ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ស្ថាប័នព័ត៌មានខ្លះតម្រូវបុគ្គលិកម្នាក់សរសេរព័ត៌មានចម្រុះ ខ្វះជំនាញជាក់លាក់
កាលពីថ្ងៃរសៀលទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រដល់អ្នកសារព័ត៌មាន ស្ដីពីមូលដ្ឋានគ្រឹះនៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា។
ពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រ ដល់អ្នកសារព័ត៌មានទទួលបានការអញ្ជើញចូលរួមជាអធិបតីពីលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក លន់ សំអុល ប្រធាននាយកដ្ឋានត្រួតពិនិត្យ ១ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា, លោក Raymond SIA ប្រធានសមាគមធនាគារនៅកម្ពុជា, លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា, លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងតំណាងគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និងនិពន្ធនាយក ការីនិពន្ធ អ្នកសារព័ត៌មានប្រមាណជាង ១២០នាក់។

លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន
លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគូសបញ្ជាក់ពីសារសំខាន់នៃការរៀបចំវគ្គបណ្តុះបណ្តាលហិរញ្ញវត្ថុដល់ក្រុមអ្នកព័ត៌មាន ដែលនឹងជួយពង្រឹងសមត្ថភាពដល់ក្រុមអ្នកព័ត៌មានលើការបង្កើតអត្ថបទដែលគ្រប់ជ្រុងជ្រោយ មានភាពច្បាស់លាស់និងប្រកបដោយវិជ្ជាជីវៈ។
លោកបានស្នើឲ្យផ្នែកដែលពាក់ព័ន្ធត្រូវបន្តធ្វើការរួមគ្នា ខណៈវិស័យហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់សម្រាប់រួមចំណែកអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះជុំវិញវិស័យសារព័ត៌មានលោករដ្ឋមន្រ្តីមើលឃើញថា ធនធានមនុស្សជំនាញនៅក្នុងវិស័យព័ត៌មាននៅតែជាបញ្ហា។
លោករដ្ឋមន្រ្តីបានលើកករណីស្ថាប័នព័ត៌មានខ្លះ ដោយសារខ្វះធនធានមនុស្សតម្រូវឲ្យបុគ្គលិកម្នាក់ត្រូវរ៉ាប់រ៉ងលើការសរសេរព័ត៌មានប្រចាំថ្ងៃចម្រុះបែបមិនថានយោបាយ សេដ្ឋកិច្ច សង្គម បរិស្ថាន ដែលធ្វើឲ្យការសរសេរមានភាពចន្លោះប្រហោងខ្វះភាពជាក់លាក់។
លោកបន្តថា ក្នុងតួនាទីរបស់លោកបច្ចុប្បន្ននិងបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន លោកក៏អាចចូលខ្លួនក្នុងការចូលរួមបណ្តុះបណ្តាលដល់មន្រ្តីព័ត៌មានដើម្បីបង្កើនសមត្ថភាពការផលិតព័ត៌មានឲ្យកាន់តែស៊ីជម្រៅ មានគុណភាព និងប្រកបដោយវិជ្ជាជីវៈ។
លោកអះអាងថា ការផលិតព័ត៌មានដែលមានគុណភាពគឺព័ត៌មានដែលគោរពវិជ្ជាជីវៈ និងដែលផុ្តល់ប្រយោជន៍ដល់អ្នកអាន។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងថា សារព័ត៌មានពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃមិនអាចខ្វះបាន ក្នុងការទទួលបានព័ត៌មានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សេដ្ឋកិច្ច សង្គម តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានាទាំង Online និង Offline។

ទន្ទឹមនឹងនេះ តួនាទីនៃសារព័ត៌មានក្នុងវិស័យហិរញ្ញវត្ថុ រឹតតែមានសារៈសំខាន់មិនអាចកាត់ផ្តាច់បានព្រោះសារព័ត៌មានគឺជាយន្តការ និងជាច្រកដ៏សំខាន់សម្រាប់វិស័យហិរញ្ញវត្ថុ ក្នុងការបញ្ជូនសារអប់រំ និងផ្សព្វផ្សាយអំពីការយល់ដឹងលើវិស័យហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ក្នុងគោលដៅធានាឱ្យបានស្ថិរភាព និងនិរន្តរភាពរបស់វិស័យ ក៏ដូចជាការកសាងទំនុកចិត្តក្នុងចំណោមសាធារណៈជនផងដែរ។
វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះនៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រ៉ង រៀបចំឡើងដោយសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ រួមទាំងក្លិបអ្នកកាសែតមានរយៈពេលមួយខែ។
កម្មវិធីបណ្តុះបណ្តាលចែកចេញជា ០២ក្រុម (វគ្គសម្រាប់ការីនិពន្ធ និងអ្នកសារព័ត៌មាន)។ សម្រាប់អ្នកសារព័ត៌មាន វគ្គបណ្តុះបណ្តាលមានរយៈពេល ៦ វគ្គ គ្របដណ្តប់លើការយល់ដឹងជាមូលដ្ឋានគ្រឹះអំពីវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រង។ វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើអ្នកសារព័ត៌មានដែលមានជំនាញក្នុងការសរសេរអត្ថបទសេដ្ឋកិច្ច នយោបាយ សិទ្ធិមនុស្ស និងសង្គម។

ដោយឡែកវគ្គសម្រាប់ការីនិពន្ធផ្ដល់វគ្គបណ្តុះបណ្តាលរយៈពេល ០៤ វគ្គ ដោយផ្តោតស៊ីជម្រៅលើវិស័យហិរញ្ញវត្ថុ ក៏ដូចជាស្ថានភាពបច្ចុប្បន្ននៃច្បាប់និងបទប្បញ្ញត្តិសម្រាប់វិស័យហិរញ្ញវត្ថុ។
ក្រោយបញ្ចប់វគ្គសិក្សា សិក្ខាកាមទាំងអស់ក៏បានចុះទៅទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ពីស្ថានភាពហិរញ្ញត្ថុនៅជនបទ ក្រោមការរៀបចំសម្របសម្រួលពីសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា។
ដំណើរទស្សនកិច្ចនេះគោលបំណងដើម្បីនាំអ្នកព័ត៌មានផ្សារភ្ជាប់ទៅប្រភពដែលធ្វើការពាក់ព័ន្ធលើវិស័យហិរញ្ញវត្ថុ រួមទាំងមានឱកាសបានជួបជាមួយអ្នកប្រើប្រាស់សេវាឥណទាន ដើម្បីស្វែងយល់រូមគ្នាចូលរួមដោះស្រាយបញ្ហាប្រឈមនានា។



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ