Connect with us

ព័ត៌មានជាតិ

ស្វែងយល់ពី​បេសកកម្ម មុខងារ ​ភារកិច្ច និងរចនាសម្ព័ន្ធនៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី

បានផុស

នៅ

ទីស្តីការគណៈរដ្ឋមន្ត្រី​មានបេសកកម្មដឹកនាំ គ្រប់គ្រង និងសម្របសម្រួល​កិច្ចការប្រចាំថ្ងៃរបស់​គណៈរដ្ឋមន្ត្រីក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីស្តីការគណៈរដ្ឋមន្ត្រីមានមុខងារ និងភារកិច្ចដូចតទៅ៖

១- សម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រី៖

-សិក្សាស្រាវជ្រាវបូកសរុបសភាព​ការណ៍​ទូទៅ និងធ្វើរបាយការណ៍​ជូនរាជរដ្ឋាភិបាល ដើម្បី​រាយការណ៍​ថ្វាយព្រះមហាក្សត្រ និង​ចម្លងជូន​ប្រធានព្រឹទ្ធសភា​និងប្រធាន​រដ្ឋសភា

– ផ្សព្វផ្សាយ​និង​ចាត់ចែងអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត សេចក្តីសម្រេច បទបញ្ជា គោលការណ៍​ណែនាំ និងលិខិតរដ្ឋបាលនានារបស់រាជរដ្ឋាភិបាល

-តាមដាន ពិនិត្យ ក្រើនរំលឹក​ក្រសួង​ស្ថាប័ននានាចំណុះរាជរដ្ឋាភិបាល ក្នុងការអនុវត្ត​កម្មវិធី​នយោបាយ លិខិត​បទដ្ឋានគតិយុត្ត សេចក្តី​សម្រេច បទបញ្ហា និង​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល

-ផ្តល់យោបល់លើទិដ្ឋភាព​ទម្រង់និងទិដ្ឋភាពច្បាប់​លើការងារតាក់តែងសេចក្តីព្រាង​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ ផែនការ​សកម្មភាព និង​ឯកសារផ្សេងៗ​ទៀតឱ្យមានសង្គតិភាព

-ត្រួតពិនិត្យលើ​លិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងស្ថាប័ន​នៅថ្នាក់ជាតិនិងរដ្ឋបាល ថ្នាក់ក្រោម​ជាតិ​ដែលមិនស្របនឹង​លិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល

-តាមដាន ពិនិត្យ និងពិចារណាលើគ្រប់សំណើ​របស់ក្រសួងស្ថាប័ន និងលើកយោបល់ តាម​កម្មវិធី​នយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលនយោបាយ​របស់​រាជរដ្ឋាភិបាល​តាមទិដ្ឋភាព​ច្បាប់ សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ជូន​នាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ​និងសម្រេច

-រៀបចំកម្មវិធីការងារ​របស់រាជរដ្ឋាភិបាល និងធ្វើរបាយការណ៍ប្រចាំសប្ដាហ៍ ខែ ត្រីមាស ឆមាស និង​ប្រចាំឆ្នាំ

-រៀបចំអង្គប្រជុំរបស់គណៈរដ្ឋមន្ត្រី អង្គប្រជុំអន្តរក្រសួង កិច្ចប្រជុំ​ជំនាញបច្ចេកទេស និង​អង្គ​ប្រជុំ​ផ្សេងៗទៀត

-អនុវត្តភារកិច្ចផ្សេងៗទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។

២- ជាសេនាធិការជូនរាជរដ្ឋាភិបាល៖

-សិក្សា វិភាគអំពីទិដ្ឋភាពច្បាប់និង​សភាពការណ៍សេដ្ឋកិច្ច សង្គម និងវប្បធម៌

-ជួយ​លើ​កិច្ចការ​នយោបាយ សិទិ្ធមនុស្ស ការពង្រឹងនិងពង្រីក​ទំនាក់ទំនង​ជាមួយ សង្គមស៊ីវិល និង​អង្គការ​មិនមែន​រដ្ឋាភិបាល

-ពង្រឹង​ការអភិវឌ្ឍ​ប្រទេសជាតិ កិច្ចការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ការពារ​ជាតិ និង​អភិបាលកិច្ច​ល្អ តាមរយៈ​យន្តការ​គណៈកម្មាធិការ ក្រុមប្រឹក្សា និង​អាជ្ញាធរ

-រៀបចំ​សំណៅ​ដែលមានតម្លៃជាការចែកផ្សាយព្រះរាជក្រមនិងព្រះរាជក្រឹត្យ -តម្កល់និងថែរក្សាសំណៅដើម​ព្រះរាជក្រម ព្រះរាជក្រឹត្យ និង​លិខិតបទដ្ឋានគតិយុត្ត​ផ្សេង​ទៀត

-អនុវត្តភារកិច្ចផ្សេងៗទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។

៣- គ្រប់គ្រង និងចាត់ចែងការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី៖

-សិក្សាស្រាវជ្រាវ តាមដាន ពិនិត្យពិចារណា និងផ្តួចផ្តើមលើកយោបល់​ជូននាយក រដ្ឋមន្ត្រី​លើ​គ្រប់វិស័យ

– សិក្សាស្រាវជ្រាវ​ដោយសហការជាមួយ​ក្រសួងស្ថាប័នពាក់ព័ន្ធ សង្គមស៊ីវិល អង្គការ មិនមែន​រដ្ឋាភិបាល និង​ផ្នែកឯកជន ដើម្បីលើកគម្រោង​កសាងសេចក្តីព្រាងច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តផ្សេងទៀត

-ទំនាក់ទំនង សម្របសម្រួល និងផ្តល់យោបល់ដល់ក្រសួងស្ថាប័នពាក់ព័ន្ធនឹងការតាក់តែង​សេចក្តីព្រាងច្បាប់​និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ឱ្យស្របតាមអាទិភាព​នៃកម្មវិធី​នយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលនយោបាយ​របស់រាជរដ្ឋាភិបាល

-សិក្សា​និងតាមដានអត្ថបទច្បាប់​និងលិខិតបទដ្ឋានគតិយុត្តទាំងឡាយដែលប្រកាស​ឱ្យប្រើ ហើយ​លែងសមស្រប​នឹងសភាពការណ៍ជាក់ស្តែងដើម្បីលើកយោបល់​ជូនរាជរដ្ឋាភិបាល​ ដើម្បីពិនិត្យ​និងសម្រេចក្នុងការស្នើធ្វើ​វិសោធនកម្មឬធ្វើការ​កែ​សម្រួល

-រក្សាការពារកិត្យានុភាព​របស់រាជរដ្ឋាភិបាល​ ដោយធ្វើការបកស្រាយ​បំភ្លឺតាមរយៈការធ្វើ​ប្រតិកម្ម​រហ័ស ការធ្វើសន្និសីទកាសែត​ សិក្ខាសាលាឬបណ្ដាញព័ត៌មានសង្គមផ្សេងៗ

-តាមដាន​ពិនិត្យ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ គោលនយោបាយ និង​លិខិត​បទដ្ឋាន​គតិយុត្តរបស់រាជរដ្ឋាភិបាល

-គ្រប់គ្រង​និងសម្របសម្រួល​ការងាររបស់ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ និង​អង្គភាពនានា​ចំណុះ​ទីស្តីការគណៈរដ្ឋមន្ត្រី

-គ្រប់គ្រងទ្រព្យ​សម្បត្តិរដ្ឋនិង​មន្ត្រីរាជការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី

-គ្រប់គ្រងនិងដោះស្រាយ​ថវិកា មធ្យោបាយសម្ភារៈ ដើម្បីបម្រើសកម្មភាព​នានា របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​និងនាយករដ្ឋមន្ត្រី

– គ្រប់គ្រង​ការងាររាជកិច្ច

– គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា​របស់ទីស្តីការ​គណៈរដ្ឋមន្តី

-គ្រប់គ្រង​និងថែរក្សាឯកសារ​របស់ទីស្តីការ​គណៈរដ្ឋមន្ត្រី​និងឯកសាររបស់ជាតិ

-ពិនិត្យ​និងរៀបចំគ្រឿង​ឥស្សរិយយស សញ្ញាសក្ដិ និង​ឯកសណ្ឋាន

-ទទួលបន្ទុករ៉ាប់រងការងារ​ពិធីការ សម្រាប់នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំទីស្តីការ​គណៈរដ្ឋមន្តី

-ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណនៅក្នុងបរិវេណទីស្ដីការគណៈរដ្ឋមន្ត្រី

-គ្រប់គ្រងនិង​សម្របសម្រួលការងារ​របស់រាជបណ្ឌិត្យសភាកម្ពុជា -គ្រប់គ្រងនិងសម្របសម្រួលការងារមេធាវីរាជរដ្ឋាភិបាល

-ចាត់ចែង​បញ្ជូនសេចក្តីព្រាងច្បាប់​ទៅស្ថាប័ន​នីតិប្បញ្ញត្តិ​ដើម្បីសុំការពិនិត្យនិង អនុម័ត និង​សម្របសម្រួល​សហការ​ជាមួយក្រសួង ស្ថាប័ន ដើម្បី​រៀបចំ​តំណាង​រាជរដ្ឋាភិបាល​ទៅ​កាពារ​សេចក្តីព្រាងច្បាប់​នៅស្ថាប័ននីតិប្បញ្ញត្តិ

-រៀបចំ​បែបបទថ្វាយ​ព្រះមហាក្សត្រ​សូមឡាយ​ព្រះហស្តលេខាលើ​ព្រះរាជក្រម​ប្រកាស​ឱ្យ​ប្រើ​ច្បាប់

-សម្របសម្រួល​ការងារ​សំណួរ ចម្លើយ​សភា

-អនុវត្តភារកិច្ចផ្សេងៗទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី

ទីស្តីការគណៈរដ្ឋមន្ត្រីមានរចនាសម្ព័ន្ធដូចតទៅ៖

១- ខុទ្ទកាល័យ

២- អគ្គនាយកដ្ឋាន

-អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
-អគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅ
-អគ្គនាយកដ្ឋានសហប្រតិបត្តិការ​អន្តរជាតិ
-អគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុង
-អគ្គនាយកដ្ឋានសេដ្ឋកិច្ចនិងទេសចរណ៍
-អគ្គនាយកដ្ឋានកិច្ចការសង្គម
-អគ្គនាយកដ្ឋានផលិតកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់
-អគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ

៣- នាយកដ្ឋានសវនកម្មផ្ទៃក្នុង

៤- រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី

អគ្គនាយកដ្ឋាននីមួយៗដឹកនាំដោយអគ្គនាយកមួយរូប ​និងអមដោយអគ្គនាយករងមួយចំនួនជាជំនួយការ។ នាយកដ្ឋាននីមួយៗដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួនជាជំនួយការ។

ខុទ្ទកាល័យ

ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងខុទ្ទកាល័យរដ្ឋមន្ត្រីទទួល​បន្ទុកទីស្តីការ​គណៈរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​​ទាំងឡាយ ដែល​មានកំណត់​ក្នុងអនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ​និងការប្រព្រឹត្តទៅ​របស់ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន និងអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង​និង​រដ្ឋលេខាធិការដ្ឋាន​។

អគ្គនាយកដា្ឋនរដ្ឋបាល និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុមានតួនាទីនិងភារកិច្ចដឹកនាំ គ្រប់គ្រង និងសម្របសម្រួលកិច្ច ការរដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ​រដ្ឋ ពិធីការ និងការងារ​សន្តិសុខផ្ទៃក្នុង។ អគ្គនាយកដ្ឋានរដ្ឋបាលនិងហរិញ្ញវត្ថុ មាននាយកដ្ឋានចំនួន៤(បួន)៖

-នាយកដ្ឋានរដ្ឋបាល
-នាយកដ្ឋាន​ផ្គត់ផ្គង់​និង​ហិរញ្ញវត្ថុ
-នាយកដ្ឋាន​បុគ្គលិក
-នាយកដ្ឋាន​ពិធីការ

អគ្គនាយកដា្ឋនសម្របសម្រួលកិច្ចការទូទៅ

អគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅ មានតួនាទីនិងភារកិច្ចរៀបចំ ចាត់ចែង និងសម្រប សម្រួល​ការងារ​សម្រាប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កិច្ចប្រជុំអន្តរក្រសួង និង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​ កិច្ចការ​ស្រាវជ្រាវនិងរៀបចំឯកសារសម្រាប់គាំទ្រ​កិច្ចប្រជុំ ការងារ​ប្រព័ន្ធព័ត៌មានវិទ្យា កិច្ចការ​សរុប ធ្វើរបាយការណ៍​ស្ដីពីសកម្មភាពការងាររបស់រាជរដ្ឋាភិបាល​និងការងារឥស្សរិយយស។

អគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការទូទៅមាននាយកដ្ឋានចំនួន ៥ (ប្រាំ)៖

-នាយកដ្ឋាន​រៀបចំ​កិច្ច​ប្រជុំ​ពេញ​អង្គ និង​កិច្ច​ប្រជុំផ្សេង​ទៀត​
-នាយកដ្ឋាន​ស្រាវជ្រាវ​និង​រៀបចំ​ឯកសារ​គាំទ្រ​កិច្ច​ប្រជុំ
-នាយកដ្ឋាន​ឯកសារ​អេឡិចត្រូនិក ​និង​ព័ត៌មានវិទ្យា
-នាយកដ្ឋាន​សរុប
-នាយកដ្ឋាន​ឥស្សរិយយស

អគ្គនាយកដា្ឋនសហប្រតិបត្តិការអន្តរជាតិ

អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ មានតួនាទីនិងភារកិច្ចទំនាក់ទំនង និង​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ននានាពាក់ព័ន្ធនឹងវិស័យទំនាក់ទំនងអន្តរជាតិ​និង​កិច្ចការអាស៊ាន។

អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ មាននាយកដ្ឋានចំនួន២(ពីរ)៖

-នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ
-នាយកដ្ឋាន​អាស៊ាន

អគ្គនាយកដា្ឋនសម្របសម្រួលកិច្ចការផ្ទៃក្នុង

អគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុង មានតួនាទីនិងភារកិច្ច​ទំនាក់ទំនង​និងសម្របសម្រួល ការងារផ្ទៃក្នុង​ជាមួយក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ ស្ថាប័ន​ធម្មនុញ្ញ និង​ក្រសួង​ស្ថាប័នពាក់ព័ន្ធ។

អគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុងមាននាយកដ្ឋានចំនួន ៣ (បី)៖

-នាយកដ្ឋាន​មហាផ្ទៃ ការពារជាតិ យុត្តិធម៌ ស្ថាប័ន​ធម្មនុញ្ញ
-នាយកដ្ឋាន​មុខងារ​សាធារណៈ ​និង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច
-នាយកដ្ឋាន​ព័ត៌មាន ប្រៃសណីយ៍ និង​ទូរគមនាគមន៍

អគ្គនាយកដា្ឋនសេដ្ឋកិច្ចនិងទេសចរណ៍

អគ្គនាយកដ្ឋានសេដ្ឋកិច្ចនិងទេសចរណ៍​មានតួនាទីនិងភារកិច្ចទំនាក់ទំនង ​និងសម្របសម្រួល ជាមួយ​ក្រសួង​ស្ថាប័ននានាពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ មីក្រូហិរញ្ញវត្ថុ ឧស្សាហកម្ម សិប្បកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម និងទេសចរណ៍។

អគ្គនាយកដ្ឋានសេដ្ឋកិច្ច និងទេសចរណ៍មាននាយកដ្ឋានចំនួន ៤ (បួន)៖

-នាយកដ្ឋាន​ហិរញ្ញវត្ថុ​និង​ធនាគារ
-នាយកដ្ឋាន​ឧស្សាហកម្ម សិប្បកម្ម រ៉ែ និង​ថាមពល
-នាយកដ្ឋាន​ពាណិជ្ជកម្ម​និងទេសចរណ៍
-នាយកដ្ឋាន​ផែនការ​និង​អភិវឌ្ឍ

អគ្គនាយកដ្ឋានកិច្ចការសង្គម

អគ្គនាយកដ្ឋានកិច្ចការសង្គម​មានតួនាទីនិងភារកិច្ចទំនាក់ទំនង​និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា​ពាកព័ន្ធ​វិស័យអបរំ វប្បធម៌ ធម្មការ សាសនា សង្គមកិច្ច កិច្ចការ​នារី ការងារ ការបណ្តុះ​បណ្តាលវិជ្ជាជីវៈ និងសុខាភិបាល។

អគ្គនាយកដ្ឋានកិច្ចការសង្គមមាននាយកដ្ឋានចំនួន ២ (ពីរ)៖

-នាយកដ្ឋាន​សុខាភិបាល សង្គមកិច្ច​និង​កិច្ចការ​នារី
-នាយកដ្ឋាន​អប់រំកាយ ការងារ វប្បធម៌ ធម្មការ សាសនា

អគ្គនាយកដា្ឋនផលិតកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់

អគ្គនាយកដ្ឋានផលិតកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានតួនាទី​និងភារកិច្ចទំនាក់ ទំនង​និងសម្របសម្រួល​ជាមួយក្រសួង ស្ថាប័ននានាពាក់ព័ន្ធនឹងវិស័យកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធនធានទឹក​និងឧតុនិយម អភិវឌ្ឍន៍ជនបទ សាធារណការនិងដឹកជញ្ជូន រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បរិស្ថាន និងធនធានធម្មជាតិ។

អគ្គនាយកដ្ឋានផលិតកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាននាយកដ្ឋានចំនួន ៣ (បី)៖

-នាយកដ្ឋាន​កសិកម្ម​ និង​ធនធាន​ទឹក
-នាយកដ្ឋាន​អភិវឌ្ឍ​ជនបទ សាធារណការ​និង​ដឹកជញ្ជូន
-នាយកដ្ឋាន​រៀបចំ​ដែនដី នគរូបនីយកម្ម​ សំណង់ និង​បរិស្ថាន

អគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិ

អគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិមានតួនាទីនិងភារកិច្ចចងក្រង តម្កល់ និងបោះពុម្ព ផ្សាយ​ច្បាប់​និងលិខិតបទដ្ឋានគតិយុត្តនានា ។

អគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិមាននាយកដ្ឋានចំនួន ២ (ពីរ)៖

-នាយកដ្ឋាន​រាជកិច្ច​
-នាយកដ្ឋាន​តម្កល់​ឯកសារ​ជាតិ

នាយកដា្ឋនសវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ទទួលបន្ទុកអនុវត្តភារកិច្ចតាមអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០០៥​ស្តីពីការរៀបចំ​និងការប្រព្រឹត្តទៅ​នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង​តាមបណ្តា​ស្ថាប័ន ក្រសួង និង​សហគ្រាសសាធារណៈ។

រដ្ឋលេខាធិការដា្ឋនអាកាសចរណ៍ស៊ីវិល និងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្តី

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមការគ្រប់គ្រងរបស់នាយករដ្ឋមន្ត្រី។

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ​បង្កើតឡើង​ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ តាម​លក្ខខណ្ឌ​នៃ​បទបញ្ជា​កំណត់ក្នុងអនុក្រឹត្យលេខ៨១ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត​សា្ថប័ន ត្រួត​ពិនិត្យហិរញ្ញវត្ថុ​លើចំណាយថវិកាក្នុងបណ្តាក្រសួង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម