ព័ត៌មានជាតិ
អាជ្ញាធររាជធានីជំរុញឱ្យរក្សាសន្តិសុខ សុវត្ថិភាព និងការតុបតែង លម្អរចនាបំភ្លឺភ្លើងពណ៌ចម្រុះពណ៌ក្នុងពិធីបុណ្យភ្ជុំ និងកឋិនទាន
នៅឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។ចំណែកពិធីបុណ្យកឋិនទានវិញមានរយៈពេល ២៩ថ្ងៃ ដោយចាប់ពី ថ្ងៃ ទី៣០ ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនា ទាំង២ ធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំអោយរដ្ឋបាលខណ្ឌទាំង ១៤ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សារទំនើប ផ្សារម៉ាត រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត ទីតាំងអាជីវកម្មគ្រប់ប្រភេទ និងគេហដ្ឋានបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវដាក់ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យស្លោក អមដោយការតុបតែង លម្អរចនាបំភ្លឺភ្លើងពណ៌ចម្រុះ។
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជន ខ្មែរគ្រប់ៗរូបដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។
ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ម្យ៉ាងវិញទៀត ក៏ជាឱកាសសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្តដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពី សុខទុក្ខ និងដំណើរប្រព្រឹត្តទៅនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរវាងគ្នា និងបង្កើនបាននូវសាមគ្គីភាពដ៏ ទូលំទូលាយផងដែរ។

ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ០១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
ដោយឡែក ពិធីបុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លានៅក្នុងព្រះពុទ្ធសាសនា ដែលក្នុង មួយឆ្នាំមានតែម្ដង និងមានរយៈពេល ២៩ថ្ងៃ ដោយវត្តអារាមមួយទទួលបានតែអង្គកឋិនទានមួយជាទាន ដ៏មានផលានិសង្សសម្រាប់ទាយកទាយិកា និងបដិគ្គាហក។
ឆ្នាំនេះ ពិធីបុណ្យកឋិនទាន នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃ ០១រោច ខែអស្សុជ ដល់ថ្ងៃ ១៥កើត ខែកត្តិក ត្រូវនឹងថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាមផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ឱ្យបានអធិកអធម ស្របតាមទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនា និងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១- រដ្ឋបាលខណ្ឌទាំង ១៨ រដ្ឋបាលសង្កាត់ទាំង ១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សារទំនើប ផ្សារម៉ាត រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត ទីតាំងអាជីវកម្មគ្រប់ប្រភេទ និងគេហដ្ឋានបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ៖
– ដាក់ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យស្លោក អមដោយការតុបតែង លម្អរចនាបំភ្លឺភ្លើងពណ៌ចម្រុះនៅតាមបណ្តាអង្គភាព ទីតាំងអាជីវកម្ម និងគេហដ្ឋានរបស់ខ្លួន ឱ្យបានផុលផុស និងស្រស់ស្អាត។
– សម្រាប់ផ្សារទំនើប ផ្សារម៉ាត អគារពាណិជ្ជកម្ម ក្រុមហ៊ុន រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត សំណង់បុរី និងទីតាំងអាជីវកម្មគ្រប់ប្រភេទ សូមរៀបចំបំពាក់ខ្សែភ្លើងពណ៌ បំភ្លឺ និងដាក់គោមភ្លើងបំភ្លឺនៅតាមរបងមុខអគារ ឬ តាមជញ្ជាំងអគារ ឬ ដើមឈើ និងទីតាំង អាជីវកម្មរបស់ខ្លួន ដោយអាចរៀបចំរចនាខ្សែភ្លើងពណ៌ចម្រុះ ឱ្យចេញជាអក្សរផុសឡើង។
សម្រាប់ទីតាំងអាជីវកម្មដែលមានសួនច្បារ សូមបាញ់ទឹកពណ៌នាពេលថ្ងៃ និងពេលរាត្រី ដោយ រៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺចម្រុះ ដើម្បីបង្កើនសោភ័ណភាព ឱ្យកាន់តែស្រស់ស្អាត។ រដ្ឋបាលខណ្ឌទាំង ១៤ រដ្ឋបាលសង្កាត់ទាំង ១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន រោងចក្រ-សហគ្រាស ផ្សារទំនើប ផ្សារម៉ាត រមណីយដ្ឋាន មជ្ឈមណ្ឌល កម្សាន្ត និងទីតាំងអាជីវកម្មគ្រប់ប្រភេទ ត្រូវផ្សព្វផ្សាយអំពីខ្លឹមសារនៃពិធីបុណ្យទាំងពីរខាងលើ ឱ្យបានជ្រួតជ្រាបទូលំទូលាយ និងត្រូវបំផុសលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួលដល់មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទជាពុទ្ធសាសនិក បានចូលរួមបំពេញកុសលជាប្រពៃណ៏នៅតាមវត្តអារាម ឬនៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងបានជួបជុំក្រុមគ្រួសារតាមបំណងប្រាថ្នា។
៣-រដ្ឋបាលខណ្ឌទាំង ១៤ នឹងរដ្ឋបាលសង្កាត់ទាំង ១០៥ ត្រូវ៖
– ធ្វើការណែនាំ និងអប់រំដល់យុវជន យុវនារី កុមារា កុមារី ដែលចូលរួមពិធីដង្ហែអង្គកឋិនទាន ត្រូវយល់ដឹងឱ្យបានច្បាស់លាស់ និងទូលំទូលាយអំពីតម្លៃនៃពិធីបុណ្យដ៏ឧត្តុង្គឧត្តមនេះ ហើយ មិនត្រូវបង្កជាបាតុភាព ឬសកម្មភាពណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃនៃ ព្រះពុទ្ធសាសនា ដូចជា ការគប់ស្បោងទឹក ជះទឹក គប់អំពៅ គប់ផ្លែឈើ និងគប់វត្ថុរឹងផ្សេងៗ ធ្វើឱ្យខូចរបៀបរៀបរយ បាត់បង់សណ្តាប់ធ្នាប់សង្គម និងអាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់ ផ្សេងៗជាយថាហេតុ
– សហការជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ដើម្បីត្រៀមចាត់កម្លាំងការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតាមវត្តអារាមនីមួយៗ ជាពិសេស ដើម្បីជួយសម្រួល ចរាចរណ៍យានយន្តពុទ្ធបរិស័ទ ចូលក្នុងបរិវេណវត្តអារាម ឱ្យបានឆាប់រហ័ស ចៀសវាងការ កកស្ទះចរាចរណ៍នៅតាមដងផ្លូវមុខវត្តអារាម
– យកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព នៅតាម មូលដ្ឋានរបស់ខ្លួន និងណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន អគ្គិសនី ដែលអាចនាំឱ្យមានគ្រោះអគ្គិភ័យណាមួយ កើតឡើងជាយថាហេតុ
-ហាមឃាត់ និងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងសកម្មភាពផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឬ បង្កគ្រោះថ្នាក់ ដល់អ្នកដំណើរគ្រប់ប្រភេទ
-សហការជាមួយមន្ទីរបរិស្ថាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុន ប្រមូល សម្អាត និងដឹកជញ្ជូនសំរាមទាំង ០៣ ឱ្យបង្កើនការបោសសម្អាត ប្រមូល និងដឹកជញ្ជូន សំរាមចេញពីរាជធានីភ្នំពេញ ឱ្យទាន់ពេលវេលា ដើម្បីធានាបាននូវបរិស្ថាន និងអនាម័យស្អាត-គ្រប់គ្រង តាមដានព័ត៌មាន និងក្ដាប់ឱ្យបាននូវរាល់សភាពការណ៍ផ្សេងៗ ដែលនឹងអាចកើតមានឡើងនៅក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីត្រៀមចាត់វិធានការឱ្យបានទាន់ពេលវេលា។
៤- មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវ៖
– ណែនាំដល់គ្រប់វត្តអារាម ត្រូវចាត់ចែងបោសសម្អាតបូជនីយដ្ឋាន ស្ថូប និងកន្លែងតម្កល់អដ្ឋិធាតុ បងប្អូនជនរួមជាតិដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ សម្អាតអនាម័យ បរិស្ថាន ក្នុងបរិវេណវត្តអារាម និងត្រូវរៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងរចនាដោយបំភ្លឺភ្លើងពណ៌ចម្រុះឱ្យបានសមរម្យ
– ណែនាំដល់គ្រប់វត្តអារាម ត្រូវយកចិត្តទុកដាក់រៀបចំពិធីបុណ្យទាំងពីរ ឱ្យបានល្អប្រសើរ ក្នុងនោះ ត្រូវបង្កលក្ខណៈងាយស្រួលជូនពុទ្ធបរិស័ទក្នុងការប្រគេនទេយ្យវត្ថុ ពិធីដង្ហែអង្គកឋិនទាន និងបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងញាតិទាំងឡាយដែលបានលាចាកលោក ព្រមទាំងចាត់ចែងប្រារព្ធពិធីប្រពៃណីសាសនាផ្សេងៗ ស្របតាមប្រពៃណីព្រះពុទ្ធសាសនាដោយសុវត្ថិភាព បំពេញកុសលជាប្រពៃណីនៅតាមវត្តអារាម និងភាពសប្បាយរីករាយនៅ គ្រប់ទីកន្លែង។
ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ និងជួយសម្រួលចរាចរណ៍នៅតំបន់គោលដៅ ដែលមានការកកស្ទះខ្លាំង ទប់ស្កាត់បង្គារបទល្មើស និងសកម្មភាពល្មើសច្បាប់គ្រប់ប្រភេទ។
ដោយឡែក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវចាត់តាំងក្រុមការងារបច្ចេកទេសពន្លត់ អគ្គិភ័យ និងត្រៀមរថយន្តពន្លត់អគ្គិភ័យ ឱ្យបានគ្រប់គ្រាន់ ដើម្បីប្រចាំការជួយសង្គ្រោះបន្ទាន់ នៅពេលមានបញ្ហាគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ៕
អត្ថបទ៖ ស្រីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ