Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ឆ្នាំនេះ បេក្ខជនដាក់ពាក្យប្រឡងឌីប្លូមជិត ១៨ ម៉ឺននាក់ កើនជាងឆ្នាំមុន ជាង ៣ ពាន់នាក់

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ឆ្នាំនេះ​មាន​បេក្ខជន​ដាក់ពាក្យ​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬ ឌីប្លូម សម័យ​ប្រឡង ៖ ០២ តុលា ២០២៣ ជិត ១៨ ម៉ឺន​នាក់ កើន​ឡើង​ជាង ៣ ពាន់​នាក់ បើ​ធៀប​ទៅ​នឹង​ឆ្នាំមុន។

លោក កាន់ ពុទ្ធី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ១៩ កញ្ញា​នេះ​ថា ឆ្នាំនេះ​មាន​បេក្ខជន​ចូលរួម​ប្រឡង​ឌីប្លូម​សរុប​ចំនួន ១៧៨១៣៤ នាក់ ស្រី ៩៤៨០៥ នាក់ បេក្ខជន​ស្វៃរិន​មាន​ចំនួន ១០ នាក់ ស្រី ៦ នាក់ បេក្ខជន​បំពេញវិជ្ជា​មាន​ចំនួន ៧២៨ នាក់ ស្រី ១៧៥ នាក់ ដោយ​មាន​មណ្ឌល​ប្រឡង​ចំនួន ១៧៤៣ មណ្ឌល ចែក​ជា ៨០៩០ បន្ទប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ចំនួន​នេះ​បើ​ធៀប​ទៅ​នឹង​ការ​ប្រឡង​ឆ្នាំមុន​ឃើញ​ថា មាន​ការ​កើន​ឡើង ក្នុង​នោះ​ឆ្នាំ ២០២២ មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន ១៧៤ ៧២៦ នាក់ ស្រី ៩៥ ១២៧ នាក់ បេក្ខជន​ស្វៃរិន ១៣៦ នាក់ ស្រី ៤៥ នាក់ បេក្ខជន​បំពេញវិជ្ជា ១ ០៧៦ នាក់ ស្រី ១៩២ នាក់ ដោយ​មាន​មណ្ឌល​ប្រឡង​សរុប ១ ៧២៣ ចែកចេញជា ៧ ៨១៦ បន្ទប់។

លោក​បាន​បន្ត​ទៀត​ថា ក្នុង​ចំណោម​បេក្ខជន​ចំនួន ១៧៤ ៧២៦ នាក់ បេក្ខជន​មក​ប្រឡង​មាន​ចំនួន ១៦២១៦៦ នាក់ ក្នុង​នោះ​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន ១៥៣៦៤៩ នាក់ ស្មើនឹង ៩៤.៧៥៥។

លោក​បាន​បន្ថែម​ថា សម្រាប់​ការ​ប្រឡង​ឌីប្លូម​ឆ្នាំនេះ ក៏​មិន​ខុស​ពី​ការ​ប្រឡង​មុនៗ​ដែរ ដោយ​ក្រសួង​អប់រំ​នៅតែ​បន្ត​ប្រគល់​សិទ្ធិ​អំណាច និង​ការ​ទទួល​ខុសត្រូវ​ទាំងស្រុង​ជូន​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ និង​ឯកជន​នីមួយៗ ដែល​មាន​អនុវិទ្យាល័យ និង​វិទ្យាល័យ ក្នុង​ការ​រៀបចំ​ដំណើរការ​ប្រឡង​ដោយ​ខ្លួនឯង ពោល​ចាប់​តាំងពី​ការ​រៀបចំ​ប្រធាន​វិញ្ញាសា ដំណើរការ​សំណេរ កំណែ ស្រង់​បូក​ពិន្ទុ និង​ការ​ប្រកាស​លទ្ធផល​ប្រឡង​ជាដើម។

គួរ​បញ្ជាក់​ថា ប្រឡង​ឌីប្លូម​មាន​មុខ​វិជ្ជា​ចំនួន ១០ មុខវិជ្ជា ត្រូវជា ១១ វិញ្ញាសា រួមមាន ៖ តែងសេចក្ដី ,គីមីវិទ្យា ,ផែនដី និង​បរិស្ថានវិទ្យា ,រូបវិទ្យា ,ភូមិវិទ្យា ,សីលធម៌-ពលរដ្ឋ​វិជ្ជា ,គណិតវិទ្យា ,ការ​សរសេរ​តាម​អាន ,ជីវវិទ្យា ,ប្រវត្តិវិទ្យា និង ភាសាបរទេស។ ចំពោះ​របប​ពិន្ទុ​បេក្ខជន​ទទួល​បាន​ជា​អតិបរមា​មាន​ចំនួន ៤៤៥ ពិន្ទុ និង​របប​ពិន្ទុ​ប្រចាំ​ឆ្នាំ ១០០ ពិន្ទុ សរុប​ពិន្ទុ​ទាំងអស់ ៥៤៥ ពិន្ទុ។ ប៉ុន្តែ​ដោយសារ​ភាសាបរទេស​ជា​វិញ្ញាសា​ស្ម័គ្រ។ ដូចនេះ​ពិន្ទុ​ប្រឡង​ជាប់ គឺ ៥៤៥ ដក ២៥ រួច​ចែក​នឹង ២ ស្មើនឹង ២៦០ ពិន្ទុ សម្រាប់​បេក្ខជន​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា។ ចំពោះ​បេក្ខជន​ស្វៃរិន​ពិន្ទុ​ជាប់ ៤៤៥ ដក ២៥ ចែក​នឹង ២ ស្មើនឹង ២១០ ពិន្ទុ។

ពិន្ទុ​ដែល​ទទួល​បាន​និទ្ទេស​មធ្យម​ចាប់ពី ២៦០ ដល់ ៣៣៧ ពិន្ទុ និទ្ទេស​ល្អ​បង្គួរ​ចាប់ពី ៣៣៨ ដល់ ៤១៥ ពិន្ទុ និង​និទ្ទេស​ល្អ​ចាប់ ៤១៦ ពិន្ទុ​ឡើង​ទៅ សម្រាប់​បេក្ខជន​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា។

ចំពោះ​បេក្ខជនស្វៃរិន​ពិន្ទុ​ចាប់ពី ២១០ ដល់ ២៧២ ទទួល​និទ្ទេស​មធ្យម។ ពិន្ទុ​ចាប់ពី ២៧៣ ដល់ ៣៣៥ ទទួល​បាន​និទ្ទេស​ល្អ​បង្គួរ និង​ពិន្ទុ​ចាប់ពី ៣៣៦ ឡើង​ទៅ ទទួល​បាន​និទ្ទេស​ល្អ។

គួរ​បញ្ជាក់​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​នៅ​ឆ្នាំនេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ០២ ខែ​តុលា និង​ប្រកាស​លទ្ធផល​ប្រឡង​នៅ​ថ្ងៃ​ទី ០៩ ខែ​តុលា ឆ្នាំ ២០២៣៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម