Connect with us

ព័ត៌មានជាតិ

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់បង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់បង្កើតរដ្ឋលេខា​ធិការដ្ឋានកិច្ចការព្រំដែន

បានផុស

នៅ

រដ្ឋសភា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី ១ នីតិកាលទី ៧ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣នេះ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងការពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភា បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតក្រសួងអធិការកិច្ច តាក់តែងឡើងក្នុងគោលបំណងប្តូរឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» មកជា «ក្រសួងអធិការកិច្ច» ឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ បន្តកែទម្រង់ឲ្យស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន។

ម្យ៉ាងទៀត ក៏ជាការបង្កើតបរិយាកាសអំណោយផល សម្រាប់អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជិថល ជាដើម។ សេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតក្រសួងអធិការកិច្ច មាន ១០មាត្រា។ បន្ទាប់ពីបានពិភាក្សា អនុម័តមួយមាត្រាម្តងៗ អង្គប្រជុំរដ្ឋសភាបានអនុម័ត សេចក្តីព្រាងច្បាប់នេះ ទំាងមូលជាឯកច្ឆន្ទ។

ចំណែកឯសេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរាជរដ្ឋាភិបាលបង្កើត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងគោលបំណងបង្កើតឲ្យមានស្ថាប័នថ្មីមួយ ដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចពេញលេញ។

ម្យ៉ាងទៀត ក៏អាចស្រូបទាញបន្ថែមនូវធនធានមនុស្សដែលមានសមត្ថភាព ជំនាញពិតប្រាកដ ទាំងផ្នែកបច្ចេកទេស ផ្នែកច្បាប់ជាតិ ច្បាប់អន្តរជាតិ និងផ្នែកជំនាញពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការបន្តបេសកកម្មដ៏ពិសិដ្ឋ ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ការពង្រឹងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី និងការលើកស្ទួយការថែរក្សាសមិទ្ធផលព្រំដែនជាប្រវត្តិសាស្ត្រ ទុកជាមរតកដ៏ឧត្តុង្គឧត្តមជូនកូនខ្មែរគ្រប់ជំនាន់។

សេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានចំនួន ៨មាត្រា។ បន្ទាប់ពីបានពិភាក្សា អនុម័តមួយមាត្រាម្តងៗ អង្គប្រជុំរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់នេះទំាងមូល ជាឯកច្ឆន្ទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម