Connect with us

ព័ត៌មានជាតិ

មុនរៀនផ្នែកនីតិសាស្ត្រ ត្រូវដឹងអ្វីខ្លះពីជំនាញនេះ?

បានផុស

នៅ

​ជំនាញនីតិសាស្រ្ត ជាមុខវិជ្ជាមួយដែលទាមទារការអានដើម្បីយល់ស៊ីជម្រៅនូវខ្លឹមសារ និងស្រង់យកទិន្នន័យ ឬសង្ខេបធ្វើយ៉ាងណាឱ្យងាយស្រួលក្នុងការយល់ និងពន្យល់បកស្រាយ ពោលគឺបើសិនជាយើងយល់​ថា​មាត្រាណាមួយនិយាយអំពីអ្វី នោះយើងអាចស្រមៃចេញជារូបភាព និងនិមិត្តចេញជាឧទាហរណ៍បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតណាស់ ជំនាញនីតិសាស្រ្ដ ឬច្បាប់នេះ ជាការសិក្សាយ៉ាងទូលាយអំពីទ្រឹស្តី និង ដំណើរការប្រព័ន្ធច្បាប់ ដែលផ្ដោតទៅនឹងលើការសិក្សាស្ដីពីច្បាប់រដ្ឋប្បវេណី និងព្រហ្មទណ្ឌ ជាដើម។ មុខវិជ្ជាសំខាន់ៗ​ដែលត្រូវសិក្សា​នៅក្នុងជំនាញនេះរួមមាន៖ ច្បាប់រដ្ឋធម្មនុញ្ញ, ច្បាប់ពាណិជ្ជកម្ម, ច្បាប់អន្តរជាតិច្បាប់សិទ្ធិមនុស្ស, ច្បាប់ការងារ, ច្បាប់កិច្ចសន្យា, ច្បាប់ធនាគារ, ច្បាប់រៀបចំដែនដីនិងនគរូបនីយកម្ម ជាដើម។

លោក សុខ​ សុវណ្ណ និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច បានលើកឡើងថា ការចាប់យកជំនាញផ្នែកច្បាប់​នេះ ត្រូវតែស្រលាញ់ មានឆន្ទៈខ្ពស់ក្នុងការតស៊ូអត់ធ្មត់រៀននូវមុខវិជ្ជាមួយនេះ ឱ្យទទួលបានជោគជ័យ និងអនុវត្តនូវជំនាញវិជ្ជាជីវៈ។

បើតាមលោក សុវណ្ណ «កត្តាដែលជំរុញឱ្យខ្ញុំចូលរៀនផ្នែកនីតិសាស្រ្ត គឺដើម្បីយុត្តិធម៌ ស​ម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ម្យ៉ាងវិញទៀតគឺចង់ដឹងថាប្រទេសជាតិមួយដំណើរការប្រព័ន្ធច្បាប់យ៉ាងដូចម្ដេច»។

លោក សុខ សុវណ្ណ បានបន្តថា ដើម្បីសម្រេចជោគជ័យនៅក្នុងជំនាញនេះ ត្រូវមានឆន្ទៈក្នុងការបន្តខិតខំសិក្សារៀនសូត្រ ស្រាវជ្រាវ សន្សំបទពិសោធន៍ឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន​។ មិនត្រូវស្រមៃចង់បានលទ្ធផល​លឿនពេកនោះទេ ព្រោះវាអាចធ្វើឱ្យការរំពឹងទុករបស់យើងបរាជ័យ ហើយអាចបំបាក់ទឹកចិត្តសម្រាប់បន្តដំណើរ ទៅមុខជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ជំនាញនីតិសាស្រ្ត អាចបម្រើសការនៅក្នុងវិស័យរដ្ឋ និងឯកជន។ ចំពោះក្នុងស្ថាប័នរដ្ឋ នៅតាមក្រសួងមុខងារនានា ដែលតម្រូវឱ្យមានអ្នកច្បាប់នៅក្នុងស្ថាប័ន ដើម្បីបម្រើផលប្រយោជន៍ទូទៅជូនប្រជាពលរដ្ឋ, ការងារនៅក្នុងជួររដ្ឋាភិបាល, អាចជាធ្វើជាគ្រូបង្រៀនផ្នែកច្បាប់, ការប្រឹក្សាយោបល់ផ្នែកច្បាប់ និងដោះស្រាយវិវាទប្រកប​ដោយតម្លាភាពនិងយុត្តិធម៌។ រីឯវិស័យឯកជន អាចធ្វើការតាមបណ្ដាលក្រុមហ៊ុនមានដូចជា សេវាកម្មជំនួយផ្នែកច្បាប់ និងតាក់តែងលិខិតបទដ្ឋានគតិយុត្តិនានា។ លើសពីនេះទៀត អាចបម្រើការងារក្នុងវិស័យច្បាប់ក្នុងតុលាការ ដូចជា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មេធាវី ជាដើម៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម