ព័ត៌មានជាតិ
អ្នកនាំពាក្យ បដិសេធការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលផ្សាយខុសពីការពិតជុំវិញការអនុវត្តច្បាប់អន្តោប្រវេសន៍នៅកម្ពុជា
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រតិកម្មចំពោះការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានចោទប្រកាន់ខុសពីការពិតជុំវិញការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ និងការអនុវត្តច្បាប់អន្តោប្រវេសន៍នៅកម្ពុជា។ អ្នកនាំពាក្យ អះអាងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តរឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ជាប់ជាប្រចាំយ៉ាងម៉ឺងម៉ាត់បំផុត ជាពិសេសលើការគ្រប់គ្រងតាមច្រកទ្វារអន្តរជាតិ។
ការប្រតិកម្មតបរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បែបនេះ គឺបន្ទាប់ពីពិនិត្យឃើញថា កាលពេលថ្មីៗនេះ ទំព័រហ្វេសប៊ុករបស់វិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយព័ត៌មាន ដែលមានខ្លឹមសារចោទប្រកាន់លើការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ និងការអនុវត្តច្បាប់អន្តោប្រវេសន៍មានភាពធូររលុង បង្កលក្ខណៈដល់ជនល្មើសធ្វើសកម្មភាពជួញដូរមនុស្ស និងចាប់ជំរិតនៅប្រទេសកម្ពុជា ជាដើម។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរយៈសេចក្ដីបំភ្លឺ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានឆ្លើយតបថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានខិតខំជំរុញការអនុវត្តច្បាប់អន្តោប្រវេសន៍យ៉ាងម៉ឺងម៉ាត់បំផុត ជាពិសេសការគ្រប់គ្រងការធ្វើដំណើរចូលចេញតាមច្រកទ្វារអន្តរជាតិ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះ អ្នកនាំពាក្យបញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា តាមគ្រប់បណ្តាប៉ុស្តិ៍ទាំង២៧ប៉ុស្តិ៍ សំដៅគ្រប់គ្រងឱ្យបានហ្មត់ចត់ និងទប់ស្កាត់រាល់មុខសញ្ញាឧក្រិដ្ឋជនឆ្លងដែនចូលមកកម្ពុជា ដើម្បីរួមចំណែករក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅកម្ពុជា។
បើតាមសេចក្ដីបំភ្លឺដដែលនេះ រយៈពេល៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានរកឃើញអ្នកកាន់ឯកសារធ្វើដំណើរមិនប្រក្រតី អ្នកដំណើរពាក់ព័ន្ធក្នុងបញ្ជីមុខសញ្ញា ក៏ដូចជាអ្នកដំណើរមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌកំណត់ចំនួន២៩៧៣នាក់ ដោយត្រូវបានបដិសេធមិនអនុញ្ញាតឱ្យចូលកម្ពុជា។ ជាមួយនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានឃាត់ខ្លួនមុខសញ្ញាចំនួន២៥៣នាក់ ដើម្បីអនុវត្តតាមច្បាប់ស្តីពីអន្តោប្រវេសន៍ដែរ។
បន្ថែមពីលើនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានរឹតបន្តឹងការគ្រប់គ្រងវត្តមានជនបរទេសនៅក្នុងប្រទេសកម្ពុជា តាម រយៈការជំរុញស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចុះស្រង់ស្ថិតិជនបរទេសក្នុងមូលដ្ឋាន ត្រួតពិនិត្យរដ្ឋបាលជនបរទេស និងការស៊ើបអង្កេតស្រាវជ្រាវរកជនបរទេសល្មើសច្បាប់អន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ថែមទៀតផង។ ជាក់ស្ដែង រយៈពេល៨ខែ ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយបានបណ្ដេញជនបរទេសល្មើសច្បាប់ចំនួន១,៣៦៦នាក់ មាន៣២សញ្ជាតិ ចេញពីកម្ពុជាឱ្យត្រឡប់ទៅប្រទេសដើមវិញ។
តាមរយៈការបកស្រាយខាងលើនេះ ត្រូវបានអ្នកនាំពាក្យបញ្ជាក់ថា នេះបានបង្ហាញឱ្យឃើញច្បាស់អំពីការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍លើការអនុវត្តច្បាប់អន្តោប្រវេសន៍យ៉ាងតឹងរឹង និងហ្មត់ចត់ប្រកបដោយប្រសិទ្ធភាព ដែលផ្ទុយទាំងស្រុងនឹងខ្លឹមសារចុះផ្សាយរបស់វិទ្យុអាស៊ីសេរី។
តែយ៉ាងណាមិញ តាមរយៈសេចក្ដីបំភ្លឺរបស់ខ្លួន អ្នកនាំពាក្យ អះអាងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏នឹងបន្តរឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ជាប់ជាប្រចាំ ដើម្បីរួមចំណែកធានាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ ជាមួយនឹងការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ អគ្គនាយកដ្ឋាន ក៏បានខិតខំសម្រួលបែបបទអន្តោប្រវេសន៍ឱ្យបានឆាប់រហ័ស ដើម្បីរួមចំណែកអនុវត្តគោលនយោបាយទេសចរណ៍របស់រាជរដ្ឋាភិបាលផងដែរ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ