ព័ត៌មានជាតិ
កម្ពុជា ចង់បង្កើនកិច្ចសហការជាមួយ តួកគី ដើម្បីប្រែក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា កម្ពុជា ស្វាគមន៍ការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសតួកគី ក៏ដូចជាមួយប្រទេសជាមិត្តដទៃទៀត ដើម្បីសម្រេចបាននូវផែនការរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងដូច្នេះនៅក្នុងឱកាសអនុញ្ញាតឲ្យ លោកជំទាវ អ៊ុលគូ កូចាអេហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកជំទាវ អ៊ុលគូ កូចាអេហ្វេ (Ülkü Kocaefe) ដែលទទួលបាននូវសេចក្តីទុកចិត្តពីរដ្ឋាភិបាលតួកគីតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ រដ្ឋសភាកម្ពុជា ពេញចិត្តចំពោះទំនាក់ទំនង និងសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ហើយមានសុទិដ្ឋិនិយមថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ កម្ពុជា-តួកគី នឹងបន្តពង្រឹងពង្រីក ទំនាក់ទំនង និងសហប្រតិបត្តិការរវាងគ្នា ព្រមទាំងលើកកម្ពស់បន្ថែមទៀត ដើម្បីជាឧត្ដមប្រយោជន៍ដល់ប្រទេស និងផលប្រយោជន៍ប្រជាជន នៃប្រទេសទាំងពីរ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា បេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា នាពេលនេះ មានសារៈសំខាន់ណាស់ ពីព្រោះចំពេលដែលប្រទេសកម្ពុជា បានធ្វើការផ្លាស់ប្ដូរអ្នកដឹកនាំបន្តវេន ប្រកបដោយសន្តិភាព និងដោយរលូន គ្មានអំពើហិង្សា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងរយៈ ៥០០ ឆ្នាំ របស់ខ្លួន។ ការផ្លាស់ប្ដូរអ្នកដឹកនាំពីឥស្សរជនចាស់ មកឥស្សរជនវ័យក្មេង ប្រកបដោយគុណភាព សមត្ថភាព និងសីលធម៌ បានធ្វើឡើងក្រោយពីការបោះឆ្នោត ថ្ងៃទី ២៣ កក្កដា កន្លងមកនេះ ដែលការបោះឆ្នោតនេះមានគណបក្សនយោបាយចូលរួមចំនួន ១៨ និងមានប្រជាជនទៅបោះឆ្នោតចំនួន ៨៤,៥៩%។ គួរបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៨២,០៣ % ដែលនេះបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋមានទំនុកចិត្តជាខ្លាំងលើគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏មោះមុតអង់អាច ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាវីរបុរស ស្ថាបនិក នៃសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ នាំមកនូវស្ថិរភាពនយោបាយ ក៏ដូចជាការអភិវឌ្ឍនៅកម្ពុជា និង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកដឹកនាំបន្តវេន ពោរពេញដោយថាមពល មានចំណេះដឹងខ្ពង់ខ្ពស់ សីលធម៌ គុណធម៌ សមត្ថភាពពេញលេញ នៅក្នុងការដឹកនាំរាជរដ្ឋាភិបាលបន្ត។

សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះរដ្ឋសភាតួកគី ដែលបានបញ្ជូនអ្នកសង្កេតការណ៍ចូលរួមសង្កេតការណ៍ការបោះឆ្នោតកាលពីថ្ងៃទី ២៣ កក្កដា កន្លងមក។ សម្តេចរដ្ឋសភាធិបតី បានស្នើដល់ប្រទេសតួកគីជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរឲ្យកើនឡើង ជួយបណ្ដុះបណ្ដាលធនធានមនុស្ស ជួយលើកកម្ពស់ភាពក្លាហានរបស់ស្ត្រីនៅកម្ពុជា ជាពិសេសការជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រវាងរដ្ឋសភាប្រទេសទាំងពីរ។

លោកជំទាវ Ülkü Kocaefe បានថ្លែងអំណរគុណជ្រាលជ្រៅ ដែលសម្តេចរដ្ឋសភាធិបតី បានអនុញ្ញាតឲ្យលោកជំទាវ និងសហការី បានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការចូលរួមអបអរសាទរជូនចំពោះ សម្តេចរដ្ឋសភាធិបតី ដែលជាស្ត្រីទី ១ ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ដែលជាមុខតំណែងកំពូលក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវឯកអគ្គរដ្ឋទូត បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី ជាពិសេសបានគាំទ្រដល់កិច្ចខិតខំរបស់សម្តេចរដ្ឋសភាធិបតី ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការផ្តល់ភាពអង់អាច ការលើកកម្ពស់សមត្ថភាព និងភាពក្លាហានដល់ស្ត្រីនៅកម្ពុជាជារហូតមក។ លោកជំទាវ បានសង្កត់ធ្ងន់ថា ស្ត្រីជាផ្នែកសំខាន់របស់សង្គម ដែលមិនអាចខ្វះបាននោះឡើយ។
លោកជំទាវ អ៊ុលគូ កូចាអេហ្វេ (Ülkü Kocaefe) ក៏បានជម្រាបជូនសម្តេចរដ្ឋសភាធិបតី ពីការរីកចម្រើនដ៏ឆាប់រហ័ស នៃកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរនៅក្នុងរយៈពេលចុងក្រោយនេះ ពោលគឺទំហំពាណិជ្ជកម្មកម្ពុជា តួកគី បានកើនឡើងគួរឲ្យកត់សម្គាល់។ ចំណែកទំនាក់ទំនងរវាងប្រជាជន និងប្រជាជនវិញ គឺតួកគីបានបើកសាលាបណ្តុះបណ្តាលភាសាតួកគីនៅកម្ពុជា ដែលរហូតមកដល់ពេលនេះ មានយុវជនកម្ពុជាប្រមាណ៦០នាក់ បានកំពុងសិក្សាភាសាតួកគី។
ប្រទេសកម្ពុជា និងតួកគីបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ ១៩៥៩ នៅក្នុងរយៈពេលចុងក្រោយនេះទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ បានពង្រឹងពង្រីកនិងលើកកម្ពស់ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរបស់តួកគី។ តួកគី ជាប្រទេសមានសក្ដានុពល ដោយសារជាស្ពានភ្ជាប់ទំនាក់ទំនងអាស៊ីទៅអឺរ៉ុប។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និង លោកជំទាវ អ៊ុលគូ កូចាអេហ្វេ (Ülkü Kocaefe) បានប្ដេជ្ញាចិត្តយ៉ាងមុតមាំរួមគ្នា នៅក្នុងការពួនជ្រំទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឲ្យរឹងមាំ និងគ្រប់ជ្រុងជ្រោយឡើង៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?