ព័ត៌មានជាតិ
ត្រឹមកន្លះខែ រដ្ឋមន្រ្តីមហាផ្ទៃថ្មី លោក ស សុខា ណែនាំឲ្យសិក្សាកែទម្រង់លើបញ្ហាក្តៅៗ៦ចំណុច
ក្រោយចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានលើកឡើងនូវទិសដៅការងារមួយចំនួន ពិសេសការដោះស្រាយបញ្ហាប្រឈមបន្ទាន់ ក៏ដូចជា ភាពមិនប្រក្រតីនានារបស់មន្ត្រីក្រោមឱវាទ។ លោក ស សុខា បានណែនាំឲ្យធ្វើការសិក្សាកែទម្រង់លើបញ្ហាក្តៅៗចំនួន៦ចំណុចទាក់ទងនឹងបញ្ហាគ្រឿងញៀន ចរាចរណ៍ ក្មេងទំនើង ការបញ្ចុះតម្លៃលិខិតឆ្លងដែន និងបញ្ហាការធ្វើប័ណ្ណបើកបរម៉ូតូ។

នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមចំណុះក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងដូច្នេះថា៖ «លោកមកទីនេះ មិនមែនមកដាក់សម្ពាធលើមន្ត្រីណាមួយ ឬផ្នែកស៊ីវិល មន្ត្រីពន្ធនាការ និងនគរបាលនោះទេ»។ លោក បញ្ជាក់ថា វត្តមានរបស់លោក គឺចូលរួមជាមួយថ្នាក់ដឹកនាំ ដើម្បីសម្រេចបានទិសដៅតែមួយ គឺភាពជោគជ័យរបស់ក្រសួងមហាផ្ទៃ តាមរយៈការរួមគ្នាដោះស្រាយបញ្ហាប្រឈមបន្ទាន់របស់ក្រសួង។
ជាការងារចំពោះមុខដែលត្រូវបានលោក ស សុខា ប្រកាសដាក់ចេញនោះ គឺបញ្ហាគ្រឿងញៀន ត្រូវបានចាត់ទុកជាបញ្ហាដ៏ក្ដៅគគុករបស់សង្គម។ លោក ស សុខា បានជំរុញឱ្យបន្តទប់ស្កាត់ការផលិត ចែកចាយ ជួញដូរគ្រឿងញៀន ដោយរកវិធីសាស្ត្រថ្មីៗផ្សេងទៀត ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងឱ្យបានបញ្ហាគ្រឿងញៀនក្នុងសង្គម ហើយលោក ថែមទាំងបានព្រមានដកក្របខណ្ឌមន្ត្រី ឬកងកម្លាំងប្រដាប់អាវុធរូបណា ដែលមានជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនថែមទៀតផង។

ចំពោះបញ្ហាចរាចរណ៍វិញ លោក ស សុខា បានស្នើឱ្យពិនិត្យឡើងវិញចំពោះមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា ដោយកុំឱ្យមានឯកសណ្ឋានដូចមន្ត្រីនគរបាលចរាចរណ៍ពេញសិទ្ធិ។ ក្នុងន័យនេះ លោក បញ្ជាក់ថា មន្ត្រីជាប់កិច្ចសន្យា គ្រាន់តែមានតួនាទីជួយសម្រួលចរាចរណ៍តាមដងផ្លូវប៉ុណ្ណោះ គឺមិនមានសិទ្ធិឃាត់យានយន្តរបស់ពលរដ្ឋ ដើម្បីផាកពិន័យឡើយ។ បន្ថែមពីនេះ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ លោករដ្ឋមន្ត្រី ស សុខា បានណែនាំដល់ភាគីពាក់ព័ន្ធ គប្បីពិចារណា និងសិក្សាផ្នែកច្បាប់ឡើងវិញចំពោះការធ្វើប័ណ្ណបើកបរម៉ូតូ ចាប់ពីកម្លាំងម៉ាស៊ីន ៦០CC ឡើងទៅ។
ចំណែក បញ្ហាក្មេងទំនើងនៅក្នុងសង្គម ត្រូវបានរដ្ឋមន្ត្រីថ្មីនៃក្រសួងមហាផ្ទៃរូបនេះ ស្នើឱ្យមានការសិក្សាថ្មីមួយ ដោយអនុញ្ញាតឱ្យយកក្មេងទំនើងមកធ្វើជាប្រជាការពារ ដើម្បីចូលរួមគ្រប់គ្រងបទល្មើស ក៏ដូចជា ដើម្បីទទួលបានព័ត៌មានសំខាន់ពីក្រុមក្មេងទំនើងទាំងនោះ។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី បញ្ជាក់ថា ប្រទេសនៅអឺរ៉ុប បានអនុវត្តការងារនេះយូរមកហើយ ដោយទទួលបានភាពជោគជ័យលើការទប់ស្កាត់ក្រុមក្មេងទំនើង។

ក្នុងនាមក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានណែនាំឱ្យមានការសិក្សា និងពិនិត្យទិដ្ឋភាពជាក់ស្ដែងលើការបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋកម្ពុជា។ លោក ស សុខា អះអាងថា តម្លៃធ្វើលិខិតឆ្លងដែនរបស់កម្ពុជា គឺមានតម្លៃថ្លៃជាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដូច្នេះ គប្បីអង្គភាពជំនាញសិក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្ថយតម្លៃធ្វើលិខិតឆ្លងដែនក្នុងកម្រិតណាមួយ ដើម្បីជាការបង្កភាពងាយស្រួល ផ្ដល់ភាពកក់ក្ដៅជូនពលរដ្ឋ កុំឱ្យពីមួយអាណត្តិទៅមួយអាណត្តិ តម្លៃធ្វើលិខិតឆ្លងដែនចេះតែមានការឡើងថ្លៃ។
លើសពីនេះ លោក ស សុខា ក៏បានស្នើឱ្យបញ្ឈប់ការហូបចុកនៅកន្លែងធ្វើការផងដែរ។ លោក ថា តទៅមុខ លោកអត់ចង់ឃើញមានរបៀបរបបហូបចុកណាមួយនៅកន្លែងធ្វើការទេ ព្រោះក្រសួងស្ថាប័ន ឬអង្គភាព ជាកន្លែងធ្វើការ មិនមែនជាកន្លែងហូបចុកឡើយ បើចង់ហូបចុកសូមទៅកន្លែងណាផ្សេងទៅចុះ តែពេលម៉ោងធ្វើការ គឺធ្វើការ។ លោក ស សុខា បានសុំការយោគយល់ ហើយសុំឱ្យថ្នាក់ដឹកនាំទាំងអស់ចូលរួមកែលម្អត្រង់ចំណុចនេះ៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច