ព័ត៌មានជាតិ
តើកូនៗរបស់ឧបនាយករដ្ឋមន្ត្រីអាណត្តិមុនទទួលបានតំណែងអ្វីខ្លះនៅអាណត្តិទី៧នេះ?
កូនៗរបស់អតីតឧបនាយករដ្ឋមន្ត្រីកម្ពុជាកាលពីអាណត្តិមុន មានអ្នកខ្លះក៏ទទួលបានតំណែង ហើយកូនរបស់អតីតឧបនាយករដ្ឋមន្ត្រីខ្លះក៏មិនទទួលបានតំណែងអ្វីឡើយ។ កូនៗអតីតឧបនាយករដ្ឋមន្ត្រីអាណត្តិទី៦ ដែលទទួលបានតំណែងនោះគឺ ទទួលបានតំណែងទាបបំផុតចាប់ពីអភិបាលរងខេត្ត រហូតដល់អ្នកខ្លះទទួលបានតំណែងខ្ពស់បំផុតជាឧបនាយករដ្ឋមន្ត្រីនៅអាណត្តិទី៧នេះ។
“កម្ពុជាថ្មី” នឹងជម្រាបពីបណ្ដាកូនៗរបស់ឧបនាយករដ្ឋមន្ត្រីអាណត្តិមុន ដែលទទួលបានតំណែងនៅអាណត្តិនេះ៖
កូនរបស់ សម្ដេចពិជ័យសេនាទៀបាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
សម្ដេច ទៀ បាញ់ និង លោកស្រី តៅ តឿន មានកូនប្រុសចំនួនពីរនាក់ គឺលោក ទៀ ស្យាម និងលោក ទៀ សីហា។ នៅក្នុងអណត្តិទី៧នេះ កូនប្រុសរបស់សម្ដេចពិជ័យសេនា លោក ទៀ ស្យាម បានតំណែងជាមន្ត្រីជាន់ខ្ពស់នៅក្រសួងការពារជាតិ ហើយលោកក៏ជាជំនួយរបស់ឳពុក កាលដែលសម្ដេច ទៀ បាញ់ នៅជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ ចំណែកលោក ទៀ សីហា ទទួលបានតំណែងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅអាណត្តិទី៧នេះ ខណៈមុនទទួលបានតំណែងបន្តពីឳពុកនេះ លោក ទៀ សីហា ជាអភិបាលខេត្តសៀមរាប។

កូនរបស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សម្ដេច ស ខេង មានកូនប្រុសស្រីចំនួន៣នាក់ ដោយកូនប្រុសចំនួន២នាក់ ទទួលបានតំណែងជាមន្ត្រីជាន់ខ្ពស់។កូនទី១ របស់សម្ដេច ស ខេង គឺ លោក ស សុខា កូនប្រុសរបស់អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលបានតំណែងបន្តពីឳពុក មុននឹងទទួលបានតំណែងដ៏ធំនេះ លោកបណ្ឌិត ស សុខា ជារដ្ឋលេខាធិការក្រសួងអប់រំ ។ ចំណែកកូនទី២ របស់សម្ដេច ស ខេង លោក ស្រី ស ស៊ីណា មិនទទួលបានតំណែងអ្វីឡើយ ព្រោះលោកស្រីមានឧបនិស្ស័យទៅខាងជំនួញជួញដូរទៅវិញ។ រីឯ លោក ស រដ្ឋា កូនប្រុសពៅ ទទួលបានតំណែងជា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការខេត្តព្រះសីហនុ ដែលមុននឹងទទួលបានតំណែងនេះ លោក ស រដ្ឋា ត្រូវបំពេញការងាររយៈពេល១៨ឆ្នាំ ឆ្លងកាត់ការសិក្សានៅប្រទេសអូស្ត្រាលី អាល្លឺម៉ង់..។

កូនរបស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនងរដ្ឋសភា ព្រឹទ្ធសភា
សម្ដេច ម៉ែន សំអន មានកូនប្រុសចំនួន២នាក់ ក្នុងនោះកូនច្បង លោក ប៉េង ពោធិ៍សា បានកៅអីជាអភិបាលខេត្តស្វាយរៀង។ ចំណែកលោក ប៉េង ពោធិ៍នា កូនទី២ នៅអណត្តិទី៧នេះ ទទួលបានតំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈដែលអាណត្តិមុនលោកកាន់ការជារដ្ឋលេខាធិការ។

កូនរបស់ អតីតឧបនាយករដ្ឋមន្ត្រី លោក យឹម ឆៃលី
ក្នុងចំណោមកូនប្រុសស្រីទាំង៤នាក់ គឺមានតែកូនប្រុសពីរនាក់ប៉ុណ្ណោះដែលទទួលបានតំណែងធំៗដូចជា លោក យឹម លាង ដែលកូនទីមួយរបស់ លោក យឹម ឆៃលី ទទួលបានតំណែងជាអគ្គស្នងការរងនគរបាលជាតិ។ រីឯលោក យឹម លាត ជាកូនទីបីក្នុងគ្រួសារ ទទួលបានតំណែងជាអគ្គទេសាភិបាលរងធនាគារជាតិ ឋានៈស្មើរដ្ឋមន្ត្រី។
ក្រៅពីនោះ កូនស្រីទីពីរ គឺលោកជំទាវ យឹម ឆៃលីន និងកូនប្រុសទីបួន លោក យឹម លក្ខណ៍ មិនទទួលបានតំណែងណាមួយក្នុងជួរមន្ត្រីរាជការឡើយ ព្រោះអ្នកទាំងពីរជាអ្នកជំនួញជួញដូរ។

កូនរបស់ លោក ជា សុផារ៉ា អតីតឧបនាយករដ្ឋមន្ត្រីអណត្តិទី៦
លោក ជា សុផារ៉ា មានកូនស្រីប្រុសចំនួន៤នាក់ ក្នុងចំណោមកូនទាំង៤នាក់នោះ កូនស្រីទីមួយ លោកស្រី ជា សុផាម៉ាដែន កូនស្រីទីពីរ លោកស្រី ជា សុផាកន្នី លោកស្រី ជា សុផាជុតិមា មិនទទួលបានតំណែងអ្វីមួយក្នុងជួររាជការឡើយ។ ចំណោមកូន លោក ជា សុផារ៉ា ទាំងបួននាក់ មានតែកូនប្រុសតែម្នាក់គត់គឺ លោក ផារ៉ា មង្គល ដែលទទួលបានតំណែងជារដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

កូនរបស់លោក ប្រាក់ សុខុន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ
កូនលោក ប្រាក់ សុខុន ដែលទទួលបានតំណែងក្នុងជួររាជការមានដូចជា លោក ប្រាក់ សោភ័ណ បានកៅអីជាអភិបាលខេត្តសៀមរាប។ នៅអាណត្តិទី៦ លោក ប្រាក់ សោភ័ណ ជាអភិបាលរងខេត្តសៀមរាប យ៉ាងណាដោយសារតែ លោក ទៀ សីហា អតីតអភិបាលខេត្តត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទើបតំណែងជាអភិបាលខេត្តត្រូវបានទៅលើ លោក ប្រាក់ សោភ័ណ។ ចំណែកកូនប្រុសមួយរូបទៀត គឺលោក ប្រាក់ ដាវីត ទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កូនរបស់លោក កែ គឹម យ៉ាន អតីតឧបនាយករដ្ឋមន្ត្រី
កូនលោក កែ គឺម យ៉ាន គឺលោក កែ សួន សុភាព ទទួលបានតំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ។

កូនលោក លោក ប៊ិន ឈិន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី
កូនរបស់លោក ប៊ិន ឈិន គឺលោក ប៊ិន ត្រឈៃ បានតំណែងជារដ្ឋមន្ត្រីក្រសួងផែនការ។

ចំណែកឯកូន របស់លោក អូន ព័ន្នមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អាណត្តិទី៦ ទី៧នេះ និងកូនរបស់លោក ហោ ណាំហុង អតីតឧបនាយករដ្ឋមន្ត្ រីមិនទទួលបានការតែងតាំងឱ្យកាន់តំណែងអ្វីឡើយនៅអាណត្តិទី៧នេះ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ