ព័ត៌មានជាតិ
សម្ដេចធិបតី លើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចរវាងសភាកម្ពុជា និងចិន ឱ្យបានញឹកញាប់ និងជាប្រចាំ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាសមាជិកសភាមួយរូប បានលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរ ទស្សនកិច្ចរវាងសភាកម្ពុជា និងចិន ឱ្យបានញឹកញាប់ និងជាប្រចាំ ព្រោះដំណើរទស្សនកិច្ចនេះ នឹងមាន ផលប្រយោជន៍ដល់ស្ថាប័ននីតិបញ្ញត្តិទាំងពីរ ជាពិសេស សម្រាប់សមាជិកសភាវ័យក្មេង ក្នុងការស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍ និងទស្សនៈជាមួយគ្នា។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ លោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស នៅមហាវិមានប្រជាជន លោក ចាវ ឡឺជី ក៏បានយល់ស្របចំពោះ ការលើកឡើងរបស់ សម្ដេចធិបតី និងប្តេជ្ញាជំរុញទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ និងប្រកបដោយ មេត្រីភាព ដោយមិនកំណត់នូវលក្ខខណ្ឌ ឬបង្កប់នូវរបៀបវារៈណាមួយឡើយ។

ជាមួយនឹងការឯកភាពបន្តសហការ ផ្លាស់ប្ដូរនូវបទពិសោធន៍ និងខិតខំអនុវត្តគម្រោងដែលបាន ព្រមព្រៀងកន្លងមកឱ្យទទួលបានជោគជ័យ សម្ដេចធិបតី និង លោក ចាវ ឡឺជី បានឯកភាព ចំពោះគោលការណ៍នៃការបន្តកសាងលទ្ធិប្រជាធិបតេយ្យ ស្របតាមលក្ខខណ្ឌរបស់ប្រទេសជាតិនីមួយៗ សំដៅបម្រើផលប្រយោជន៍ដល់ប្រជាជនជាធំ។ ជារួម កម្ពុជា និងចិន ប្ដេជ្ញាបន្តសហការជាមួយគ្នាក្នុង នាមជាមិត្តដ៏ល្អ ដែលជឿទុកចិត្តបាន ព្រមទាំងបន្តសាមគ្គីជាមួយគ្នា ដើម្បីទប់ទល់នូវរាល់ការប៉ុនប៉ង ឬ ជ្រៀតជ្រែកពីខាងក្រៅ។

ពីជំនួបនាព្រឹកថ្ងៃទី១៥ ខែកញ្ញា លោក ចាវ ឡឺជី មានជំនឿយ៉ាងមុតមាំថា កម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចធិបតី នឹងបន្តរីក លូតលាស់ និងអភិវឌ្ឍទៅមុខទៀត ហើយចិន នឹងបន្តគាំទ្រកម្ពុជា ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ខ្លួន។ លោក ចាវ ឡឺជី ក៏បានរំលេចផងដែលថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងចូលរួមកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី ហើយ ប្រជាជាតិទាំងពីរ នឹងទទួលបានផ្លែផ្កាពីការកសាងសហគមន៍នេះ។

សម្ដេចធិបតី ក៏បានគូសរំលេចជូន លោក ចាវ ឡឺជី នូវសារនយោបាយចំនួនពីរ ពាក់ព័ន្ធនឹងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។ សារទី១ នោះគឺ ជោគជ័យដ៏ភ្លូកទឹកភ្លូកដីនេះបង្ហាញអំពីអារម្មណ៍កក់ក្តៅ និងការទុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេស ចំពោះ សម្តេចតេជោ ប្រធានគណបក្ស និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលតែងនៅជាប់រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់ កាលៈទេសៈទាំងអស់។ ចំណែកឯសារទី២ គឺជាការផ្តល់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដល់អ្នកបន្តវេន នៃគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំកម្ពុជាទៅក្នុងវដ្ដថ្មីនៃការអភិវឌ្ឍ។

បន្ថែមពីនេះ សម្ដេចធិបតី បានអរគុណប្រជាជន និងរដ្ឋាភិបាលចិន ដែលបានរួមចំណែក យ៉ាងច្រើន នៅក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដូចជា ការជួយឧបត្ថម្ភគាំទ្រដល់ កម្ពុជាទាន់ពេល ក្នុងគ្រាលំបាកនៃវិបត្តិជំងឺកូវីដ-១៩ ជាដើម។ សម្ដេចធិបតី ក៏បានបញ្ជាក់បន្ថែមជូន លោក ចាវ ឡឺជី អំពីការបន្តរក្សាគោលជំហរ និងគោលនយោបាយការបរទេសរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ទោះជាពិភពលោកកំពុងប្រែប្រួល និងមានភាពមិនច្បាស់លាស់ ក៏ដោយ។

លើសពីនេះទៅទៀត លោក ចាវ ឡឺជី បានផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹកជូន សមភាគីរបស់លោក គឺ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ផងដែរ។
ជាចុងក្រោយ លោក ចាវ ឡឺជី បានជូនពរឱ្យ សម្ដេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យ និងសូមឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខ សុវត្ថិភាព៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ