ព័ត៌មានជាតិ
ស្វែងយល់ស្ថាប័នជាតិគ្រប់គ្រងវិស័យអាកាសចរស៊ីវិលនៅកម្ពុជា
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់បេសកកម្មឲ្យដឹកនាំនិងគ្រប់គ្រងវិស័យអាកាសចរស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានមុខងារ និងភារកិច្ចដូចតទៅ៖
– រៀបចំ និងអនុវត្តគោលនយោបាយជាតិស្តីពីវិស័យអាកាសចរស៊ីវិល ដោយរៀបចំគោលការណ៍ ច្បាប់ និងសហការជាមួយស្ថាប័ននានា ដើម្បីអភិវឌ្ឍវិស័យអាកាសចរស៊ីវិល
– ចងក្រង និងរៀបចំតាក់តែងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិ ដែលពាក់ព័ន្ធដល់ការគ្រប់គ្រងអាកាសចរស៊ីវិលជាតិនិងអន្តរជាតិ ព្រមទាំងតាមដានលើការអនុវត្ត
– ធានាផ្តល់សេវាកម្មលើការងារត្រួតពិនិត្យចរាចរដែនអាកាស គ្រប់គ្រងការប្រើប្រាស់ដែនអាកាស ទូរគមនាគមន៍អាកាសចរណ៍ កំណត់តំបន់ហាមឃាត់ ធានាសេវាកម្មឧតុនិយមអាកាសចរស៊ីវិល និងសេវាកម្មផ្សេងៗទៀតដែលជាសមត្ថកិច្ចរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
– រៀបចំបទប្បញ្ញត្តិ បទបញ្ញ និងត្រួតពិនិត្យការដឹកជញ្ជូនតាមផ្លូវអាកាសរបស់សហគ្រាសដឹកជញ្ជូន តាមផ្លូវអាកាស
– ពិនិត្យ និងផ្តល់វិញ្ញាបនបត្រប្រតិបត្តិការផ្លូវអាកាស ដល់ក្រុមហ៊ុនសេវាកម្មអាកាសចរណ៍ និង អាជ្ញាប័ណ្ណដល់ក្រុមអាកាសយានិក អ្នកបច្ចេកទេសរោងជាង អ្នកបច្ចេកទេសថែរក្សាអាកាសយាន ព្រមទាំងធ្វើការចុះបញ្ជីអាកាសយានស៊ីវិលគ្រប់ប្រភេទ
– គ្រប់គ្រងប្រព័ន្ធអេឡិចត្រូនិក ដែលបម្រើឲ្យសេវាកម្មចរាចរដែនអាកាស និងសិក្សាពីតម្រូវការ របស់ប្រព័ន្ធ
– ធានាសន្តិសុខ និងសុវត្ថិភាពហោះហើរដល់សហគ្រាសដឹកជញ្ជូនតាមផ្លូវអាកាសជាតិ និង អន្តរជាតិ ដែលធ្វើសេវាកម្មនៅក្នុង ចេញ-ចូល និងឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា
– គ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអាកាសចរស៊ីវិល ឲ្យស្របតាមតម្រូវការ និងស្តង់ដារបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ
– រៀបចំមជ្ឈមណ្ឌលហ្វឹកហ្វឺន ផែនការហ្វឹកហ្វឺននិងធ្វើការបណ្ដុះបណ្តាលជំនាញបច្ចេកទេស អាកាសចរស៊ីវិលនៅនឹងកន្លែងឲ្យស្របតាមតម្រូវការ និងឆ្លើយតបបានតាមច្បាប់និងបទប្បញ្ញត្តិ ស្តីពីអាកាសចរស៊ីវិលជាតិនិងអន្តរជាតិ
– ចេញបទប្បញ្ញត្តិស្តីពីអាកាសចរស៊ីវិល កម្រងនីតិវិធីប្រតិបត្តិ និងសេចក្តីកំណត់ដោយយោង តាមច្បាប់ស្តីពីអាកាសចរស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា និងស្តង់ដានិងអនុសាសន៍របស់អង្គការ អាកាសចរស៊ីវិលអន្តរជាតិជាមូលដ្ឋាន ព្រមទាំងផ្សព្វផ្សាយ និងអនុវត្តវិធានការសន្តិសុខ និងសុវត្ថិភាព
– គ្រប់គ្រងអាកាសយានដ្ឋានស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំណង់
-ចេញវិញ្ញាបនបត្រអាកាសយានដ្ឋាន និងត្រួតពិនិត្យការប្រតិបត្តិរបស់ប្រតិបត្តិករអាកាសយានដ្ឋាន
– គ្រប់គ្រងការងារជួសជុល ថែទាំ កែលម្អ ការធ្វើនីតិសម្បទា ការអភិវឌ្ឍ និងការសាងសង់ អាកាសយានដ្ឋាន ដែលទទួលខុសត្រូវដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រមទាំង
-តាមដានគម្រោងការអភិវឌ្ឍអាកាសយានដ្ឋានមូលដ្ឋាននិងអន្តរជាតិ
-ចេញអាជ្ញាប័ណ្ណសម្រាប់ការអភិវឌ្ឍពង្រីកអាកាសយានដ្ឋាន និងការកសាងអាកាសយានដ្ឋានថ្មី បន្ទាប់ពីមានការយល់ព្រមពីរាជរដ្ឋាភិបាល
– កំណត់ភូមិសាស្ត្រ និងទីតាំងសម្រាប់ពង្រីកអាកាសយានដ្ឋានដែលមានស្រាប់ និងទីតាំងសម្រាប់ កសាងអាកាសយានដ្ឋានថ្មី ព្រមទាំងកំណត់ព្រំខណ្ឌដីអាកាសយានដ្ឋាន
– រៀបចំកម្មវិធីជាតិស្ដីពីសន្តិសុខអាកាសចរស៊ីវិល និងកម្មវិធីផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងសន្តិសុខអាកាសចរស៊ីវិល ឲ្យស្របតាមស្តង់ដាជាតិនិងអន្តរជាតិ
– អនុវត្តច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិ និងកម្មវិធីជាតិស្ដីពីសន្តិសុខ អាកាសចរស៊ីវិល
– ទទួលខុសត្រូវចំពោះការធ្វើសវនកម្មរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ និងការធ្វើអធិការកិច្ចលើវិស័យអាកាសចរស៊ីវិល
– ស៊ើបអង្កេត និងវាយតម្លៃឧប្បត្តិហេតុ ឬគ្រោះថ្នាក់អាកាសចរណ៍ ដោយសហការជាមួយក្រសួង សា្ថប័នជាតិ និងអន្តរជាតិពាក់ព័ន្ធ
-ធ្វើផែនការ និងអនុវត្តចំណូល-ចំណាយថវិកា ឲ្យស្របតាមច្បាប់ហិរញ្ញវត្ថុ
– ផ្សព្វផ្សាយការងារបច្ចេកទេសពាក់ព័ន្ធនឹងវិស័យអាកាសចរស៊ីវិល
– ធ្វើរបាយការណ៍ពីសកម្មភាពរបស់ខ្លួនតាមកាលកំណត់ជូនរាជរដ្ឋាភិបាល
-អនុវត្តភារកិច្ចផ្សេងទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូន។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានរចនាសម្ព័ន្ធ៖
– អគ្គនាយកដ្ឋានបច្ចេកទេស
– អគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ
– ខុទ្ទកាល័យ
– អង្គភាពស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ ថ្នាក់ស្មើនាយកដ្ឋាន
– នាយកដ្ឋានសេវាកម្មអាកាសចរណ៍
– អាកាសយានដ្ឋានអន្តរជាតិ ថ្នាក់ស្មើនាយកដ្ឋាន
– នាយកដ្ឋានដឹកជញ្ជូនតាមផ្លូវអាកាស
– នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងនីតិកម្ម
– វិទ្យាស្ថានជាតិអាកាសចរស៊ីវិល ថ្នាក់ស្មើនាយកដ្ឋាន
– អាកាសយានដ្ឋានមូលដ្ឋាន ថ្នាក់ស្មើការិយាល័យ
អគ្គនាយកដ្ឋានបច្ចេកទេស
អគ្គនាយកដ្ឋានបច្ចេកទេសមានភារកិច្ចដឹកនាំសម្របសម្រួល និងគ្រប់គ្រងសកម្មភាពលើការងារ ស្តង់ដានិងសុវត្ថិភាពហោះហើរ លទ្ធភាពហោះហើរ ស្តង់ដានិងសុវត្ថិភាពនាំផ្លូវអាកាស ស្ដង់ដានិងសុវត្ថិភាព អាកាសយានដ្ឋាន ការងារសន្តិសុខអាកាសចរស៊ីវិល និងត្រួតពិនិត្យសន្តិសុខនិងសុវត្ថិភាពអាកាសចរណ៍។
អគ្គនាយកដ្ឋានបច្ចេកទេស ដឹកនាំដោយអគ្គនាយកមួយរូប អមដោយអគ្គនាយករងមួយចំនួន ជាជំនួយការ តាមការចាំបាច់។
អគ្គនាយកដ្ឋានបច្ចេកទេសមាននាយកដ្ឋានចំណុះចំនួន០៦ (ប្រាំមួយ)៖
– នាយកដ្ឋានស្ដង់ដា និងសុវត្ថិភាពហោះហើរ
– នាយកដ្ឋានលទ្ធភាពហោះហើរ
– នាយកដ្ឋានស្ដង់ដា និងសុវត្ថិភាពនាំផ្លូវអាកាស
– នាយកដា្ឋនស្ដង់ដា និងសុវត្ថិភាពអាកាសយានដ្ឋាន
– នាយកដ្ឋានសន្តិសុខអាកាសចរស៊ីវិល
– នាយកដ្ឋានត្រួតពិនិត្យ សន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍។
អគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ
អគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ មានភារកិច្ចដឹកនាំ សម្របសម្រួល និងគ្រប់គ្រង សកម្មភាពលើការងាររដ្ឋបាល មន្ត្រីរាជការ ការអភិវឌ្ឍនិងបណ្ដុះបណ្តាលធនធានមនុស្ស ភស្តុភារ ហិរញ្ញកិច្ច ផែនការ យុទ្ធសាស្ត្រ និងគោលនយោបាយអភិវឌ្ឍន៍វិស័យអាកាសចរស៊ីវិល។
អគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ដឹកនាំដោយអគ្គនាយកមួយរូប អមដោយអគ្គនាយករងមួយចំនួនជាជំនួយការតាមការចាំបាច់។
អគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅមាននាយកដ្ឋានចំណុះចំនួន០៣ (បី)៖
– នាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស
– នាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ
-នាយកដ្ឋានផែនការ យុទ្ធសាស្ត និងគោលនយោបាយ។
ខុទ្ទកាល័យរដ្ឋលេខាធិការទទួលបន្ទុកបេសកកម្មទាំងឡាយ ដែលបានកំណត់តាមបទប្បញ្ញត្តិ នៃ អនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅ របស់ ក្រសួង និងរដ្ឋលេខាធិការដ្ឋាន។
អង្គភាពស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍
អង្គភាពស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍មានភារកិច្ច៖
– ចូលរួមស៊ើបអង្កេត និងវាយតម្លៃឧប្បត្តិហេតុ ឬគ្រោះថ្នាក់ពាក់ព័ន្ធដល់វិស័យអាកាសចរណ៍ ដោយសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិពាក់ព័ន្ធ
– ស៊ើបអង្កេតឧប្បត្តិហេតុ ឬគ្រោះថ្នាក់ពាក់ព័ន្ធដល់អាកាសយានទាំងក្នុង និងក្រៅប្រទេស ដែល បានចុះបញ្ជីនៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិពាក់ព័ន្ធ
– ទទួលខុសត្រូវ និងសហការរៀបចំ និងអនុវត្តរាល់កិច្ចព្រមព្រៀងស្តីពីឧប្បត្តិហេតុ ឬគ្រោះថ្នាក់ ពាក់ព័ន្ធដល់វិស័យអាកាសចរណ៍
– ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលស៊ើបអង្កេត និងគ្រប់គ្រងព័ត៌មាន
– រៀបចំផែនការទប់ស្កាត់ឧប្បត្តិហេតុ ឬគ្រោះថ្នាក់ពាក់ព័ន្ធដល់វិស័យអាកាសចរណ៍
– ទទួលខុសត្រូវចំពោះការធ្វើសវនកម្មរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ
-ពិនិត្យ និងផ្តល់យោបល់លើការវាយតម្លៃបច្ចេកទេស ដែលទាក់ទងនឹងឧប្បត្តិហេតុ ឬគ្រោះថ្នាក់ ពាក់ព័ន្ធដល់វិស័យអាកាសចរណ៍ និងសុំការសម្រេចពីថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋាន
– ធ្វើរបាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន
– អនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានប្រគល់ជូន។
អង្គភាពស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ ដឹកនាំដោយប្រធានមួយរូប អមដោយអនុប្រធាន មួយចំនួនជាជំនួយការតាមការចាំបាច់។
នាយកដ្ឋានសេវាកម្មអាកាសចរណ៍
នាយកដ្ឋានសេវាកម្មអាកាសចរណ៍ មានភារកិច្ច៖
– គ្រប់គ្រងចាត់ចែង និងផ្តល់សេវាកម្មនាំផ្លូវអាកាសនៅក្នុង ចេញ-ចូល និងឆ្លងកាត់ដែនអាកាស នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុលោមឲ្យស្របទៅតាមច្បាប់ បទប្បញ្ញត្តិអាកាសចរស៊ីវិល កម្ពុជា និងស្តង់ដានិងអនុសាសន៍របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិរួមមាន៖
ក- គ្រប់គ្រង និងផ្តល់សេវាកម្មព័ត៌មានឧតុនិយម និងអាកាសចរវិទ្យា
ខ- គ្រប់គ្រង និងត្រួតពិនិត្យចរាចរនាំផ្លូវអាកាស
គ- គ្រប់គ្រង និងត្រួតពិនិត្យលើប្រព័ន្ធទូរគមនាគមន៍ ប្រព័ន្ធបរិក្ខារអេឡិចត្រូនិចនាំផ្លូវអាកាស និងស្ថានីយ៍ផ្កាយរណប។
– សហការលើការងាររុករក សង្គ្រោះ និងពន្លត់អគ្គីភ័យ
– សហការលើការងារផ្តល់សេវាកម្មអាកាសយានដ្ឋាន
– ទទួលខុសត្រូវចំពោះការធ្វើសវនកម្មរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ
-ពិនិត្យ និងផ្តល់យោបល់លើការវាយតម្លៃបច្ចេកទេស ដែលពាក់ព័ន្ធដល់ប្រព័ន្ធ និងសេវាកម្មនាំផ្លូវ អាកាស និងសុំការសម្រេចពីថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋាន
-ធ្វើរបាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន
-អនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានប្រគល់ជូន។
នាយកដ្ឋានសេវាកម្មអាកាសចរណ៍ ដឹកនាំដោយប្រធាននាយកដ្ឋានមួយរូប អមដោយអនុប្រធាននាយកដ្ឋានមួយចំនួនជាជំនួយការ តាមការចាំបាច់។
អាកាសយានដ្ឋានអន្តរជាតិ
អាកាសយានដ្ឋានអន្តរជាតិមានភារកិច្ច៖
-នាយកអាកាសយានដ្ឋានអន្តរជាតិនីមួយៗ ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ
-សហការជាមួយក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ ក្នុងការគ្រប់គ្រងកិច្ចប្រតិបត្តិការ និងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិ
-សហការជាមួយក្រុមហ៊ុនគ្រប់គ្រងសេវាកម្មចរាចរដែនអាកាស ក្នុងការគ្រប់គ្រងកិច្ចប្រតិបត្តិការ និងការអភិវឌ្ឍប្រព័ន្ធនាំផ្លូវអាកាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា
– សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុន គ្រប់គ្រងសេវាកម្មនាំផ្លូវអាកាស ក្រុមហ៊ុនអាកាសចរណ៍ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការធ្វើអាជីវកម្មនៅក្នុងនិងជុំវិញអាកាស យានដ្ឋានអន្តរជាតិ
-សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការដឹកនាំធ្វើលំហាត់ សមយុទ្ធ គ្រប់គ្រងគ្រោះអាសន្នឲ្យបានទៀងទាត់ និងចូលរួមកែលម្អផែនការគ្រប់គ្រងគ្រោះអាសន្ន ជាមួយក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ
-ពិនិត្យ និងផ្តល់យោបល់លើការវាយតម្លៃបច្ចេកទេស ដែលទាក់ទងទៅនឹងការគ្រប់គ្រង និងការអភិវឌ្ឍអាកាសយានអន្តរជាតិ និងសុំការសម្រេចពីថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋាន
– សហការទទួលខុសត្រូវ ចំពោះការធ្វើសវនកម្មរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ
– ធ្វើរបាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន
– អនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានប្រគល់ជូន។
នាយកដា្ឋនដឹកជញ្ជូនតាមផ្លូវអាកាស
នាយកដ្ឋានដឹកជញ្ជូនតាមផ្លូវអាកាស មានភារកិច្ច៖
-រៀបចំ និងចងក្រងគោលនយោបាយ និងបទប្បញ្ញត្តិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឲ្យស្របទៅ តាមគោលបំណង និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការអាកាសចរស៊ីវិលអន្តរជាតិ
– ជួយគាំទ្រឲ្យមាននិរន្តភាពទីផ្សារសេដ្ឋកិច្ច និងប្រសិទ្ធភាពឧស្សាហកម្មដឹកជញ្ជូតាមផ្លូវអាកាស
– រៀបចំ ចរចា និងបង្កើតអនុស្សរណៈយោគយល់ កិច្ចព្រមព្រៀង និងលិខិតបទដ្ឋានគតិយុត្តនានា ស្តីពីការធ្វើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស
-ចូលរួមគ្រប់គ្រង និងចាត់ចែងលើការងារអាកាសចរណ៍ចាំបាច់មួយចំនួន ដូចជា សេរីភាវូបនីយកម្ម ដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយសមាគមន៍អាស៊ាន និងអង្គការដទៃទៀតទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ ដោយសហការជាមួយនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងនីតិកម្ម
– ពិនិត្យ និងវាយតម្លៃបច្ចេកទេសក្នុងការផ្ដល់លិខិតអនុញ្ញាត ឬវិញ្ញាបនបត្រដឹកជញ្ជូនតាមផ្លូវអាកាស ដោយសហការជាមួយនាយកដ្ឋានស្ដង់ដានិងសុវត្ថិភាពហោះហើរ និងនាយកដ្ឋានលទ្ធភាពហោះហើរ
– ពិនិត្យ និងវាយតម្លៃបច្ចេកទេសក្នុងការផ្ដល់លិខិតអនុញ្ញាតដឹកជញ្ជូនទំនិញគ្រោះថ្នាក់តាមផ្លូវ អាកាស ដោយសម្របសម្រួលជាមួយនាយកដ្ឋានស្តង់ដា និងសុវត្ថិភាពហោះហើរ និងនាយកដា្ឋន សន្តិសុខអាកាសចរស៊ីវិល
– រៀបចំ និងផ្តល់ការអនុញ្ញាតសេវាកម្មហោះហើរតាមកម្មវិធី និងក្រៅកម្មវិធី និងរៀបចំចងក្រង ឯកសារស្ថិតិ និងទិន្នន័យស្តីពីអាកាសចរស៊ីវិល ដោយសហការជាមួយនាយកដ្ឋាន និងស្ថាប័ន ពាក់ព័ន្ធ
– ទទួលខុសត្រូវចំពោះការធ្វើសវនកម្មរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ
– ពិនិត្យ និងផ្តល់យោបល់លើការវាយតម្លៃបច្ចេកទេស និងសេដ្ឋកិច្ច ដែលពាក់ព័ន្ធដល់គោល នយោបាយដឹកជញ្ជូនតាមផ្លូវអាកាស និងសុំការសម្រេចពីថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋាន
– ធ្វើរបាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន
– អនុវត្តភារកិច្ចផ្សេងទៀតដែលថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានប្រគល់ជូន។
នាយកដ្ឋានដឹកជញ្ជូនតាមផ្លូវអាកាស ដឹកនាំដោយប្រធាននាយកដ្ឋានមួយរូប អមដោយអនុប្រធាន នាយកដ្ឋានមួយចំនួនជាជំនួយការ តាមការចាំបាច់។
នាយកដា្ឋនទំនាក់ទំនងអន្តរជាតិ និងនីតិកម្ម
នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងនីតិកម្ម មានភារកិច្ច៖
– សហប្រតិបត្តិការនិងសម្របសម្រួលរាល់ការងារជាមួយអង្គការអាកាសចរស៊ីវិលអន្តរជាតិស្តីពីការកំណត់ស្តង់ដា និងអនុសាសន៍ដែលត្រូវយកទៅអនុវត្ត កម្មវិធីសវនកម្មសន្តិសុខ និងសុវត្ថិភាព
-កម្មវិធីហ្វឹកហ្វឺន កម្មវិធីការងារ និងព្រឹត្តិការណ៍ដែលទាក់ទងនឹងអាកាសចរស៊ីវិល និងការបង់វិភាគទាន
– សហការសម្របសម្រួលរៀបចំកិច្ចប្រជុំ និងបដិសណ្ឋារកិច្ច
– គ្រប់គ្រងបណ្ណាល័យ និងមជ្ឈមណ្ឌលឯកសាររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
– សិក្សារៀបចំតាក់តែងសេចក្តីព្រាងបទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តនានា ឬសិក្សារៀបចំ ធ្វើវិសោធនកម្ម ការកែសម្រួលបទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធវិស័យអាកាសចរ ស៊ីវិលជាតិ និងអន្តរជាតិ ដោយសហការជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងផ្សព្វផ្សាយ និងតាមដានការអនុវត្ត
– ចូលរួមពិនិត្យផ្តល់យោបល់លើការតាក់តែង ឬការកែសម្រួលឯកសារគតិយុត្ត ដូចជា កិច្ចព្រមព្រៀង អនុស្សរណៈយោគយល់ កិច្ចសន្យា និងសេចក្តីកំណត់និងសេចក្តីណែនាំទាំងឡាយណា ដែលបម្រើឲ្យផលប្រយោជន៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
– សម្របសម្រួលរាល់ការងារជាមួយបណ្តាស្ថាប័ន អង្គការ សមាគមន៍ជាតិ អន្តរជាតិ និងបណ្ត ប្រទេសជាមិត្ត ដែលទាក់ទងទៅនឹងការងារច្បាប់ និងគម្រោងសហប្រតិបត្តិការផ្តល់ជំនួយ
-ពិនិត្យ និងផ្តល់យោបល់លើការងារដែលទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និង នីតិកម្ម និងសុំការសម្រចពីថ្នាក់នាំរដ្ឋលេខាធិការដ្ឋាន
-សហការទទួលខុសត្រូវចំពោះការធ្វើសវនកម្មរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ
– ធ្វើរបាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន
– អនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានប្រគល់ជូន។
នាយកដា្ឋនទំនាក់ទំនងអន្តរជាតិ និងនីតិកម្ម ដឹកនាំដោយប្រធាននាយកដ្ឋានមួយរូបអមដោយ អនុប្រធាននាយកដ្ឋានមួយចំនួនជាជំនួយការ តាមការចាំបាច់។
វិទ្យាស្ថានជាតិអាកាសចរស៊ីវិល (ថ្នាក់ស្មើអគ្គនាយកដ្ឋាន)
វិទ្យាស្ថានជាតិអាកាសចរស៊ីវិលមានភារកិច្ចដូចតទៅ៖
– ធ្វើការបណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញបច្ចេកទេសក្នុងវិស័យអាកាសចរស៊ីវិល ទៅតាមកម្មវិធី និងផែនការបណ្តុះបណ្តាល ឲ្យស្របតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យអាកាសចរ ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា និងឲ្យស្របតាមស្តង់ដានិងអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ
– ពង្រឹងគុណភាព និងសមត្ថភាពជំនាញរបស់មន្ត្រីពាក់ព័ន្ធ ឲ្យស្របតាមផែនការអភិវឌ្ឍធនធាន មនុស្សនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសដឹកជញ្ជូន តាមផ្លូវអាកាសទាំងរដ្ឋ និងឯកជន
– សហការ និងផ្លាស់ប្ដូរបទពិសោធជាមួយស្ថាប័នជាតិនិងអន្តរជាតិ បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យអាកាសចរស៊ីវិល
– ពិនិត្យ ផ្តល់យោបល់លើការងារដែលទាក់ទងនឹងមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល និងសុំការសម្រេចពីថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋាន
– ទទួលខុសត្រូវចំពោះការធ្វើសវនកម្មរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ
– ធ្វើរបាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន
– អនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានប្រគល់ជូន។
វិទ្យាស្ថានជាតិអាកាសចរស៊ីវិល ដឹកនាំដោយនាយកមួយរូប (ឋានៈស្មើអគ្គនាយក) អមដោយនាយករងមួយចំនួនជាជំនួយការតាមការចាំបាច់។
អាកាសយានដ្ឋានមូលដ្ឋាន
អាកាសយានដ្ឋានមូលដ្ឋាន មានភារកិច្ច៖
– នាយកអាកាសយានដ្ឋានមូលដ្ឋាននីមួយៗ ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលក្នុងការសម្របសម្រួល គ្រប់គ្រងកិច្ចប្រតិបត្តិការអាកាសយានដ្ឋានមូលដ្ឋាន
– ធានាសុវត្ថិភាពហោះហើរ និងចុះចតឲ្យអាកាសយានរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុង ធ្វើសេវាកម្មនៅអាកាសយានដ្ឋាន
– អនុវត្តការងារត្រួតពិនិត្យ និងគ្រប់គ្រងសេវាកម្មចរាចរដែនអាកាស ក្នុងដែនទទួលខុសត្រូវរបស់អាកាសយានដ្ឋាន
– សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការធ្វើអាជីវកម្មនៅក្នុង និងជុំវិញអាកាសយានដ្ឋានមូលដ្ឋាន
– សហការរុករក សង្គ្រោះ និងពន្លត់អគ្គីភ័យនៅក្នុង និងជុំវិញអាកាសយានដ្ឋាន ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ
– សហការចូលរួមពិនិត្យនិងផ្តល់យោបល់លើផែនការជួសជុលកែលម្អនិងអភិវឌ្ឍន៍អាកាស យានដ្ឋានមូលដ្ឋាន និងប្រព័ន្ធនាំផ្លូវអាកាស និងសុំការសម្រេចពីថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋាន
– ទទួលខុសត្រូវចំពោះការធ្វើសវនកម្មរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ
– ធ្វើរបាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន
– អនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានប្រគល់ជូន។
អាកាសយានដ្ឋានមូលដ្ឋាន ដឹកនាំដោយនាយកមួយរូប អមដោយនាយករងមួយចំនួនជាជំនួយការតាមការចាំបាច់។
អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ
អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមល័ក្ខខ័ណ្ឌនៃបទបញ្ហាកំណត់ក្នុងអនុក្រឹត្យលេខ៨១ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត ស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកាក្នុងបណ្តាក្រសួង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា