ព័ត៌មានជាតិ
ក្រុមអាជីវករនៅតាមផ្សារ បង្ហាញក្ដីរីករាយ ក្រោយសម្ដេចធិបតី ហ៊ុន ម៉ាណែត មានគម្រោងចុះជួប
ក្រុមអាជីវករនៅតាមផ្សារ បានសម្ដែងក្ដីរីករាយ និងសាទរចំពោះគម្រោងចុះជួបពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលខាងមុខនេះ។ ការបង្ហាញក្ដីរីករាយ និងសាទរនេះ បន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៣កន្លងទៅនេះ បានប្រកាសថា សម្ដេចមានគម្រោងចុះជួបជាមួយអាជីវករនៅតាមផ្សារ ដើម្បីស្វែងយល់ពីទុក្ខលំបាក ក៏ដូចជារកដំណោះស្រាយជូនពួកគាត់។

លោក ពិន សុខគា អាជីវករលក់ខោអាវជជុះ នៅផ្សារបឹងកេងកង បានប្រាប់កម្ពុជាថ្មីថា លោកពិតជាត្រេតអរ និងសប្បាយរីករាយបំផុត នៅពេលបានឮសម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺសម្រាប់អាជីវករនៅតាមផ្សារនានា ដោយសម្ដេចមានគម្រោងចុះជួប នាពេលខាងមុខ។

លោក ពិន សុខគា បន្ថែមថា ប្រសិនបើលោកបានជួបសម្ដេច ហ៊ុន ម៉ាណែត គឺលោកនឹងលើកសំណើមួយ នោះគឺការស្វែងរកការងារឲ្យប្រជាពលរដ្ឋបានធ្វើគ្រប់ៗគ្នា និងសូមឲ្យនាយរដ្ឋមន្រ្តីថ្មីនៃកម្ពុជា ជួយសិក្សាមើលតម្លៃពន្ធនាំចូលរបស់កម្ពុជា មិនថាការនាំចូលរថយន្ត ឬសម្ភារៈផ្សេងៗទៀតនោះឡើយ។

អ្វីដែលជាគោលបំណងរបស់លោកតែមួយនោះ គឺការបញ្ចុះពន្ធនាំចូលពីក្រៅប្រទេស ដោយសារតែលោកយល់ឃើញថា ការនាំចូលសម្លៀកបំពាក់ពីក្រៅប្រទេសបច្ចុប្បន្ននេះ គឺមានតម្លៃថ្លៃ។ ចំណែកការលក់ចេញវិញ គឺមិនសូវបានថ្លៃ ស្របពេលនឹងពិភពលោកទាំងមូល ប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ទៀតផង។ លោក ពិន សុខគា ថា នៅពេលទំនិញនាំចូលមកកម្ពុជាក្នុងតម្លៃសមរម្យ នោះការលក់ដូររបស់ក្រុមអាជីវករដូចលោក គឺនឹងអាចលក់ដូរបានចំណេញច្រើនគួរសម ដើម្បី យកថវិកាទៅផ្គត់ផ្គង់គ្រួសារ និងទប់ទល់ទៅនឹងថ្លៃចំណាយប្រចាំថ្ងៃ។

ចំណែកឯអ្នកស្រី ជឿន ចាន់ទី ម្ចាស់តូបលក់ខ្សែក្រវ៉ាត់ និងនាឡិកា ក៏បានប្រាប់ដែរថា អ្នកស្រី និងក្រុមអាជីវករផ្សេងទៀត ពិតជាសប្បាយរីករាយបំផុត នៅពេលបានដឹងឮថា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បង្ហាញចក្ខុវិស័យដឹក នាំប្រទេស ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយបានគិតគូរទៅលើប្រជាពលរដ្ឋទូទៅ មិនថា កម្មករ អាជីវករ និងអ្នករកស៊ីផ្សេងៗទៀតឡើយ។

អ្នកស្រី ជឿន ចាន់ទី បន្តថា «អ្វីដែលខ្ញុំចង់ស្នើសុំទៅ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា រួមមាន ៤ ចំណុច៖ ទី១. ការបង្កើតការងារជូនប្រជាពលរដ្ឋទូទៅឲ្យបានគ្រប់រូប ទី២. ជួយជុំរុញវិស័យទេសចរណ៍ ឲ្យមានកំណើនភ្ញៀវទេសចរច្រើនជាងនេះទៀត ទី៣. ជួយសិក្សាមើលលើថ្លៃពន្ធនាំចូលមកកម្ពុជាឲ្យមានតម្លៃធូរបន្តិច ដើម្បីឲ្យអ្នកយកមកលក់ងាយស្រួលក្នុងការលក់បន្តទៀត និងទី ៤. កាត់បន្ថយចំណាកស្រុកទៅកាន់ប្រទេសផ្សេងៗ»។
រីឯកញ្ញា សយ ស្រីពៅ ជាងដេរខោអាវក្នុងផ្សារបឹងកេងកង ក៏បានប្រាប់ដែរថា សម្រាប់កញ្ញាផ្ទាល់ គឺចង់ឲ្យសម្ដេចនាយករដ្ឋមន្រ្តីអាណត្តិថ្មី ជួយបង្កើតការងារជូនប្រជាពលរដ្ឋ ពិសេសការបង្កើតការងារជូនកម្មករ-កម្មការនី នៅតាមបណ្ដារាជធានី-ខេត្តទាំងអស់ មានការងារធ្វើគ្រប់ៗគ្នា។
ក្រៅពីនេះទៀត កញ្ញា សយ ស្រីពៅ ចង់ឲ្យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជួយគិតគូរដល់រឿងដែលកើតមានទូទៅក្នុងសង្គមបច្ចុប្បន្ននេះ ក្នុងនោះមានដូចជា៖ ទី១. ទប់ស្កាត់ក្មេងទំនើងនៅតាមមូលដ្ឋាន ទី២. បញ្ហាជួញដូរគ្រឿង ញៀន ទី៣. ល្បែងស៊ីសងតាមអនឡាញ ទី៤. កាត់បន្ថយអំពើពុករលួយ។ កញ្ញា សយ ស្រីពៅ បន្ថែមទៀតថា ប្រសិន បើរាជរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាទាំងអស់នេះ ជូនប្រជាពលរដ្ឋបាននោះ នឹងទទួលបានការគាំទ្រកាន់តែខ្លាំងឡើង ពីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស៕
អត្ថបទ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?