Connect with us

ព័ត៌មានជាតិ

ស្វែងយល់ពី​ដំណើរការ​​ក្រសួង​ពាណិជ្ជកម្ម​ ដឹកនាំ​ដោយ​​​កូនស្រី​អតីត​រដ្ឋមន្រ្តី​​ក្រសួង​ឧស្សាហកម្ម

បានផុស

នៅ

លោក​ស្រី​ ចម និម្មល​ ​ទទួល​បាន​ការ​តែងតាំង​ជា​រដ្ឋមន្រ្តី​​ក្រសួង​ពាណិជ្ជកម្ម​សម្រាប់​រដ្ឋាភិបាល​នីតិកាលទី ៧។ ​រដ្ឋមន្រ្តី​​ក្រសួង​ពាណិជ្ជកម្ម​​ថ្មី​រូប​នេះ​គឺ​ជា​កូនស្រី​លោក ចម ប្រសិទ្ធិ អតីត​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និង​នវានុវត្តន៍។

ឪពុក​របស់​លោក​ស្រី​ ​ក៏​ធ្លាប់​ដឹកនាំ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ មុនផ្ទេរ​ទៅ​កាន់​តំណែងជា​​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម

តើក្រសួង​ពាណិជ្ជកម្ម​ក្រោមការ​ដឹកនាំ​ដោយ​រដ្ឋមន្រ្តី​ថ្មី​ជាស្រ្តី​រូប​នេះ​​ មាន​ដំណើរការ​និង​​​រចនាសម្ព័ន្ធ​គ្រប់គ្រង​យ៉ាងណា​ខ្លះ?

ក្រសួងពាណិជ្ជកម្ម បំពេញមុខងារជាសេនាធិការឱ្យរាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ គ្រប់គ្រង និងសម្របសម្រួល​រាល់​សកម្មភាពវិស័យពាណិជ្ជកម្ម ធានានូវគុណភាព ប្រសិទ្ធភាពការងារ​ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គភាពក្រៅប្រទេស សហគ្រាសសាធារណៈ ក្នុងការ​លើកតម្កើង​ជីវភាពរស់នៅរបស់ប្រជាជន​លើគោលនយោបាយ សេដ្ឋកិច្ច ទីផ្សារសេរី ដោយគ្របដណ្តប់​លើវិស័យពាណិជ្ជកម្ម​នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងពាណិជ្ជកម្ម មានមុខងារនិងភារកិច្ចដូចតទៅ៖

– ដឹកនាំ គ្រប់គ្រង សម្របសម្រួល និងត្រួតពិនិត្យគោល​នយោបាយ​ពាណិជ្ជកម្មក្នុងនិង​ក្រៅប្រទេស – ស្រាវជ្រាវ រៀបចំ និងកសាងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រលើវិស័យពាណិជ្ជកម្ម
– កំណត់សន្និធិទំនិញ​យុទ្ធសាស្ត្រនិងទំនិញ​ចាំបាច់មួយចំនួនទៀត
– រក្សាស្ថិរភាពថ្លៃ​ទំនិញនិងធ្វើកិច្ចអន្តរាគមន៍នៅលើ​ទីផ្សារ ពិសេសចំពោះ​មុខទំនិញជាយុទ្ធសាស្ត្រ
– ពង្រឹងការអភិវឌ្ឍវិស័យឯកជន ធានាសេរីភាព បច្ចេកទេសដល់​សភាពាណិជ្ជកម្មកម្ពុជា​និង​​​សមធម៌នៃការធ្វើពាណិជ្ជកម្ម​ធ្វើជាអាណាព្យាបាល
– រៀបចំសេចក្តីព្រាងច្បាប់​និងលិខិតបទដ្ឋានគតិយុត្ត​ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម បទប្បញ្ញត្តិ​ពាណិជ្ជកម្ម និង គ្រប់គ្រងមជ្ឈមណ្ឌល​តម្កល់ឯកសារ និងព័ត៌មាន​ពាណិជ្ជកម្ម
– គ្រប់គ្រងការតម្កល់លិខិត​ជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា
– ស្រាវជ្រាវនិងអភិវឌ្ឍទីផ្សារ​ក្នុងស្រុក​និងក្រៅប្រទេស
– ធ្វើពិពិធកម្មទីផ្សារនិងទំនិញនាំចេញ បង្កើន​ល្បឿន​សមាហរណកម្ម​ទៅក្នុងក្របខ័ណ្ឌ​ពាណិជ្ជកម្ម​សេរី​សំខាន់ៗក្នុងតំបន់និងពិភពលោក និងជំរុញឱ្យមានតុល្យភាពជញ្ជីងពាណិជ្ជកម្ម
– រៀបចំ និងចូលរួមពិព័រណ៍ពិភពលោក​និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ
– សម្របសម្រួលការងារការិយាល័យ​ពិព័រណ៍អន្តរជាតិនិងជាលេខាធិការដ្ឋាន​នៃគណៈកម្មការអន្តរ​ក្រសួង ដើម្បីរៀបចំ​ចូលរួមពិព័រណ៍ពិភពលោក​និងពិព័រណ៍ពាណិជ្ជកម្ម​អន្ដរជាតិ
– ជំរុញនិងអភិវឌ្ឍការធ្វើពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក
– គ្រប់គ្រងនិងចេញលិខិតអនុញ្ញាតប្រកប​អាជីវកម្មសម្រាប់​រូបវន្តបុគ្គលឬចេញ​អាជ្ញាបណ្ណ​ឱ្យ​ប្រតិបត្តិការ​ផ្តល់សេវាពាណិជ្ជកម្ម​សម្រាប់​នីតិបុគ្គល
– គ្រប់គ្រងការចុះបញ្ជី​ពាណិជ្ជកម្មនិងតាមដាន​សកម្មភាពពាណិជ្ជកម្ម
– គ្រប់គ្រង ដឹកនាំ ត្រួតពិនិត្យពាណិជ្ជកម្ម​ក្រៅប្រទេស និង​អនុវត្តបទប្បញ្ញត្តិ​នៃប្រព័ន្ធអនុ​គ្រោះពាណិជ្ជកម្ម នានានិងភាពអនុគ្រោះក្រោមតំបន់ពាណិជ្ជកម្មសេរីនិងទ្វេភាគី ផ្តល់​អាជ្ញាបណ្ណនិងវិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើតទំនិញ
– គ្រប់គ្រងនិងផ្ដល់កិច្ចការពារម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ម៉ាក​សម្គាល់ ភូមិសាស្ត្រទំនិញ ម៉ាកសមូហភាព ម៉ាកវិញ្ញាតកម្ម និងការសម្ងាត់ពាណិជ្ជកម្ម
– ធ្វើសហប្រតិបត្តិការ និងធ្វើសមាហរណកម្ម​សេដ្ឋកិច្ចពាណិជ្ជកម្ម ជាមួយសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និងជាមួយបណ្តាប្រទេស ព្រមទាំងអង្គការអន្តរជាតិនានា
– ធ្វើជាមជ្ឈមណ្ឌលសម្របសម្រួលទទួលនិង​ផ្ដល់ព័ត៌មានទាក់ទងនឹង​វិស័យពាណិជ្ជកម្ម សេវាកម្ម និង ត្រួតពិនិត្យឡើងវិញនូវគោលនយោបាយ​ពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រកម្ពុជា
-ត្រួតពិនិត្យគុណភាព សុវត្ថិភាព អនុលោមភាព និងបង្ក្រាបការក្លែងបន្លំ​លើផលិតផល​ទំនិញ​និងសេវា​ក្នុងសមត្ថកិច្ចរបស់ខ្លួន និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ
– ធ្វើប្រតិវេទន៍ជាមុនលើផលិតផលទំនិញ ដែលប៉ះពាល់សុខភាពនិង​សុវត្ថិភាពអ្នកប្រើប្រាស់ ចុះ​បញ្ជី ផលិតផល និង​ធ្វើវិញ្ញាបនបត្រផលិតផល​ផ្សេងទៀតតាមការចាំបាច់ក្នុងសមត្ថកិច្ចរបស់ខ្លួន
– ទទួលពិនិត្យនិងដោះស្រាយបណ្ដឹងពីបុគ្គលពាក់ព័ន្ធក្នុងក្របខ័ណ្ឌការពារអ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និងកិច្ចការពាក់ព័ន្ធនឹងគុណភាពសុវត្ថិភាព និង​អនុលោមភាព​ផលិតផលទំនិញ ក្នុង​សមត្ថកិច្ច​របស់ខ្លួន
– ចូលរួមនិងអនុវត្តកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌជាតិ អន្តរជាតិ លើវិស័យការពារ​អ្នក​ប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងកិច្ចការពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព និងអនុលោមភាព​ផលិតផល​ទំនិញ ក្នុងសមត្ថកិច្ចរបស់ខ្លួន
– អនុវត្តកម្មវិធីផ្សព្វផ្សាយ ផ្តល់ព័ត៌មាន អប់រំ និងលើកកម្ពស់ការយល់ដឹង​ជូនអ្នកប្រើប្រាស់​និង​ភាគីពាក់ព័ន្ធ
– គ្រប់គ្រងមន្ទីរពិសោធន៍របស់ក្រសួងពាណិជ្ជកម្ម
– ជាចំណុចទំនាក់ទំនងនិងជាលេខាធិការដ្ឋានក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ កិច្ចការ​កូដិច កិច្ចការ ផលិតផល​ហាឡាល កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង​កិច្ចការទំនាក់ទំនង​ជាតិសម្រាប់ទទួលនិងផ្តល់ព័ត៌មានពីសុវត្ថិភាពម្ហូបអាហារ
– អនុវត្តភារកិច្ចផ្សេងៗទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។

ការ​បែងចែក​រចនាសម្ព័ន្ធ​ការងារ​នៅ​ក្រសួងពាណិជ្ជកម្ម៖

ក. អង្គភាពថ្នាក់ជាតិ

១. ខុទ្ទកាល័យរដ្ឋមន្តី
២. អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
៣. អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្ដរជាតិ
៤. អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស
៥. អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម
៦. អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម
៧. អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ
៨. អគ្គាធិការដ្ឋាន
៩. នាយកដ្ឋានសវនកម្មផ្ទៃក្នុង
១០. សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ
១១. តំណាងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស

ខ. អង្គភាពក្រៅប្រទេស

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា​ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក​ និង​អង្គការ​អន្តរជាតិពាក់ព័ន្ធនឹង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីស។

គ. សហគ្រាសសាធារណៈ

– ក្រុមហ៊ុនហ្គ្រីនត្រេដ

ឃ. អង្គភាពថ្នាក់ក្រោមជាតិ

– មន្ទីរពាណិជ្ជកម្មរាជធានី​ខេត្ត

ខុទ្ទកាល័យរដ្ឋមន្រ្តី

ខុទ្ទកាល័យរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មទាំងឡាយ ដែលមានកំណត់ក្នុងអនុក្រឹត្យលេខ១១ អនក្រ.បក ចុះ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិង​ការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន និង​អនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំ​និងការប្រព្រឹត្តទៅ​របស់​ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន។

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ មានតួនាទីនិងភារកិច្ចដឹកនាំ គ្រប់គ្រង និង​សម្របសម្រួល​កិច្ចការរដ្ឋបាល ធនធានមនុស្ស ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរដ្ឋ បដិសណ្ឋារកិច្ច ការងារសន្តិសុខផ្ទៃក្នុង និង​សម្របសម្រួលការងារទូទៅ ជាមួយបណ្តាក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល។

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ មាននាយកដ្ឋានចំនួន៣(បី) និងវិទ្យាស្ថានចំនួន១(មួយ)៖

-នាយកដ្ឋាន​រដ្ឋបាល
-នាយកដ្ឋាន​បុគ្គលិក
-នាយកដ្ឋាន​គណនេយ្យ​និង​ហិរញ្ញវត្ថុ
-វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម​និង​ស្រាវជ្រាវ

អគ្គនាយកដា្ឋនពាណិជ្ជកម្មអន្តរជាតិ

អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តជាតិ មានតួនាទីនិងភារកិច្ចស្រាវជ្រាវរៀបចំ​គោលនយោបាយ និង​ផែនការ យុទ្ធសាស្ត្រពាណ​ជ្ជកម្មក្រៅប្រទេស ចរចាបើកច្រកទីផ្សារ ធ្វើ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសនៅ​ក្នុងតំបន់និង​អនុតំបន់ ធ្វើសមាហរណកម្ម​សេដ្ឋកិច្ចពាណិជ្ជកម្ម​ជាមួយសមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍និងបណ្ដា​ប្រទេសក្នុងទ្វីបនានា សម្របសម្រួល​និង​ចូលរួម​ដោះស្រាយ​វិវាទពាណិជ្ជកម្មអន្តរជាតិ សម្របសម្រួលជំនួយនិងជំរុញការ អនុវត្ត​កាតព្វកិច្ចរបស់​កម្ពុជា ជាមួយអង្គការពាណិជ្ជកម្មពិភពលោក ជាមួយអាស៊ាន និងតំបន់ពាណិជ្ជកម្មសេរីដទៃទៀត។

អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ មាននាយកដ្ឋានចំនួន៥(ប្រាំ)៖

-នាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក
-នាយកដ្ឋាន​អឺរ៉ុប មជ្ឍឹម​បូព៌ា និង​អាហ្វ្រិក
-នាយកដ្ឋាន​អាមេរិក
-នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ
-នាយកដ្ឋាន​ផ្តល់​ព័ត៌មាន​និង​ផ្ទៀងផ្ទាត់​ច្បាប់

អគ្គនាយកដា្ឋនពាណិជ្ជកម្មក្នុងប្រទេស

អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស មានតួនាទីនិងភារកិច្ចស្រាវជ្រាវ រៀបចំគោលនយោបាយ ផែនការ យុទ្ធសាស្រ្តពាណិជ្ជកម្មក្នុងប្រទេស ប្រមូល ចងក្រង វិភាគ និង​ផ្សព្វផ្សាយ​ស្ថិតិនិង​ព័ត៌មាន​ពាណិជ្ជកម្ម កំណត់អំពី​សន្និធិទំនិញយុទ្ធសាស្ត្រនិងទំនិញចាំបាច់ ត្រួតពិនិត្យស្តុកទំនិញ​យុទ្ធសាស្ត្រ តាមដាន​ថ្លៃទំនិញ​និងដំណើរការទីផ្សារ គ្រប់គ្រង​និងអភិវឌ្ឍបណ្តាញព័ត៌មានវិទ្យា​និងគេហទំព័រ តាក់តែង​ច្បាប់ បទប្បញ្ញត្តិពាណិជ្ជកម្ម សម្របសម្រួល ពាណិជ្ជកម្មជាមួយវិស័យឯកជន និង​ជាសេនាធិការរបស់ក្រសួង​ដែលជា​អាណាព្យាបាលបច្ចេកទេស​សភាពាណិជ្ជកម្ម​សមាគម​ពាណិជ្ជកម្ម សមាគមអាជីវកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា និង​គណៈកម្មការ​ជាតិ​ជំរុញ​និង​អភិវឌ្ឍ​វិស័យ​សូគ្រកម្ពុជា។

អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស មាននាយកដ្ឋានចំនួន៣(បី)​៖

-នាយកដ្ឋាន​នីតិកម្ម
-នាយកដ្ឋាន​អភិវឌ្ឍ​វិស័យ​ឯកជន
-នាយកដ្ឋាន​ផែនការ ស្ថិតិ និង​ព័ត៌មាន​ពាណិជ្ជកម្ម

អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម

អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម មានតួនាទីនិងភារកិច្ចស្រាវជ្រាវ រៀបចំ គោលនយោបាយ​និង​យុទ្ធសាស្ត្រផ្តល់ សេវាសាធារណៈពាក់ព័ន្ធវិស័យពាណិជ្ជកម្ម គ្រប់គ្រង កាន់កាប់​ការចុះបញ្ជី​ពាណិជ្ជកម្ម​និងសហគ្រាសពាណិជ្ជកម្ម ការចុះបញ្ជីម៉ាក ពាណិជ្ជនាម និង​អំពើនៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ គ្រប់គ្រងនិងអនុវត្តបទប្បញ្ញត្តិនៃការផ្ដល់ ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានា ចំណុច​ទំនាក់ទំនង​នៃអង្គការគីមប័រលី គ្រប់គ្រងការចេញអាជ្ញាបណ្ណ នាំចេញ នាំចូល ទំនិញ និងការ​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់ដើមកំណើតទំនិញ និងគ្រប់គ្រងតំណាងក្រសួងពាណិជ្ជកម្មប្រចាំនៅរដ្ឋបាល តំបន់សេដ្ឋកិច្ចពិសេស។

អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម មាននាយកដ្ឋានចំនួន៣(បី)៖

-នាយកដ្ឋាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម
-នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា
-នាយកដ្ឋាន​នាំ​ចេញ​នាំ​ចូល

អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម

អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម មានតួនាទីនិងភារកិច្ចរៀបចំ កសាងគោលនយោបាយ​និងផែនការ​យុទ្ធសាស្ត ពាណិជ្ជកម្ម ស្វែងរកទីផ្សារ លើកកម្ពស់ផលិតផលជាតិ ជំរុញការនាំចេញ​ផលិតផល​និងសេវាកម្ម សម្របសម្រួលរាល់​ការ​តាំង​ពិព័រណ៍​ ជាលេខាធិការដ្ឋាន​នៃគណៈកម្មាធិការ​អន្តរក្រសួង​ក្នុងការ​រៀបចំ​ពិព័រណ៍​ពិភពលោក​និង​អន្តរជាតិ និង​សម្របសម្រួល​ការងារ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ជំរុញចលនាភូមិ​មួយផលិតផលមួយ។

អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម មាននាយកដ្ឋានចំនួន៣(បី)៖

-នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍​
-នាយកដ្ឋាន​អភិវឌ្ឍ​ទីផ្សារ
-នាយកដ្ឋាន​គោលនយោបាយ​ពាណិជ្ជកម្ម

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មានតួនាទីនិង​ភារកិច្ច ស្រាវជ្រាវ រៀបចំ កសាង​គោលនយោបាយ​និង​ផែនការយុទ្ធសាស្រ្តពាក់ព័ន្ធនឹង​គុណភាព សុវត្ថិភាព​លើ​ផលិតផល ទំនិញនិងសេវា ការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ត្រួតពិនិត្យ​ទំនិញនិង​សេវាក្នុងសមត្ថកិច្ចរបស់ខ្លួននិង កិច្ចសហប្រតិបត្តិការជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ទប់ស្កាត់​និងបង្ក្រាប​ការ​ក្លែងបន្លំ​ពាណិជ្ជកម្ម ​ចំពោះការព្រមព្រៀងដែល​រិតត្បិត រារាំង ឬ​បង្ខូច​ដល់ការ​ប្រកួតប្រជែង ធានាគុណភាព សុវត្ថិភាព និងអនុលោមភាព នៃផលិតផលទំនិញនិងសេវា ទីផ្សារប្រកួតប្រជែងនិងការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងគ្រប់គ្រង សាខាកាពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មាននាយកដ្ឋានចំនួន៦ (ប្រាំមួយ)៖

-នាយកដ្ឋាន​កិច្ចការ​ទូទៅ និង​ទំនាក់ទំនង​សាធារណៈ
-នាយកដ្ឋាន​កិច្ចការ​បច្ចេកទេស
-នាយកដ្ឋាន​កិច្ច​ការពារ​អ្នក​ប្រើប្រាស់
-នាយកដ្ឋាន​មន្ទីរ​ពិសោធន៍
-នាយកដ្ឋាន​កិច្ចការ​ប្រកួតប្រជែង
-នាយកដ្ឋាន​កិច្ចការ​ហាឡាល

អគ្គាធិការដ្ឋាន

អគ្គាធិការដ្ឋានបំពេញមុខងារជាសេនាធិការឱ្យក្រសួង​ពាណិជ្ជកម្មក្នុងបេសកកម្ម​ធ្វើអធិការកិច្ចលើ​ការងារ​បច្ចេកទេស ការងាររដ្ឋបាល និងហិរញ្ញវត្ថុ និងការងារគ្រប់គ្រងបុគ្គលិក និង​មន្ត្រីរាជការ។

អគ្គាធិការដ្ឋានមាននាយកដ្ឋានចំនួន២(ពីរ)៖

-នាយកដ្ឋាន​អធិការ​កិច្ច​រដ្ឋបាល​ និង​ទទួល​ពាក្យ​បណ្តឹង
-នាយកដ្ឋាន​អធិការកិច្ច​បច្ចេកទេស

នាយកដ្ឋានសវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុងបំពេញមុខងារ​ទទួលបន្ទុកអនុវត្តភារកិច្ច​តាមអនុក្រឹត្យលេខ ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសវនកម្មផ្ទៃក្នុង នៅតាម​បណ្តាក្រសួង ស្ថាប័ន និង​សហគ្រាសសាធារណៈ។

អង្គភាពក្រៅប្រទេសនិងអន្តរជាតិ

ស្ថានបេសកកម្មអចិន្ត្រៃយ៍​នៃព្រះរាជាណាចក្រកម្ពុជា​ប្រចាំ​អង្គការពាណិជ្ជកម្ម​ពិភពលោក​ និង​អង្គការ​អន្តរជាតិ ពាក់ព័ន្ធនឹង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅ​ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ត្រូវអនុវត្តភារកិច្ច​តាមអនុក្រឹត្យលេខ២៥ អនក្រ.បក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការ​បង្កើត​ស្ថានបេសកកម្ម​អចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​និងអង្គការអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

ទីប្រឹក្សា​ឬអនុព័ន្ធពាណិជ្ជកម្ម​អមស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា​នៅ​ក្រៅប្រទេស ត្រូវ​បំពេញ​បេសកកម្ម និងមានឋានានុក្រមតាមអនុក្រឹត្យលេខ១០៧ អនក្រ.បក ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ស្តីពី​ការរៀបចំ និងការប្រព្រឹត្តទៅ​របស់​ស្ថានតំណាង​នៃព្រះរាជាណាចក្រ​កម្ពុជា​នៅ​បរទេស។

សហគ្រាសសាធារណៈ

ក្រុមហ៊ុនហ្គ្រីនគ្រេដ ជាក្រុមហ៊ុនរដ្ឋស្ថិត​ក្រោម​អាណាព្យាបាល​បច្ចេកទេស​របស់​ក្រសួង​ពាណិជ្ជកម្ម​និងក្រោម​អាណាព្យាបាលហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុវត្តភារកិច្ច​តាមអនុក្រឹត្យ​លេខ​៧២ អនក្រ.បក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ស្តីពីការបង្កើតក្រុមហ៊ុនហ្គ្រីនត្រេដ។

អង្គភាពថ្នាក់ក្រោមជាតិ

មន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត មានតួនាទី និងភារកិច្ចដឹកនាំ គ្រប់គ្រង និង​សម្របសម្រួល​ការងារ​លើ​វិស័យ​ពាណិជ្ជកម្ម​នៅថ្នាក់ក្រោមជាតិ តាម​ការកំណត់​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​និង​លិខិត​បទដ្ឋានគតិយុត្តពាក់ព័ន្ធ។

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ

អង្គភាពត្រួត​ពិនិត្យហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ តាម​លក្ខខណ្ឌ នៃ​បទបញ្ហាដែលបានកំណត់ក្នុងអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការ​បង្កើតស្ថាប័ន ត្រួតពិនិត្យហិរញ្ញវត្ថុលើការ​ចំណាយថវិកា​ក្នុងបណ្តាក្រសួង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ វិនាទី មុន

មន្ទីរអប់រំភ្នំពេញណែនាំឲ្យគ្រប់គ្រឹះស្ថានសិក្សារាយការណ៍ប្រចាំថ្ងៃពីវត្តមានរបស់គ្រូ-សិស្សក្នុងពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ១១ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

Sokha Hotels

ព័ត៌មានពេញនិយម