ព័ត៌មានជាតិ
អង្គការសម្អាតទន្លេសមុទ្រ ប្ដេជ្ញាសម្អាតសំរាមចេញពីទន្លេនៅរាជធានីភ្នំពេញ ឲ្យអស់ ត្រឹមឆ្នាំ ២០២៨
លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ បានមានប្រសាសន៍ថា អង្គការ នឹងសហការជាមួយក្រុមការងារស្ម័គ្រចិត្តធ្វើការសម្អាតសំរាមចេញពីទន្លេនៅរាជធានីភ្នំពេញឲ្យអស់ នៅត្រឹមឆ្នាំ ២០២៨ ខាងមុខ។

ថ្លែងក្នុងទិវាសម្អាតបរិស្ថានពិភពលោកលើកទី ៦ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាបៀរអង្គរ) ក្រោមប្រធានបទ «ទន្លេគ្មានសំរាម» នៅតាមច្រាំងទន្លេសាបត្រើយម្ខាងនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ កញ្ញា លោកបានបន្តថា អង្គការកំពុងនាំចូលទូកប្រមូលសំរាមនៅតាមទន្លេមួយគ្រឿងទៀត ដែលមានសមត្ថភាពប្រមូលសំរាមបន្ថែម ខណៈបច្ចុប្បន្នអង្គការមានទូកចំនួន ១ គ្រឿង កំពុងដំណើរការហើយស្រាប់ ហើយក៏មានក្រុមការងារស្ម័គ្រចិត្តចំនួន ១០០ នាក់ បន្ថែមទៀត ដើម្បីប្រមូលសំរាមតាមច្រាំងទន្លេជារៀងរាល់ថ្ងៃ។

លោក ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បច្ចុប្បន្នរាជធានីភ្នំពេញមានការរីកចម្រើនកាន់តែឈានឡើង ដូច្នេះធ្វើឲ្យចំនួនប្រជាពលរដ្ឋកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះចំនួនសំរាមចេញពីការប្រើប្រាស់ក៏មានការកើនឡើងផងដែរ ក្នុងរង្វង់ ៣៧០០ តោន ក្នុងមួយថ្ងៃ។

លោកបានបន្តថា ការរៀបចំទិវាសម្អាតបរិស្ថានពិភពលោកនេះ ក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយ និងដាស់តឿនដល់ប្រជាពលរដ្ឋឲ្យចូលរួមក្នុងកិច្ចការពារបរិស្ថាន ក៏ដូចជាបញ្ជ្រាបការយល់ដឹងជាសាធារណៈជូនពួកគាត់ឲ្យចេះគ្រប់គ្រងសំរាម។

លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាបៀរអង្គរ) បានសម្ដែងនូវក្ដីរីករាយ និងសាទរជាខ្លាំង ដែលក្រុមហ៊ុនបានក្លាយជាចំណែកមួយក្នុងចលនានេះ។ លោកបន្តថា «សកម្មភាពនៅថ្ងៃនេះ គឺជាផ្នែកមួយ នៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ខេមប្រ៊ូវ ក្នុងការចូលរួមការពារបរិស្ថាន និងសង្គម ស្របតាមគោលដៅចីរភាពរបស់ក្រុមហ៊ុន ‘អភិវឌ្ឍន៍ឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ &ថ្ងៃស្អែក’។ ចលនានេះ នឹងកាន់តែសំខាន់ៗ ទៅ ព្រោះជាការផ្តល់សារស្ដែងចេញជាសកម្មភាពបំផុសស្មារតីអំពីការគ្រប់គ្រងកាកសំណល់ប្រចាំថ្ងៃ ក៏ដូចជាជួយជំរុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននូវទម្លាប់ទុកដាក់សំរាម ហើយក៏ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់រាជរដ្ឋាភិបាល ឯកជន អង្គការសង្គមស៊ីវិល និងប្រជាជន ក្នុងការជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព»។ លោកជឿជាក់ថា ការចូលរួមរបស់យើងទាំងអស់គ្នា នឹងនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន និងបង្កើតអនាគតរួមគ្នាដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នា។

ចំណែកលោក អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ក៏បានអំពាវនាវឲ្យមានការចូលរួមកាន់តែច្រើន កាន់តែសកម្មក្នុងយុទ្ធនាការ «កម្ពុជាស្អាត កម្ពុជាបៃតង» របស់ក្រសួងទេសចរណ៍ ដែលជាសកម្មភាពដ៏សំខាន់មួយ ក្នុងការចូលរួមក្នុងយុទ្ធនាការទីក្រុងស្អាត ដើម្បីលើកស្ទួយមុខមាត់ប្រទេសកម្ពុជា ទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើន។

គួរបញ្ជាក់ថា នៅក្នុងទិវាសម្អាតពិភពលោកលើកទី ៦ នេះ ក៏មានការដាំដើមឈើនៅសាលាបឋមសិក្សាជ្រោយចង្វារ ចំនួន ១០០ ដើម និងទិវាអំពើល្អ ដោយមានការចែកសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋខ្វះខាត ក៏ដូចជាសកម្មភាពនានា ដើម្បីបង្កើនការចូលរួមពីយុវជន ប្រជាពលរដ្ឋ កាន់តែច្រើន៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់