ព័ត៌មានជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង សន្យាបន្តលើកទឹកចិត្តក្រុមហ៊ុនកូរ៉េមកវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យបច្ចេកវិទ្យាឌីជីថល
ប្រធានាធិបតីកូរ៉េខាងត្បូង សន្យាបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មកវិនិយោគនៅកម្ពុជា ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ ក្នុងនោះដែរ ក៏សន្យានឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា ផងដែរ។

ការសន្យានេះ បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក យូន ស៊ក យ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីល្ងាចថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
ក្នុងជំនួបនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី ដែលបានផ្ញើសារអបអរសាទរសម្តេចធិបតី នៅពេលត្រូវជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧នេះ។

សម្តេចធិបតី បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះលោកប្រធានាធិបតី ក៏ដូចជាប្រជាជនកូរ៉េផងដែរ ដែលកន្លងមកជាមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជា។ សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមអំពីការបន្តរក្សាគោលនយោបាយ និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ចំពោះប្រជាជន និងប្រទេសកូរ៉េ បើទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ នៅក្នុងរាជរដ្ឋាភិបាលកម្ពុជា ក៏ដោយ។

ជាកិច្ចឆ្លើយតប លោក យូន ស៊ក យ៉ល បានថ្លែងអំណរគុណ និងបានសម្តែងសេចក្តីសោមនស្ស ដែលបានជួបពិភាក្សាជាមួយសម្តេចធិបតី ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ។ លោកប្រធានាធិបតី ក៏បានឆ្លៀតយកឱកាសនេះ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រជាជនកម្ពុជា និងជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានព្យាយាមរក្សា និងពង្រឹងចំណងការទូតជាមួយកូរ៉េ។

លោកប្រធានាធិបតី មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងទទួលបាននូវវឌ្ឍនភាព និងវិបុលភាពកាន់តែល្អប្រសើរថែមទៀត នាពេលអនាគត។ ជាមួយគ្នានេះ លោកប្រធានាធិបតី បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤១ នៅរាជធានីភ្នំពេញ។ ក្នុងនោះ រដ្ឋាភិបាលកូរ៉េ ក៏សូមអរគុណចំពោះកម្ពុជាដែលបានគាំទ្របេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោកឆ្នាំ ២០៣០ នៅទីក្រុងប៊ូសាន ផងដែរ។
ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៅលើវិស័យ ដែលមានសក្តានុពល ដូចជា៖ ការវិនិយោគ, ពាណិជ្ជកម្ម, កសិកម្ម, សុខភាពសាធារណៈ, ការពារជាតិ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណសារជាថ្មីម្តងទៀត ដល់ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េ ចំពោះពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការងារនៅកូរ៉េ។
ចំណែកលោកប្រធានាធិបតីកូរ៉េ បានសន្យានឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។
ជាចុងក្រោយ ថ្នាក់ដឹកនាំទាំងពីរបានបញ្ចប់ជំនួបនេះ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងរីករាយ ហើយ សម្តេចធិបតី បានបញ្ជាក់បន្ថែមអំពីបំណងរបស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកូរ៉េឲ្យក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ