ព័ត៌មានជាតិ
ស្វែងយល់ពីមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បំពេញមុខងារជាសេនាធិការឱ្យរាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈការរៀបចំគោលនយោបាយ ច្បាប់ទាក់ទងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។
យោងតាមអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ជាក់ពីមុខងារភារកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានដូចជា៖
-រៀបចំ អនុវត្ត និងតាមដានការអនុវត្តគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល
-គ្រប់គ្រងនិងសម្របសម្រួលកិច្ចការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
-ពង្រឹងអភិបាលកិច្ចល្អ ទៅលើអ្វីដែលជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ
-វិភាគតាមដាន និងព្យាករស្ថានភាពសេដ្ឋកិច្ចក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង និងដាក់ចេញនូវវិធានការ
ដើម្បីតម្រង់ទិសនិងកែលម្អការគ្រប់គ្រងសេដ្ឋកិច្ច
-សហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធដើម្បីដឹកនាំនិងចូលរួមក្នុងការរៀបចំអនុវត្តគោលនយោបាយយុទ្ធសាស្ត របស់រាជរដ្ឋាភិបាល លើកិច្ចការសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងកិច្ចការសមាហរណកម្ម
កម្ពុជាទៅក្នុងសេដ្ឋកិច្ចពិភពលោក ពិសេសកិច្ចការសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាក្នុងក្របខណ្ឌអាស៊ាន
-ទទួលដឹកនាំ រៀបចំ ជំរុញអនុវត្ត និងតាមដានការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាល
-វិភាគ គ្រប់គ្រង និងតាមដានការវិវត្តនៃវិស័យហិរញ្ញវត្ថុ ព្រមទាំងចូលរួមរៀបចំនិងអនុវត្តក្របខណ្ឌគ្រប់គ្រងហានិភ័យ នៃវិស័យហិរញ្ញវត្ថុ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ
-ចូលរួមរៀបចំនិងអនុវត្តគោលនយោបាយ និងក្របខណ្ឌនៃការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម – -កសាងប្រព័ន្ធហិរញ្ញវត្ថុឱ្យឯកភាពទូទាំងប្រទេស ហើយធានាអនុវត្តប្រព័ន្ធនេះ ឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈ និងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំនីមួយៗ ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធដទៃទៀត
-ធ្វើការបែងចែក និងបែងចែកឡើងវិញនូវផលទុនជាតិ តាមរយះការប្រមូលចំណូល និងថវិកានីយកម្មនៃចំណាយ សាធារណៈ
-រៀបចំនិងកសាងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាលក្ខណៈប្រចាំឆ្នាំនីមួយៗ ឬជាលក្ខណៈអចិន្ត្រៃយ៍
-រៀបចំនិងគ្រប់គ្រងថវិការដ្ឋ
-ចូលរួមរៀបចំគោលនយោបាយ និងគ្រប់គ្រងកិច្ចការវិនិយោគ
– ពិនិត្យនិងចុះទិដ្ឋាការលើចំណាយរបស់ក្រសួង និងស្ថាប័នរដ្ឋនានា
– រៀបចំនិងអនុវត្តគោលនយោបាយចំណូលថវិកាជាតិ
-ប្រមូលចំណូលសារពើពន្ធនិងមិនមែនសារពើពន្ធ បង់ចូលបេឡាថវិការដ្ឋ ធ្វើតារាងតុល្យភាព និងវិភាគគណនីនៃប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋ
-បំពេញមុខងារជាបេឡាករ និងគណនេយ្យករសាធារណៈរបស់រាជរដ្ឋាភិបាល ព្រមទាំងរៀបចំគោលការណ៍និងបទបញ្ជា គណនេយ្យករសាធារណៈ
-គ្រប់គ្រងនិងត្រួតពិនិត្យកិច្ចការលទ្ធកម្មសាធារណៈនៃបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល អង្គភាពរដ្ឋដទៃទៀត និង កិច្ចលទ្ធកម្មតាមយន្តការ ភាពជាដៃគួរវាងរដ្ឋនិងឯកជន
-គ្រប់គ្រងនិងត្រួតពិនិត្យកិច្ចការលទ្ធកម្មសាធារណៈនៃបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល អង្គភាពរដ្ឋដទៃទៀត និង កិច្ចលទ្ធកម្មតាមយន្តការ ភាពជាដៃគួរវាងរដ្ឋនិងឯកជន
-គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
-អនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
-ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងទ្រព្យសម្បត្តិរដ្ឋ តាមក្រសួង ស្ថាប័ន ឬអង្គភាព សាធារណៈប្រហាក់ប្រហែលនៅរដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណះ គ្រឹះស្ថានសាធារណៈ រដ្ឋបាល និងនីតិបុគ្គលសាធារណៈដទៃទៀត និងនីតិបុគ្គលឯកជនដែលទទួលផលប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ ចូលរួមកសាងនិងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រកៀរគរហិរញ្ញប្បទានពីក្នុងនិងក្រៅប្រទេស និងទទួលបន្ទុក គ្រប់គ្រងបំណុលសាធារណៈ
-ដឹកនាំ រៀបចំ និងអនុវត្តការងារដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម និងការងារអស្សាមិករណ៍ដោយសារ គម្រោងអភិវឌ្ឍន៍នានា
-បំពេញមុខងារសវនកម្មផ្ទៃក្នុង និងជំរុញការអនុវត្តមុខងារសវនកម្មផ្ទៃក្នុងតាមក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈ ប្រហាក់ប្រហែល
-បណ្តុះបណ្តាលនិងធ្វើវិក្រឹតការជាប្រចាំ នូវមុខជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដល់ មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។
អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបែងចែករចនាសម្ព័ន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន និងអង្គភាពនៅក្រោមចំណុះ។
+ ក-ថា្នក់កណ្តាល
១-ខុទ្ទកាល័យរដ្ឋមន្ត្រី
២-អគ្គលេខាធិការដ្ឋាន
៣-អគ្គនាយកដ្ឋានគោលនយោបាយ
៤-អគ្គនាយកដា្ឋនថវិកា
៥-អគ្គនាយកដ្ឋានពន្ធដារ
៦-អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
៧-អគ្គនាយកដ្ឋានរតនាគារជាតិ
៨-អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ
៩-អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ
១០-អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
១១-អគ្គាធិការដ្ឋាន
១២-អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល
១៣-អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍
១៤-អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន
១៥-អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល
១៦-អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
១៧-វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ខ-ថា្នក់មូលដា្ឋន
១-មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្ត
២-សាខាពន្ធដារខេត្ត ខណ្ឌនានា នៃរាជធានី និងការិយាល័យពន្ធដារស្រុកក្រុង
៣-សាខាគយនិងរដ្ឋាករខេត្ត ការិយាល័យគយនិងរដ្ឋាករត្រួតពិនិត្យបែបបទគយនិងបណ្តាការិយាល័យគយនិងរដ្ឋាករ ដទៃទៀត
៤-រតនាគាររាជធានីខេត្ត។
អគ្គលេខាធិការដ្ឋាន ដឹកនាំដោយអគ្គលេខាធិការមួយរូប និងអមដោយអគ្គលេខាធិការរងមួយចំនួនជាជំនួយការ។ អគ្គនាយកដា្ឋនដឹកនាំដោយអគ្គនាយកមួយរូបនិងអមដោយអគ្គនាយករងមួយចំនួនជាជំនួយការ។
អគ្គាធិការដ្ឋានដឹកនាំដោយអត្ថាធិការមួយរូប និងអមដោយអគ្គាធិការរងមួយចំនួនជាជំនួយការ។
វិទ្យាស្ថានដឹកនាំដោយនាយកមួយរូប មានឋានៈស្មើអគ្គនាយក និងអមដោយនាយករងមួយចំនួន ឋានៈស្មើអគ្គនាយករងជាជំនួយការ។
នាយកដ្ឋានដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួនជាជំនួយការ។ អង្គភាពថ្នាក់ស្មើនាយកដា្ឋន ដឹកនាំដោយប្រធានមួយរូប មានឋានៈស្មើប្រធាននាយកដ្ឋាន និងអមដោយអនុប្រធានមួយចំនួនឋានៈស្មើអនុប្រធាននាយកដា្ឋនជាជំនួយការ។
អង្គភាពថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួន។
ខុទ្ទកាល័យរដ្ឋមន្តី
ខុទ្ទកាល័យរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មទាំងឡាយដែលកំណត់ដោយអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន។
អគ្គលេខាធិការដា្ឋន
អគ្គលេខាធិការដ្ឋាន បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើបេសកកម្មផ្តល់សេវាគាំទ្រសម្រាប់ប្រក្រតីភាពនៃដំណើរការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសម្របសម្រួលសកម្មភាពការងាររវាងថ្នាក់កណ្តាលនិងអង្គភាពមូលដ្ឋានក្រោមឱវាទក្រសួងពិសេសមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត។
អគ្គលេខាធិការដ្ឋាន មាននាយកដ្ឋានក្រោមឱវាទចំនួន ៥ ដូចខាងក្រោម៖
– នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
– នាយកដ្ឋានបុគ្គលិក
– នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
– នាយកដ្ឋានបណ្ណសារ ·
– នាយកដ្ឋានផែនការថវិកា។
អគ្គលេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្ត ដែលជាតំណាងរបស់ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្នាក់មូលដ្ឋាន។
អគ្គនាយកដា្ឋនគោលនយោបាយ
អគ្គនាយកដ្ឋានគោលនយោបាយ បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើបេសកកម្មរៀបចំនិងតាមដានការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ តាមដាននិងវាយតម្លៃនិន្នាការសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក ក្នុងកម្រិតវិស័យធំៗទាំងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសំខាន់ៗ។
អគ្គនាយកដ្ឋានគោលនយោបាយ មាននាយកដ្ឋានក្រោមឱវាទចំនួន ៥ ដូចខាងក្រោម៖
– នាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងសារពើពន្ធ
– នាយកដ្ឋានស្ថិតិនិងវិភាគសេដ្ឋកិច្ច
– នាយកដ្ឋានសមាហរណកម្មសេដ្ឋកិច្ចនិងអាស៊ាន
– នាយកដ្ឋានវិស័យសេដ្ឋកិច្ច
– នាយកដ្ឋានប្រសិទ្ធភាពចំណាយ
អគ្គនាយកដា្ឋនថវិកា
អគ្គនាយកដ្ឋានថវិកា បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើបេសកកម្មគ្រប់គ្រងថវិកាជាតិ ក្នុងគោលដៅធានាឱ្យមានការបែងចែកនិងប្រើប្រាស់ធនធានថវិការដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងចីរភាព។
អគ្គនាយកដ្ឋានថវិកា មាននាយកដ្ឋានក្រោមឱវាទចំនួន ៥ ដូចខាងក្រោម៖
– នាយកដ្ឋានកិច្ចការទូទៅ
– នាយកដា្ឋនថវិកានីយកម្ម
– នាយកដ្ឋានហិរញ្ញកិច្ច
– នាយកដ្ឋានវិនិយោគ
– នាយកដ្ឋានតាមដាន និងវាយតម្លៃ
អគ្គនាយកដា្ឋនពន្ធដារ
អគ្គនាយកដ្ឋានពន្ធដារ មានភារកិច្ចរៀបចំគោលនយោយបាយសារពើពន្ធ និងប្រមូលពន្ធគ្រប់ប្រភេទចូលថវិកាជាតិ។ អគ្គនាយកដ្ឋានពន្ធដារ មានប្រព័ន្ធចាត់តាំងឯកភាពទទួលខុសត្រូវគ្រប់គ្រងទូទាំងប្រទេស និងត្រួតពិនិត្យការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ តាមការកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានពន្ធដារ មានរចនាសម្ព័ន្ធនៅថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន។
+ ក-ថា្នក់កណ្តាល
-នាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ·
-នាយកដ្ឋានហិរញ្ញវត្ថុនិងបុគ្គលិក
-នាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ
-នាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ
-នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
-នាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ
-នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ
-នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម ·
-នាយកដ្ឋានសវនកម្មសហគ្រាស
-សាលាជាតិពន្ធដារ ថ្នាក់ស្មើនាយកដ្ឋាន
-ទីចាត់ការពន្ធដាររាជធានីភ្នំពេញ ថ្នាក់ស្មើនាយកដ្ឋាន។
ខ-ថា្នក់មូលដា្ឋន
នៅខណ្ឌនានានៃរាជធានីភ្នំពេញ និងខេត្តនីមួយៗ មានសាខាពន្ធដារខណ្ឌនិងសាខាពន្ធដារខេត្ត ដែលដឹកនាំដោយប្រធានមួយរូប មានឋានៈស្មើអនុប្រធាននាយកដ្ឋាននៅថ្នាក់កណ្តាល និងអនុប្រធានសាខាពន្ធដារមួយចំនួនឋានៈស្មើប្រធានការិយាល័យនៅថ្នាក់កណ្តាលជាជំនួយការ។
នៅស្រុកក្រុង មានការិយាល័យពន្ធដារស្រុកក្រុង មានថ្នាក់ស្មើការិយាល័យនៃសាខាពន្ធដារខេត្តខណ្ឌ និងដឹកនាំដោយប្រធានមួយរូបអមដោយអនុប្រធានមួយចំនួនជាជំនួយការ។
អគ្គនាយកដា្ឋនគយនិងរដ្ឋាករកម្ពុជា
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានភារកិច្ចពាក់ព័ន្ធការងារគ្រប់គ្រងប្រមូលពន្ធនិងអាករនាំចេញនាំចូលលើទំនិញគ្រប់ប្រភេទ។
អគ្គនាយកដា្ឋនគយនិងរដ្ឋករកម្ពុជា មានប្រព័ន្ធចាត់តាំងគ្រប់គ្រងឯកភាពទូទាំងប្រទេស មានសិទ្ធិដឹកនាំនិងត្រួតពិនិត្យ លើរាល់អង្គភាពគយនិងរដ្ឋាករពីថ្នាក់កណ្ដាលរហូតដល់ថ្នាក់មូលដ្ឋាន តាមការកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរចនាសម្ព័ន្ធនៅថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន។
ក-ថា្នក់កណ្តាល
– លេខាធិការដ្ឋាន ថ្នាក់ស្មើនាយកដ្ឋាន
– នាយកដ្ឋានហិរញ្ញវត្ថុនិងបុគ្គលិក
– នាយកដ្ឋានផែនការនិងបច្ចេកទេស
– នាយកដ្ឋានកិច្ចការច្បាប់និងទំនាក់ទំនងសាធារណៈ
– នាយកដ្ឋានសវនកម្មគយ
– នាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស
– នាយកដ្ឋានរដ្ឋាករ
– នាយកដ្ឋានរបបគយ
– នាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ
– នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
– នាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ
– នាយកដ្ឋានគ្រប់គ្រងការនាំចេញ
– នាយកដ្ឋានគយនិងរដ្ឋាកររាជធានីភ្នំពេញ
– សាលាជាតិគយ ថ្នាក់ស្មើនាយកដ្ឋាន
ខ-ថា្នក់មូលដា្ឋន
អង្គភាពមូលដ្ឋាននៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជារួមមាន៖
– បណ្ដាសាខាគយនិងរដ្ឋាករ ដែលដឹកនាំដោយប្រធានមួយរូបមានឋានៈស្មើអនុប្រធាននាយកដ្ឋាននៅថ្នាក់កណ្តាល និងអនុប្រធានមួយចំនួន ឋានៈស្មើប្រធានការិយាល័យនៅថ្នាក់កណ្តាលជាជំនួយការ។
-បណ្តាការិយាល័យគយនិងរដ្ឋាករក្រោមឱវាទសាខាគយនិងរដ្ឋាករ ដែលដឹកនាំដោយប្រធានមួយរូបមានឋានៈស្មើប្រធានការិយាល័យនៅថ្នាក់កណ្តាល និងអនុប្រធានមួយចំនួនឋានៈស្មើអនុប្រធានការិយាល័យនៅថ្នាក់កណ្តាលជាជំនួយការ។
អគ្គនាយកដា្ឋនរតនាគារជាតិ
អគ្គនាយកដ្ឋានរតនាគារជាតិ បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឋានៈជាបេឡាករនិង ជាគណនេយ្យករសាធារណៈរបស់រាជរដ្ឋាភិបាល លើបេសកកម្មគ្រប់គ្រងការអនុវត្តថវិកានិងគណនេយ្យ និងគ្រប់គ្រងសាច់ប្រាក់របស់រដ្ឋប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងចីរភាព។
អគ្គនាយកដ្ឋានរតនាគារជាតិមានរចនាសម្ព័ន្ធនៅថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន
ក-ថា្នក់កណ្តាល
– នាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក
– នាយកដ្ឋានចំណូលថវិកា
– នាយកដ្ឋានចំណាយថវិកា
– នាយកដ្ឋានគណនេយ្យ
– នាយកដ្ឋានគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាន និងសរុបស្ថិតិ
– នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
– អធិការកិច្ចរតនាគារ ថ្នាក់ស្មើនាយកដ្ឋាន
– នាយកដ្ឋានគ្រប់គ្រងសាច់ប្រាក់
– នាយកដ្ឋានគោលការណ៍គណនេយ្យ និងវិភាគការអនុវត្តថវិកា។
ខ-ថា្នក់មូលដា្ឋន
នៅរាជធានីខេត្ត មានរតនាគាររាជធានីភ្នំពេញនិងរតនាគារខេត្ត។
រតនាគាររាជធានីខេត្ត ដឹកនាំដោយប្រធានមួយរូប មានឋានៈស្មើអនុប្រធាននាយកដ្ឋាននៅថ្នាក់កណ្តាលអមដោយអនុប្រធានមួយចំនួនជាជំនួយការ ឋានៈស្មើប្រធានការិយាល័យនៅថ្នាក់កណ្តាល។
អគ្គនាយកដា្ឋនលទ្ធកម្មសាធារណៈ
អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានភារកិច្ចរៀបចំ បង្កើត អនុវត្ត និងតាមដានការអនុវត្តគោលនយោបាយលទ្ធកម្មសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ មាននាយកដ្ឋានក្រោមឱវាទចំនួន ៥៖
– នាយកដ្ឋានរដ្ឋបាល បុគ្គលិក និងផែនការ
-នាយកដ្ឋានគ្រប់គ្រងលទ្ធកម្មទំនិញ
– នាយកដ្ឋានគ្រប់គ្រងលទ្ធកម្មសំណង់និងសេវា ·
-នាយកដ្ឋានគ្រប់គ្រងលទ្ធកម្មរដ្ឋបាលថ្នាក់ក្រោមជាតិ
– នាយកដ្ឋានត្រួតពិនិត្យនិងដោះស្រាយវិវាទ។
អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ
អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើបេសកកម្មគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ។
អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ មានភារកិច្ចរៀបចំសេចក្តីព្រាងច្បាប់ គោលនយោបាយ យុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តនានាទាក់ទងនឹងការគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ គ្រប់គ្រងនិងជំរុញការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់រដ្ឋនៅទូទាំងប្រទេស។
អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ មាននាយកដ្ឋានក្រោមឱវាទចំនួន ៥ ៖
– នាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
– នាយកដ្ឋានចំណូលពីទ្រព្យសម្បត្តិរដ្ឋ
-នាយកដា្ឋនចំណូលសាធារណៈ
-នាយកដ្ឋានសហគ្រាសសាធារណៈ
-នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។
អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើបេសកកម្មអនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ មាននាយកដ្ឋានក្រោមឱវាទចំនួន ៤៖
– នាយកដ្ឋានគ្រប់គ្រងរដ្ឋបាល និងបច្ចេកទេស
-នាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិទី១
-នាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិទី២
-នាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិទី៣។
អគ្គាធិការដ្ឋាន
អគ្គាធិការដ្ឋាន បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើបេសកកម្មធ្វើអធិការកិច្ចហិរញ្ញវត្ថុ លើអនុលោមភាពនិងសមិទ្ធកម្ម នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងទ្រព្យសម្បត្តិរដ្ឋ ដោយប្រើអភិក្រម ផ្អែកលើហានិភ័យ ករណីសង្ស័យ បណ្ដឹងតវ៉ា និងបណ្តឹងបរិហារ។
អគ្គាធិការដ្ឋានមាននាយកដ្ឋានក្រោមឱវាទចំនួន ៤៖
– នាយកដ្ឋានរដ្ឋបាល ផែនការ និងសិក្សាស្រាវជ្រាវបណ្តឹង
-នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុ១
– នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុ២
– នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុទី៣។
អគ្គនាយកដា្ឋនសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គងបំណុល
អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើបេសកកម្មគ្រប់គ្រងហិរញ្ញប្បទានសហប្រតិបត្តិការ និងបំណុលសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព គណនេយ្យភាព។
អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល មានភារកិច្ចរៀបចំ និងចរចាលើរាល់កិច្ចព្រមព្រៀងរបស់រដ្ឋ ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានឥតសំណង ការទទួលហិរញ្ញប្បទានឥតសំណង ការខ្ចីប្រាក់ពីគេ ការឱ្យប្រាក់តេខ្ចី ព្រមទាំងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗទៀត។
អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល មាននាយកដ្ឋានក្រោមឱវាទចំនួន ៥៖
– នាយកដ្ឋានកិច្ចការទូទៅ
-នាយកដ្ឋានសហប្រតិបត្តិការទ្វេភាគី
-នាយកដ្ឋានសហប្រតិបត្តិការពហុភាគី
– នាយកដ្ឋានគ្រប់គ្រងបំណុល
– នាយកដ្ឋានតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោង។
អគ្គនាយកដា្ឋនដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍
អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារតម្រោងអភិវឌ្ឍន៍ មានបេសកកម្មដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គមដោយសារគម្រោងអភិវឌ្ឍន៍នានា។
អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍មាននាយកដ្ឋានក្រោមឱវាទចំនួន ៥៖
-នាយកដ្ឋានកិច្ចការទូទៅ
-នាយកដ្ឋានត្រួតពិនិត្យផ្ទៃក្នុងនិងគ្រប់គ្រងទិន្នន័យ
– នាយកដ្ឋានដោះស្រាយផលប៉ះពាល់ទី១
-នាយកដ្ឋានដោះស្រាយផលប៉ះពាល់ទី២
– នាយកដ្ឋានដោះស្រាយផលប៉ះពាល់ទី៣។
អគ្គនាយកដា្ឋនភាពជាដៃគូរវាងរដ្ឋ និងឯកជន
អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើបេសកកម្ម ក្នុងការទទួលពិនិត្យនិងវាយតម្លៃរាល់សំណើគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងគ្រប់ដំណាក់កាលនៃវដ្តគម្រោង។
អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន មាននាយកដ្ឋានក្រោមឱវាទចំនួន ៣៖
– នាយកដ្ឋានកិច្ចការទូទៅ
– នាយកដ្ឋានអភិវឌ្ឍន៍គម្រោង
– នាយកដ្ឋានប្រគល់ និងត្រួតពិនិត្យគម្រោង។
អគ្គនាយកដា្ឋនសវនកម្មផ្ទៃក្នុង
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង មានបេសកកម្មពង្រឹងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យនិងបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធភាពប្រតិបត្តិការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនាំមុខក្នុងការអភិវឌ្ឍមុខងារសវនកម្មផ្ទៃក្នុងនៅតាមបណ្ដាក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល។
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង មាននាយកដ្ឋានក្រោមឱវាទចំនួន ៤៖
-នាយកដ្ឋានសវនកម្មផ្ទៃក្នុងថ្នាក់កណ្ដាល
-នាយកដ្ឋានសវនកម្មផ្ទៃក្នុងថ្នាក់មូលដ្ឋាន
– នាយកដ្ឋានសវនកម្មបច្ចេកវិទ្យាព័ត៌មាន
-នាយកដ្ឋានបច្ចេកទេសសវនកម្ម។
វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើការងារបណ្តុះបណ្តាល និងវិក្រឹតការសមត្ថភាពមន្ត្រីរាជការ លើមុខជំនាញសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មាននាយកដ្ឋានក្រោមឱវាទចំនួន ៤៖
-នាយកដ្ឋានបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ
-នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ
-នាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឈ
-នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធឌីជីថល ។
អង្គភាពមូលដា្ឋន
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្ត បំពេញមុខងារជាតំណាងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការសម្របសម្រួលនិងគ្រប់គ្រងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអភិបាលហិរញ្ញវត្ថុនៅរាជធានីខេត្ត ដោយធ្វើការសម្របសម្រួល រវាងរដ្ឋបាលថ្នាក់ជាតិផ្សេងទៀតនៅថ្នាក់មូលដ្ឋាន និងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយអង្គភាពថ្នាក់មូលដ្ឋាននិងអង្គភាព ថ្នាក់កណ្តាលទាំងឡាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន។
កាលពីថ្ងៃ ២២ ខែមិថុនា ឆ្នាំ ២០២៣ រដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចបង្កើតនិងបំពេញបន្ថែមអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ស្ថិតនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើបេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា អនុលោមតាមគោលនយោបាយ យុទ្ធសាស្ត្រ ផែនការ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល។
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល មាននាយកដ្ឋានក្រោមឱវាទចំនួន ៣៖
– នាយកដ្ឋានកិច្ចការទូទៅ
– នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល
– នាយកដ្ឋានកម្មវិធីសេដ្ឋកិច្ចឌីជីថល។
នាយកដ្ឋាននីមួយៗនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល មានការិយាល័យក្រោមឱវាទមួយចំនួនតាមការចាំបាច់៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់