៤គ្រឿង, ឧបករណ៍ការពារសុវត្ថិភាព ៣០ឈុត, ម៉ាស៊ីនរាវមីន ៣០គ្រឿង, កុំព្យូទ័រយួរដៃ ៧៥គ្រឿង, គ្រឿងបន្លាស់រថយន្ត ២៣គ្រឿង និងគ្រឿងបន្លាស់ម៉ូតូ ៣៧គ្រឿង។
ក្នុងឱកាសទទួលនូវជំនួយឥតសំណងនេះ លោកទេសរដ្ឋមន្រ្តី បានថ្លែងវាយតម្លៃខ្ពស់ចំពោះចំណងការទូតជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងជប៉ុន រយៈពេល ៧០ឆ្នាំនេះ គឺចាប់ពីឆ្នាំ១៩៥៣ ដែលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងមានតម្លៃរួមគ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/photo_2023-09-05_16-17-46-1024x682.jpg)
ជាមួយគ្នានោះ ប្រទេសជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព កំណើនសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា លើវិស័យជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទេសចរណ៍ ការអប់រំ ការអភិរក្ស និងជួសជុលរមណីយដ្ឋានប្រវត្តិសាស្ត្រ ក៏ដូចជាសកម្មភាពមីនមនុស្សធម៌ ជាដើម។
ពាក់ព័ន្ធនឹងការងារសកម្មភាពមីនមនុស្សធម៌ ប្រទេសជប៉ុន បានចូលរួមជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ គិតជាទឹកប្រាក់ជាង ២០០ លានដុល្លារអាមេរិក បន្ថែមពីលើគ្រឿងបរិក្ខានាថ្ងៃនេះ ដែលឯកឧត្តមទេសរដ្ឋមន្រ្តី បានចាត់ទុកថា ប្រទេសជប៉ុនគឺជាដៃគូយូរអង្វែង និងរឹងមាំមួយក្នុងការសម្រេចបាននូវសមិទ្ធិផលសកម្មភាពមីនរយៈពេលជាង៣០ឆ្នាំនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/photo_2023-09-05_16-17-48-1024x682.jpg)
វិភាគទានរបស់ជប៉ុន ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករដោះមីន និងអ្នកពាក់ព័ន្ធដទៃទៀត គឹជាធានាបាននូវដីប្រកបសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត។
ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំពោះការចូលរួមគាំទ្រប្រកបដោយទឹកចិត្តសប្បុរសនេះ ព្រមទាំងជឿជាក់ថា ជំនួយជាគ្រឿងបរិក្ខារនាថ្ងៃនេះ នឹងជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់អាជ្ញាធរមីន ក្នុងការវាយតម្លៃនៅទីវាល ការសិក្សាស្រាវជ្រាវ ការគ្រប់គ្រងគុណភាព ការអប់រំហានិភ័យ និងភាពជាអ្នកដឹកនាំនៃវិស័យសកម្មភាពមីន ក៏ដូចជាជួយជំរុញឱ្យមានការខិតខំប្រឹងប្រែងបន្តឆ្ពោះទៅរកការសម្រេចបាននូវប្រទេសកម្ពុជាដែលគ្មានមីន។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/photo_2023-09-05_16-17-48-2-1024x682.jpg)
លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលទទួលបាននៃការងារបោសសម្អាតមីននៅកម្ពុជា ដោយទទួលបានផ្ទៃដីធំជាងគេក្រោយបញ្ចប់សង្រ្គាម។ ការសម្រេចបានរបស់កម្ពុជា ក៏មានការរួមចំណែកពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ហើយជប៉ុនសង្ឃឹមថា គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ នឹងត្រូវរំដោះចេញពីទឹកដីកម្ពុជា ហើយប្រជាជនកម្ពុជានឹងទទួលបាននូវសុវត្ថិភាព។
លោកបានបន្តទៀតថា ក្រៅពីជួយដល់ការងារបោសសម្អាតមីននៅកម្ពុជា ជប៉ុនក៏បានចូលរួមជួយដល់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងនោះថ្មីៗនេះ បានចូលរួមដល់ការបណ្តុះបណ្តាលអ្នកជំនាញការមកពីប្រទេសអ៊ុយក្រែនផងដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2023/09/photo_2023-09-05_16-17-49-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/09/photo_2023-09-05_16-17-50-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច