ព័ត៌មានជាតិ
ឥស្សរជនស្ត្រី៤រូបនេះ ៣រូបជារដ្ឋមន្ត្រី និង១រូប ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីក្នុងអាណត្តិថ្មីនេះ
រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មីនេះ បានរក្សាតំណែងស្ត្រីជារដ្ឋមន្ត្រីចំនួន៣ក្រសួងដដែល ក៏ប៉ុន្តែ មិនមានឥស្សរជនស្ត្រីកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីឡើយ បើធៀបនឹងសមាសភាពរាជរដ្ឋាភិបាលអាណត្តិមុនៗ។ តែយ៉ាងណា ឥស្សរជនស្ត្រីមួយរូបថែមទៀត ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ តើឥស្សរជនស្ត្រី ដែលមានឋានៈជារដ្ឋមន្ត្រីទាំង៤រូប ជានរណា?

១/ លោកស្រី អ៊ឹង កន្ថាផាវី
លោកស្រី អ៊ឹង កន្ថាផាវី ត្រូវបានថ្នាក់ដឹកនាំផ្ដល់សេចក្ដីទុកចិត្តឱ្យបន្តកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី សម្រាប់អាណត្តិរាជរដ្ឋាភិបាលថ្មីនេះ។ លោកស្រី អ៊ឹង កន្ថាផាវី គឺជាអ្នកនយោបាយស្ត្រីជួរមុខរបស់គណបក្សប្រជាជនកម្ពុជា ដែលបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចាប់តាំងពីឆ្នាំ២០០៤ ក្នុងអាណត្តិទី៣ រហូតមកដល់អាណត្តិទី៧ ឆ្នាំ២០២៣នេះ ពោលគឺលោកស្រីធ្វើជារដ្ឋមន្ត្រីនេះ មានរយៈពេលជាតិ២០ឆ្នាំមកហើយ។
រដ្ឋមន្ត្រីក្រសួងកិច្ចការនារីរូបនេះ ទទួលបានការសិក្សាអប់រំមកពីប្រទេសបារាំង ដោយបានបញ្ចប់ការសិក្សាសញ្ញាបត្រវេជ្ជបណ្ឌិតផ្នែកឱសថសាស្ត្រ នៅសាកលវិទ្យាល័យមួយ នៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈលោកស្រី ក៏ធ្លាប់បានបម្រើការងារជាច្រើនជាអ្នកស្រាវជ្រាវឱសថ នៅសហគ្រាសបារាំង។

២/ លោកស្រី ភឿង សកុណា
លោកស្រី ភឿង សកុណា ជារដ្ឋមន្ត្រីស្ត្រីទី២ ដែលនៅបន្តតំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់សមាសភាពរាជរដ្ឋាភិបាលបន្តវេនរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ លោកស្រី ភឿង សកុណា ត្រូវបានគណបក្សប្រជាជនកម្ពុជា ជ្រើសឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាំងពីឆ្នាំ២០១៣ ក្រោយការបោះឆ្នោតសកល អាណត្តិទី៥។ មុនក្លាយជារដ្ឋមន្ត្រី លោកស្រីមានតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំ និងធ្លាប់ធ្វើជានាយិកាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ខណៈការងារដំបូងរបស់លោកស្រី ជាមន្ត្រីទទួលខុសត្រូវផ្នែកបទដ្ឋានឧស្សាហកម្មធុនស្រាល នៅក្រសួងឧស្សាហកម្ម។
រដ្ឋមន្ត្រីក្រសួងវប្បធម៌រូបនេះ ជាអតីតនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅអតីតសហភាពសូវៀត រយៈពេល៦ឆ្នាំ ផ្នែកវិស្វករគីមីឧស្សាហកម្ម និងបានបន្តការសិក្សាសញ្ញាបត្របណ្ឌិតផ្នែកសុវត្ថិភាពចំណីអាហារ នៅប្រទេសបារាំង។

៣/ លោកស្រី ចម និម្មល
លោកស្រី ចម និម្មល គឺជារដ្ឋមន្ត្រីថ្មីថ្មោងនៃរាជរដ្ឋាភិបាលអាណត្តិថ្មី ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយលោកស្រី ត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ផ្ដល់សេចក្ដីទុកចិត្ត និងជ្រើសឱ្យធ្វើជារដ្ឋមន្ត្រីបន្តវេននៃក្រសួងពាណិជ្ជកម្ម។ មុនក្លាយជារដ្ឋមន្ត្រីថ្មីក្រសួងពាណិជ្ជកម្ម នៅពេលនេះ លោកស្រី ចម និម្មល បានបម្រើការងារនៅក្រសួងនេះប្រមាណជាង២០ឆ្នាំឯណោះ ហើយទទួលបានការតែងតាំងតួនាទីជាបន្តបន្ទាប់។
យោងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅ លោកស្រី ក៏បានជាប់ឆ្នោតជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកំពតផងដែរ ប៉ុន្តែ តួនាទីនេះ ត្រូវបានលាលែងវិញ ក្រោយលោកស្រីមកបំពេញកិច្ចការក្នុងជួររាជរដ្ឋាភិបាល។ រដ្ឋមន្ត្រីពាណិជ្ជកម្ម វ័យ៤៣ឆ្នាំរូបនេះ ជាបញ្ញវន្តខ្មែរមួយរូបដែលបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក លើមុខជំនាញសេដ្ឋកិច្ចអន្តរជាតិ និងវិទ្យាសាស្ត្រសង្គម។

៤/ លោកស្រី កុយ ពិសី
លោកស្រី កុយ ពិសី គឺជាឥស្សរជនស្រ្តីតែម្នាក់គត់ ដែលមានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក្នុងចំណោមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីប្រមាណ៣០រូប សម្រាប់អាណត្តិទី៧នេះ។ ក្នុងតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកស្រី កុយ ពិសី ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចលើកិច្ចការព្រំដែន និងទេសចរណ៍។ ការប្រគល់ភារកិច្ចឱ្យជួយនាយករដ្ឋមន្ត្រីលើកិច្ចការព្រំដែន និងទេសចរណ៍ ពេលនេះ ដោយហេតុថា លោកស្រី កុយ ពិសី ធ្លាប់បានបំពេញការងារទាំងពីរនេះដោយផ្ទាល់ កាលពីអាណត្តិមុនៗ ពោលគឺមុនក្លាយជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គឺលោកស្រី ធ្វើជាអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍។

លោកស្រី កុយ ពិសី គឺជាស្ត្រីខ្មែរមួយរូប ដែលបានចំណាយពេលជាង២៦ឆ្នាំ លើកិច្ចការព្រំដែនកម្ពុជា ដោយចាប់ផ្ដើមបេសកកម្មនេះតាំងពីដើមឆ្នាំ១៩៩៦ ដោយលោកស្រី កាន់ជាអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងឆ្នាំ២០១២។ លោកស្រី បានបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសញ្ញាបត្របណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ