ព័ត៌មានជាតិ
ថ្នាក់ដឹកនាំកម្ពុជា-គុយបា ប្ដេជ្ញាបន្តពង្រឹងកិច្ច សហប្រត្តិការល្អរវាងប្រទេសទាំងពីរ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស ប្រធានាធិបតីនៃគុយបា បានបន្តប្ដេជ្ញាពង្រឹងកិច្ចសហប្រត្តិការល្អនៅក្នុងវិស័យដែលមានស្រាប់ ព្រមជាមួយនឹងទិសដៅក្នុងពង្រីកបន្ថែមនៅក្នុងវិស័យសក្តានុពលផ្សេងទៀត។ ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងក្នុងជំនួបការងារតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំកំពូលទាំងពីរ កាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។

ជំនួបពិភាក្សាការងារតាមទូរស័ព្ទនេះសោតទៀត ស្របពេលដែលចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងលើកកម្ពស់ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការជួបពិភាក្សាការងារជាញឹកញាប់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ប្រធានាធិបតីគុយបា បានសម្តែងការអបអរសាទរចំពោះសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជា និងបានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។

ក្នុងជំនួបនេះ លោកប្រធានាធិបតី ក៏បានគូសបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយផ្អែកលើទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ និងអំពីការបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាពហុភាគីនានា។ ទន្ទឹមគ្នានេះ លោកប្រធានាធិបតី ក៏បានរំឭកអនុស្សាវរីយ៍ល្អៗក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ នៅសាធារណរដ្ឋគុយបា កាលពីខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវបានចាត់ទុកថា ជាឆ្នាំដ៏សំខាន់នៃការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចស្តែងឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យជាច្រើន ដូចជា កសិកម្ម, សុខាភិបាល, អប់រំ និងកីឡា ជាដើម។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការផ្តួចផ្តើមឱ្យមានជំនួបតាមទូរស័ព្ទពេលនេះ ហើយសម្ដេច បានអបអរសាទរ និងបានជម្រាបជូនលោកប្រធានាធិបតីផងដែរ នូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ។ បន្ថែមលើទំនាក់ទំនងប្រវត្តិសាស្ត្រល្អៗ សម្តេចធិបតី បានសម្តែងការអរគុណចំពោះជំនួយឧបត្ថម្ភ និងការគាំទ្ររបស់គុយបា ក្នុងអំឡុងពេលដែលកម្ពុជាជួបប្រទះនូវការលំបាកបំផុត ជាពិសេសនៅក្រោយថ្ងៃរំដោះចេញពីរបបខ្មែរក្រហម ដែលទាំងអស់នេះពិតជាបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងប្រកបដោយសាមគ្គីភាព និងមិត្តភាពដ៏រឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរ។

ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី បានអះអាងអំពីស្មារតីនៃការបន្ត និងពង្រឹងកិច្ចសហប្រត្តិការល្អនៅក្នុងវិស័យដែលមានស្រាប់ ព្រមជាមួយនឹងទិសដៅក្នុងពង្រីកបន្ថែម នៅក្នុងវិស័យសក្តានុពលផ្សេងៗទៀត។ ក្នុងន័យនេះ សម្តេចធិបតី បានគាំទ្រ និងជំរុញឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ដែលត្រូវបានចុះហត្ថលេខារួចឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ឆ្លៀតឱកាសនោះ ប្រធានាធិបតីគុយបា បានអញ្ជើញសម្តេចធិបតី ធ្វើទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា នៅក្នុងពេលសមស្របណាមួយ។ ជាការឆ្លើយតបនឹងការអញ្ជើញ សម្តេចធិបតី បានអំណរគុណ និងបញ្ជាក់ថា ប្រទេសគុយបា ជាប្រទេសដែលសម្តេចធិបតី មានបំណងចង់អញ្ជើញទៅ ហើយសម្តេចធិបតី នឹងកំណត់ពេលវេលាសមស្របណាមួយ ក្នុងពេលឆាប់ខាងមុខ៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?