ព័ត៌មានជាតិ
ប្រតិភូអាជ្ញាធរទន្លេសាប ចុះពិនិត្យស្ថានភាពបឹងទន្លេសាបក្នុងរដូវហាមឃាត់នេសាទ
លោក ហ៊ែល តូនី អនុប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំមន្រ្តីជំនាញក្រោមឱវាទអាជ្ញាធរទន្លេសាប ចុះពិនិត្យស្ថានភាពបង្គោលតំបន់៣ ការពារព្រៃលិចទឹក និងសិក្សាស្វែងយល់ពីស្ថានភាពទូទៅនៃបឹងទន្លេសាបក្នុងរដូវហាមឃាត់ការនេសាទ ស្ថិតភូមិសាស្រ្តខេត្តកំពង់ឆ្នាំង និងកំពង់ធំ។

ការចុះពិនិត្យនេះ ធ្វើឡើងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៣ បន្ទាប់ពីទទួលបានការណែនាំរបស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប។ ការចុះពិនិត្យរបស់ប្រតិភូនៃអាជ្ញាធរទន្លេសាបពេលនេះ គឺបានផ្តោតលើការពិនិត្យពីស្ថានភាពកម្រិតទឹកបឹងទន្លេសាប និងវាលទំនាបព្រៃលិចទឹក ពិនិត្យស្ថានភាពដែនព្រៃលិចទឹកក្នុងតំបន់៣ តំបន់បានកាត់ឆ្វៀលចេញទុកសម្រាប់លំនៅដ្ឋាន និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ និងពិនិត្យមើលស្ថានភាពលើផ្ទៃទឹកបឹងក្នុងរដូវហាមឃាត់។
ទន្ទឹមនេះ ប្រតិភូអាជ្ញាធរទន្លេសាប ក៏បានជួបពិភាក្សាជាមួយអាជ្ញាធរដែនដី និងសហគមន៍ អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពឹងអាស្រ័យធនធានបឹងទន្លេសាប រួមជាមួយបញ្ហាប្រឈម តម្រូវការលើដំណោះស្រាយនៃការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់ឆ្វៀលដីទុកជាលំនៅដ្ឋាន តំបន់អាស្រ័យផល និងតំបន់ការពារ។ ភូមិសាស្ត្រ ដែលអាជ្ញាធរទន្លេសាប បានចុះពិនិត្យក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ឃុំឆ្នុកទ្រូ ឃុំចក និងឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជាមួយនឹងសកម្មភាពចុះនៅតំបន់ពាក់ព័ន្ធខាងលើ ជាលទ្ធផលអាជ្ញាធរទន្លេសាប រកឃើញថា ទឹកបានឡើងលិចតំបន់ព្រៃលិចទឹក (តំបន់៣) ប្រមាណជា ៣០% ទៅ ៤០% ហើយកម្រិតកម្ពស់ទឹកមានសភាពទាប បើធៀបនឹងកម្រិតកម្ពស់ទឹក ក្នុងខែកញ្ញា ឆ្នាំ២០២២ ខណៈអាជ្ញាធរដែនដី សហគមន៍ និងប្រជាពលរដ្ឋ ដែលបាននិងកំពុងតាំងទីលំនៅ និងអាស្រ័យផលក្នុងតំបន់ហាមឃាត់ (តំបន់៣) បានសាទរ និងអរគុណជាអនេកប្បការក្នុងការដោះស្រាយគោនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរចំពោះប្រជាពលរដ្ឋរស់នៅក្នុងតំបន់បឹងទន្លេសាប។

ចំពោះបទល្មើសនៅលើផ្ទៃបឹងទន្លេសាបក្នុងរដូវហាមឃាត់នៅតាមតំបន់ព្រៃទំនាបលិចទឹកក្នុងតំបន់ខាងលើ ត្រូវបានកាត់បន្ថយ បើធៀបនឹងរដូវកាលឆ្នាំកន្លងទៅ ហើយចំពោះទិដ្ឋភាពដីនៅក្រោមបង្គោលព្រំតំបន់៣ ស្ថិតក្នុងទីតាំងមួយចំនួន នៃស្រុកបរិបូរណ៍ ប្រជាពលរដ្ឋនៅតែបន្តអាស្រ័យផលក្នុងតំបន់ហាមឃាត់ជាដែនដីព្រៃលិចទឹក។ ក្នុងនោះដែរ អាជ្ញាធរទន្លេសាប រកឃើញថា ជីវភាពរបស់ប្រជាពលរដ្ឋពឹងអាស្រ័យជាចម្បងរបរនេសាទ និងធ្វើស្រែចំការនៅលើដីអាស្រ័យ ផល ហើយក៏មានការរីករាយជាមួយទិន្នផល និងតម្លៃស្រូវក្នុងរដូវប្រមូលផលឆ្នាំនេះ។
តែយ៉ាងណាមិញ អាជ្ញាធរដែនដី និងសហគមន៍ ក៏បានលើកឡើងបញ្ហាប្រឈមមួយចំនួន និងសំណូមពរឱ្យក្រុមប្រតិភូរបស់អាជ្ញាធរទន្លេសាប ជួយសម្របសម្រួលជាមួយក្រសួងស្ថាប័នជំនាញថ្នាក់ជាតិ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ជួយពន្លឿននូវការស្នើសុំរបស់អាជ្ញាធរ និងប្រជាពលរដ្ឋនៃឃុំផ្លូវទូក និងឃុំផាត់សណ្តាយ ពាក់ព័ន្ធនឹងតំបន់កាត់ឆ្វៀលសម្រាប់លំនៅដ្ឋាន និងទីតាំងអាស្រ័យផល បើទោះបីជាត្រូវបានកំណត់ និងអនុម័តក្នុងអនុក្រឹត្យរួចហើយក៏ដោយ ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ