ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីស្ដីទី ឱ្យស្ថាប័នជំនាញ បន្តបង្ក្រាបការជួញដូរ ការប្រើប្រាស់ គ្រឿងញៀន និងបារីអេឡិកត្រូនិក
លោក នេត សាវឿន នាយករដ្ឋមន្ត្រីស្ដីទី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាឱ្យស្ថាប័ន និងអង្គភាពអនុវត្តច្បាប់គ្រឿងញៀននៅទូទាំងប្រទេស ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តឲ្យបានសកម្មផុលផុស នូវសេចក្តីណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្តីពីការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម ការនាំចូលផលិតផលស៊ីហ្សា (SHISA) និងបារីអេឡិកត្រូនិក(E-Cigarette) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ចប្រជុំលើកដំបូង របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក នេត សារឿន បានណែនាំដល់ក្រសួង ស្ថាប័ន ជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបន្តពង្រឹងយន្តការរបស់ខ្លួន យកចិត្តទុកដាក់អនុវត្តនូវតួនាទី និងភារកិច្ចឲ្យមានប្រសិទ្ធភាពខ្ពស់ តាមផែនការជាតិ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ និងទិសដៅការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣។
ជាមួយគ្នានេះ លោក នេត សាវឿន បានបន្តណែនាំឱ្យភាគីពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងជាសាធារណៈពីគ្រោះថ្នាក់នៃគ្រឿងញៀន ឲ្យចំមុខសញ្ញា និងក្រុមគោលដៅដែលងាយប្រឈមនឹងគ្រោះថ្នាក់ ដូចជា ក្រុមយុវជន ពលករចល័ត ពលករចំណាកស្រុក កម្មករសំណង់ កម្មកររោងចក្រ អ្នកបើកបររថយន្តដឹកទំនិញ និងដឹកអ្នកដំណើរ អ្នកបម្រើការងារនៅតាមក្លឹបកម្សាន្ត និងទីតាំងសប្បាយដ្ឋាននានា ពិសេសគឺការបន្តជំរុញការបណ្តុះបណ្តាល ចាត់តាំងចងក្រងក្រុមជនបង្គោល ដើម្បីធ្វើការបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយបន្តពីបញ្ហាគ្រឿងញៀន ដល់មន្រ្តីក្រោមឱវាទនៅផ្ទៃក្នុងក្រសួង ស្ថាប័ន រាជធានី ខេត្ត អង្គភាព។ល។
បន្ថែមពីនេះ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារព្យាបាល ស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅតាមមណ្ឌលជាតិ បណ្តោះអាសន្នរបស់រដ្ឋ និងឯកជនមានចំនួន២០ទីតាំង និងនៅតាមសេវាសុខាភិបាលសាធារណៈតាមសហគមន៍សរុបចំនួន ៤២៩កន្លែង (ក្នុងនោះមន្ទីពេទ្យជាតិ ២កន្លែង មន្ទីររពេទ្យបង្អែក ៧២កន្លែង និងមណ្ឌលសុខភាព ៣៥៥កន្លែង) ពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ បំណិនជីវិត និងការធ្វើសមាហរណកម្ម ពិសេសត្រូវផ្តោតឲ្យចំលក្ខណៈសម្បត្តិជាក់ស្តែងនៃបញ្ហា នោះគឺការរកឲ្យឃើញនូវភាពសមស្រប និងទិន្នន័យអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀន ជាក់លាក់ និងវិធីសាស្រ្តគ្រប់គ្រងជនរងគ្រោះ ដែលបានធ្វើសមាហរណកម្មទៅសហគមន៍ ដោយអាចធានាថា ចំនួនអ្នកលាប់ត្រឡប់មកប្រើប្រាស់គ្រឿងញៀនឡើងវិញតែក្នុងកម្រិតតិចតួចបំផុត។
នាយករដ្ឋមន្ត្រីស្ដីទី បានបន្តណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារប្រឆាំងបទល្មើសសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ពិសេសជំរុញការស៊ើបអង្កេតស្រាវជ្រាវ ឲ្យដល់ឬសគល់នៃបទល្មើសសម្អាតប្រាក់ពាក់ព័ន្ធនឹងជំនួញគ្រឿងញៀនខុសច្បាប់ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ស្ថាប័ន និងអង្គភាពអនុវត្តច្បាប់។ លើសពីនេះ ត្រូវបន្តពង្រឹងសមត្ថភាព និងពង្រីកលទ្ធភាពស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីបំផ្លាញអង្គការចាត់តាំង ឧក្រិដ្ឋជនគ្រឿងញៀន ដោយបង្កើនកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ តំបន់ អនុតំបន់ ពិសេសសហការឲ្យបានជិតស្និទ្ធជាមួយប្រទេសជិតខាង។ បន្តពង្រឹងឆន្ទៈ គុណធម៌ស្មោះត្រង់នឹងវិជ្ជាជីវៈ ដើម្បីធានាថាមន្រ្តីអនុវត្តច្បាប់ពិតជាមិនជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ដល់ជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្រាវជ្រាវរកប្រភពផ្គត់ផ្គង់ដោយខុសច្បាប់នូវសារធាតុគីមីផ្សំ និងចាត់វិធានការជំនាញឲ្យបានតឹងរ៉ឹងបំផុតក្នុងការទប់ស្កាត់ការចរាចរ ដឹកជញ្ជូនសារធាតុគីមីផ្សំចូលមកក្នុងប្រទេស ពិសេសតាមច្រកផ្លូវសមុទ្រ រួមទាំងការចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះបទល្មើសជួញដូរសារធាតុគីមីផ្សំដោយខុសច្បាប់ និងឈានទៅបង្ក្រាបឲ្យមានប្រសិទ្ធភាព ក្នុងករណីមានការលួចបង្វែរសារធាតុគីមីផ្សំយកទៅផលិតគ្រឿងញៀនខុសច្បាប់។
អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រៅពីតួនាទីភារកិច្ចដែលមានស្រាប់ ដូចមានក្នុងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់អគ្គលេខាធិការដ្ឋាន ត្រូវធ្វើការតាមដាន និងវាយតម្លៃការអនុវត្តផែនការសកម្មរបស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងសហការជាមួយក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធ ពិនិត្យឡើងវិញ និងធ្វើការកែសម្រួលបើចាំបាច់ នូវរាល់បទដ្ឋានគតិយុត្ត រួមមានដូចជា៖ ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច និងឯកសារគោលផ្សេងៗទៀត ដើម្បីឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនមានភាពគ្រប់ជ្រុងជ្រោយ អាចអនុវត្តទៅបានរលូន និងមានប្រសិទ្ធភាព ព្រមទាំងពិនិត្យឡើងវិញអំពីទំហំការងារឲ្យបានច្បាស់លាស់ទៅតាមវិស័យនីមួយៗ ដើម្បីរៀបចំ និងកំណត់ឲ្យមានការទទួលខុសត្រូវច្បាស់លាស់។ ចំណុចនេះ ក៏អាចពាក់ព័ន្ធដល់ការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធរបស់ អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ដើម្បីធ្វើយ៉ាងណាឲ្យមានលក្ខណៈសមស្របត្រូវសភាពការណ៍ សមជាសេនាធិការឲ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរាជរដ្ឋាភិបាល ក្នុងការសម្របសម្រួល តាមដាន និងវាយតម្លៃ។
លើសពីនេះ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបន្តសម្របសម្រួលជាសេនាធិការក្នុងការអនុវត្ត និងដឹកនាំការងារពហុវិស័យសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងនៅថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវដឹកនាំសម្របសម្រួល ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ ស គ្មានគ្រឿងញៀន ឲ្យដំណើរការដោយរលូន និងមានប្រសិទ្ធភាព ដោយផ្សាភ្ជាប់ជាមួយការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ក្រៅពីតួនាទី ភារកិច្ចដែលមានស្រាប់ដូចមានកំណត់ក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ត្រូវម្ចាស់ការ ដឹកនាំ សម្របសម្រួល និងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងដែនដីរបស់ខ្លួនស្របទៅនឹងការធ្វើវិមជ្ឈការធនធានមនុស្ស និងថវិកា។
លោក នេត្រ សាវឿន ក៏បានគូសបញ្ជាក់ឱ្យ ក្រសួងយុត្តិធម៌ និងគណៈកម្មការ ការតាមដាន ការប្រមូល ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ត្រូវប្រឹងប្រែងឲ្យអស់លទ្ធភាពដោយសហការជាមួយសាលាដំបូងរាជធានី ខេត្ត ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ មធ្យោបាយ និងសម្ភារៈដែលជាកម្មវត្ថុនៃការចាប់យក និងរឹបអូសក្នុងបទល្មើសគ្រឿងញៀន ដើម្បីចាត់ចែង ឬលក់ឡាយឡុង យកថវិកាដាក់ចូលក្នុងមូលនិធិរបស់អាជ្ញាធរជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ពិសេស ត្រូវបន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាពផ្ទៃក្នុងជាតិ ក៏ដូចជាមួយបណ្តាប្រទេសជាប់ព្រំដែន បណ្តាប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍ ដោយខិតខំបង្កើនសកម្មភាព នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្របតាមច្បាប់ និងកិច្ចព្រមព្រៀងនានាដែលបានឯកភាពគ្នាកន្លងមក។ លើសពីនេះ ត្រូវបន្តអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ ឲ្យបានសកម្មផុលផុសព្រមៗ គ្នាដូចជាប្រព័ន្ធតួអង្គតែមួយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទៅដល់ខេត្តក្រចេះរដូវនេះ! កុំភ្លេចសាករសជាតិសម្លត្រីឆ្កោក រដូវទឹកស្រកសំបូរត្រីចុះតាមព្រែកបឹង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់