Connect with us

ព័ត៌មានជាតិ

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកអគ្គរាជទូតជប៉ុន ប្ដេជ្ញារួមគ្នាលើកកម្ពស់​វិស័យការទូត ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំឡើង

បានផុស

នៅ

សម្តេច​មហារដ្ឋ​សភា​ធិការ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្ដម អ៊ី​ណូ អាត់​ស៊ុ​ស៊ី (Ueno Atsushi) ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ប្ដេជ្ញា​រួមគ្នា​លើកកម្ពស់​វិស័យ​ការទូត និង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ឡើង ជា​ពិសេស​ជំរុញ​ទំហំ​ពាណិជ្ជកម្ម ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្ដេជ្ញា​ចិត្ត​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​ឱកាស សម្តេច​រដ្ឋ​សភាធិបតី ឃួន សុ​ដា​រី ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម អ៊ី​ណូ អាត់​ស៊ុ​ស៊ី ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​កញ្ញា ឆ្នាំ ២០២៣ នេះ។

នៅក្នុង​ជំនួប​សម្តែង​ការគួរសម​នាពេលនេះ សម្តេច​រដ្ឋសភាធិបតី ឃួន សុ​ដា​រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល និង​ជោគជ័យ​ដែល​ឯកអគ្គរាជទូត​ជប៉ុន​មុនៗ ក៏ដូចជា​ឯកឧត្តម​ឯកអគ្គរាជទូត​បច្ចុប្បន្ន សម្រេចបាន​ក្នុងការ​គាំទ្រ និង​លើកកម្ពស់​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ។

សម្តេច​រដ្ឋសភាធិបតី បាន​គូសបញ្ជាក់ថា កម្ពុជា​-​ជប៉ុន មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ជា​យូរ​មកហើយ ហើយ​ឆ្នាំនេះ​គឺជា​ខួប​លើក​ទី ៧០ ឆ្នាំ នៃ​ចំណង​ការទូត​ជា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ជប៉ុន។ ចំណង​ការទូត​នេះ ត្រូវ​បាន​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​បន្ត​ថែរក្សា និង​លើកកម្ពស់​តាំងពី​សម័យ​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម​សីហនុ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​នឹង​ព្រះ​ចៅ​អធិរាជ​ជប៉ុន នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ជប៉ុន​នានា រហូតដល់​ពេល​បច្ចុប្បន្ន។

សម្តេច​រដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានលើកឡើង​បន្ថែមថា ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ជា​ទំនាក់ទំនង​ដែល​កើតចេញពី​បេះដូង និង​បេះដូង ដោយ​ឈរលើ​គុណ​តម្លៃ​រួម ការ​គោរព​គ្នា​ទៅវិញ​ទៅ​មក ការជឿជាក់ និង​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក។

ជាងនេះទៅទៀត នាឱកាស នៃ​ការអបអរសាទរ​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ កម្ពុជា និង​ជប៉ុន បាន​តម្លើង​កម្រិត នៃ​កិច្ចសហប្រតិបត្តិការ​ឈាន​ដល់ “​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​”។

សម្តេច​រដ្ឋសភាធិបតី ឃួន សុ​ដា​រី បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា កម្ពុជា​ពិតជា​មាន​មោទកភាព និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ចសង្គម ដែល​បានមកពី​ការ​រួមចំណែក នៃ​វិនិយោគ​ជប៉ុន លើ​វិស័យ​សំខាន់ៗ​ជាច្រើន រួមមាន​វិស័យ​ធនាគារ ការផ្ទេរ​បច្ចេកវិទ្យា អេឡិចត្រូនិក និង​រថយន្ត និង​ការបង្កើត​ឱកាស​ការងារ ដោយ​បាន​ជួយ​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ព្រមទាំង​ជួយ​ឲ្យ​កម្ពុជា​ទទួល​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ជា​វិជ្ជមាន។

ឯកឧត្តម អ៊ី​ណូ អាត់​ស៊ុ​ស៊ី បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​សម្តេច​រដ្ឋសភាធិបតី ឃួន សុ​ដា​រី ដែល​ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធានរដ្ឋសភា​ក្នុង​នីតិកាល​ថ្មី​នេះ​។ សម្តេច​រដ្ឋសភាធិបតី ជា​ស្ត្រី​កម្ពុជា​ដំបូង ដែល​ទទួលបាន​តួនាទី​ដ៏​ខ្ពង់ខ្ពស់ និង​ពិត​ជាមាន​សារសំខាន់ ក្នុង​ការ​បន្ត​ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ឲ្យ​សម្រេច​បាន​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន​ទៀត​ក្នុង​ការបម្រើ​ប្រទេស​ជាតិ និង​ប្រជាជន​ទៅ​ថ្ងៃ​អនាគត។

ឆ្លើយតប​សំណូមពរ​របស់​សម្តេច​រដ្ឋសភាធិបតី ឯកឧត្តម អ៊ី​ណូ អាត់​ស៊ុ​ស៊ី បាន​សន្យាថា នឹង​ខិតខំ​បំពេញ​បេសកកម្ម​ការទូត​នៅ​កម្ពុជា​ឲ្យ​ទទួល​បាន​ជោគជ័យ ជាពិសេស​ជំរុញ​លើកកម្ពស់ ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​កើន​ឡើង លើកទឹកចិត្ត​អ្នកទេសចរ និង​អ្នកវិនិយោគ​ជប៉ុន​មក​កម្ពុជា​ឲ្យ​កាន់តែច្រើន និង​បាន​សន្យា​បន្ត​ជួយផ្តល់​អាហារូបករណ៍​ដល់​សិស្ស និស្សិត មន្ត្រីរាជការ​កម្ពុជា បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ជួយ​បណ្ដុះបណ្ដាល​ជំនាញ​ដល់​ពលករ​ខ្មែរ ដែល​ធ្វើការ​នៅ​ប្រទេស​ជប៉ុន និង​ជួយ​កសាង​អភិវឌ្ឍន៍​ធនធានមនុស្ស រួមមាន​ការលើកកម្ពស់​សមត្ថភាព​តំណាងរាស្ត្រ​វ័យក្មេង និង​មន្ត្រីរាជការ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ជាដើម។ ជប៉ុន គឺជា​ប្រទេស​ដែល​បានរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ​ស្វែងរក​សន្តិភាព និង​ការស្តារ​អភិវឌ្ឍន៍​កម្ពុជា​។

សម្តេច​រដ្ឋសភាធិបតី ឃួន សុ​ដា​រី បានបញ្ជាក់​ប្រាប់​ឯកឧត្តម អ៊ី​ណូ អាត់​ស៊ុ​ស៊ី ថា ប្រជាជន​កម្ពុជា​មិន​អាច​បំភ្លេច​បាន​នូវ​ការ​រួមចំណែក និង​វិភាគទាន​ដ៏​សំខាន់​នេះ​ឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១២ នាទីutes មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង២០ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

សេចក្ដីជូនដំណឹង២៩ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម