ព័ត៌មានជាតិ
លោក នេត្រ ភក្ដ្រា ៖ ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមានស្តង់ដារប្រតិបត្តិជាតិរួមមួយ នៃក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន
លោក នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាងថា ថា ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមានស្តង់ដារប្រតិបត្តិជាតិរួមមួយ នៃក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មានអនុវត្ត។

ការអះអាងនេះ បានធ្វើឡើងគ្រាដែលលោក នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌនៃវិស័យព័ត៌មាន កាលពីព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៣នេះ។

ក្នុងជំនួបនេះលោក នេត្រ ភក្ត្រា បានស្វាគមន៍ចំពោះជំនួបទ្វេភាគីជាមួយភាគីជប៉ុន ដោយបានបញ្ជាក់ថា លោកឯកអគ្គរាជទូតជប៉ុន គឺជាមន្ត្រីការទូតទី ១ ដែលលោកបានជួបពិភាក្សា ក្រោយពេលឡើងកាន់តំណែងជារដ្ឋមន្ត្រី។ លោកបានគូសបញ្ជាក់ពីភាពរឹងមាំ នៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ជាពិសេសនៅឆ្នាំ ២០២៣នេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន។

ចំណែកលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងពីទំនាក់ទំនងល្អរវាងជប៉ុន និងកម្ពុជា និងបានលើកបង្ហាញពីសមិទ្ធផលជាច្រើន នៃទំនាក់ទំនងការទូត ដែលជប៉ុនបានជួយដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក្នុងការកសាងបន្ទប់ផ្សាយ ព្រមទាំងផ្តល់នូវសម្ភារផ្សព្វផ្សាយកាលពីឆ្នាំ ១៩៩៨ រួមនឹងការផ្តល់នូវកម្មវិធីទូរទស្សន៍ផ្សេងៗទៀត ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

លោកឯកអគ្គរាជទូត ក៏បានថ្លែងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតរ៉ូបូតឆ្នាំ ២០២៣ ប្រកបដោយភាពជោគជ័យនាពេលកន្លងទៅ ដែលលោកមានជំនឿថា តាមរយៈកម្មវិធីនេះនឹងជួយឲ្យយុវជនខ្មែរ មានការសិក្សាកាន់តែច្រើនលើផ្នែកវិទ្យាសាស្ត្រ និងវិស្វករ។ លោកឯកអគ្គរាជទូត ក៏បានលើកឡើងពីការប្រឆាំងនឹងព័ត៌មានក្លែងក្លាយផងដែរ និងបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយូរអង្វែងទៅមុខ។
ជាការឆ្លើយតប លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អំពីការដាក់ចុះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពមានបេសកកម្មជាប្រវត្តិសាស្ត្រចំនួន ២ គឺថែរក្សា និងថែបំប៉នសន្តិភាព និងទី២ គឺកសាងនិងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ។
ក្នុងក្របខណ្ឌក្រសួងព័ត៌មាន លោករដ្ឋមន្ត្រីបាន គូសបញ្ជាក់ជូនឯកអគ្គរាជទូតជប៉ុនថា ក្រសួងព័ត៌មាន នឹងធ្វើទំនើបកម្មស្ថាប័នរបស់ខ្លួន ដោយរៀបចំទីកន្លែងសម្រាប់បំពេញការងារ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា និងបរិបទសង្គមបច្ចុប្បន្ន។ លោកបានថ្លែងអំណរគុណ ចំពោះជប៉ុនដែលបានគាំទ្រ និងផ្តល់កម្មវិធីផ្សេងសម្រាប់បង្កើតខ្លឹមសារសម្បូណ៌បែបសម្រាប់ពលរដ្ឋខ្មែរ ហើយលោកបានបញ្ជាក់ពីការសន្យាបន្តទំនាក់ទំនងល្អ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ថ្នាក់ដឹនាំនិងមន្ត្រីរាជការនៃក្រសួងព័ត៌មាន បានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធ្វើឲ្យក្រសួងព័ត៌មាន ក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ព័ត៌មានពិតទៅដល់ប្រជាពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។
ទាក់ទងនឹងការប្រឆាំងព័ត៌មានក្លែងក្លាយ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា គឺជាបញ្ហារួមដែលបណ្តាប្រទេសទាំងអស់ ត្រូវរួមគ្នាក្នុងការទប់ស្កាត់ព្រោះព័ត៌មានក្លែងក្លាយ ដែលជាគ្រោះថ្នាក់សម្រាប់សង្គម។ លោកបន្ថែមថា ក្រសួងព័ត៌មាន នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងវិធានការទប់ស្កាត់។ ជាងនេះទៅទៀត លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា ក្រសួងនឹងរៀបចំឲ្យមានស្តង់ដារប្រតិបត្តិជាតិរួមមួយ នៃក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មានអនុវត្ត។
ជាមួយនឹងការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលបានជួយប្រទេសកម្ពុជា លោករដ្ឋមន្ត្រីបានស្នើសុំភាគីជប៉ុន ជួយក្រសួងព័ត៌មានកម្ពុជា លើការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ។ បន្ទាប់មកលោក នេត្រ ភក្ដ្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញចុះពិនិត្យមើលសមិត្ធផល និងសម្ភារបច្ចេកទេស នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ជាជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ