Connect with us

ព័ត៌មានជាតិ

ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី កើនដល់ ៣៧៧ លានដុល្លារអាមេរិក ក្នុង ៧ ខែ ឆ្នាំនេះ

បានផុស

នៅ

នៅក្នុង​រយៈពេល ៧ ខែ ដើមឆ្នាំ ២០២៣ នេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ម៉ាឡេស៊ី បាន​កើន​ដល់ ៣៧៧ លាន​ដុល្លារ​អាមេរិក ហើយ​ម៉ាឡេស៊ី​ឈរ​លំដាប់ថ្នាក់​ទី ៦ ចំណោម​ប្រទេស​ដែល​បាន​បោះ​ទុន​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធីបុណ្យ​ជាតិ​លើក​ទី ៦៦ របស់​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី ៥ កញ្ញា លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា កម្ពុជា និង​ម៉ាឡេស៊ី បាន​ខិតខំ​កសាង​នូវ​មិត្តភាព​ដ៏​ល្អ និង​យូរអង្វែង និង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​បំផុត​មួយ​ក្នុង​តំបន់​អាស៊ាន​។ ប្រទេស​យើង​ទាំងពីរ នៅតែ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ទ្វេភាគី បន្ត​ពង្រឹង​ទំនាក់​ទំនង​ប្រជាជន និង​ប្រជាជន យ៉ាង​ស្អិតល្មួត​ជាមួយគ្នា។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា ជាក់ស្ដែង ទំហំ​ពាណិជ្ជកម្ម​បាន​កើន​ឡើង​ពី ៥០០ លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ ២០២១ ដល់ ៦២០ លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ ២០២២ ហើយ ៧ ខែ ដើម​ឆ្នាំ ២០២៣ នេះ ទំហំ​ពាណិជ្ជកម្ម​បាន​កើន​ដល់ ៣៧៧ លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ​ម៉ាឡេស៊ី​ឈរ​នៅ​លំដាប់ថ្នាក់​ទី ៦ ចំណោម​ប្រទេស​ដែល​បាន​បោះ​ទុន​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា មួយវិញទៀត ភ្ញៀវ​ទេសចរ​ម៉ាឡេស៊ី​ដែល​មក​ទស្សនា​នៅ​កម្ពុជា បាន​កើន​ឡើង​ជា​លំដាប់ ពោល​ចាប់ពី​ជាង ២.៥ ម៉ឺន​នាក់ នៅ​ឆ្នាំ ២០២០ កើន​ឡើង​មកដល់​ជាង​៥.៣ ម៉ឺន​នាក់ នៅ​ឆ្នាំ ២០២២។ បើ​គិត​ត្រឹម ៧ ខែ ដើម​ឆ្នាំ ២០២៣ នេះ ភ្ញៀវ​ទេសចរ​ម៉ាឡេស៊ី ជាង ៥.២ ម៉ឺន​នាក់ បាន​មក​ទស្សនា​នៅ​កម្ពុជា។

លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា «ទន្ទឹម​នឹង​នេះ យើង​ក៏​មិន​ភ្លេច​ដែរ​ថា ប្រជាពលរដ្ឋ និង​និស្សិត​ខ្មែរ ជាង ២.២ ម៉ឺន​នាក់ កំពុង​ធ្វើការ និង​សិក្សា​នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​កសាង​សមត្ថភាព និង​ស្វែងរក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ។ តាងនាម​រដ្ឋាភិបាល​កម្ពុជា សូម​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ម៉ាឡេស៊ី ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ និង​និស្សិត​ខ្មែរ​ដែល​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​ម៉ាឡេស៊ី​»៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម