ព័ត៌មានជាតិ
ឆ្លងដែនធ្វើកម្មករតាំងពីអាយុ ១៦ ឆ្នាំ បុរសម្នាក់តស៊ូមិនចុះចាញ់ រហូតក្លាយជាកសិករគំរូប្រចាំស្រុកជាប់ព្រំដែនថៃ
តើដំណើរជីវិតក្នុងគ្រួសាររបស់អតីតពលករចំណាកស្រុកជាង ១០ ឆ្នាំ បច្ចុប្បន្នប្រែក្លាយជាយ៉ាងណាក្នុងការតស៊ូក្នុងឆាកជីវិតដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ ខណះផលដំណាំប្រឈមការខាតបង់ជាបន្តបន្ទាប់ តែមិនចុះចាញ់រហូតហ៊ានសម្រេចខ្ចីលុយធនាគាររាប់ម៉ឺនដុល្លារដើម្បីពង្រីកមុខរបរបន្ថែមលើផលដំណាំចាស់ដែលត្រូវបានខាតបង់នាគ្រាដំបូង។
“គិតមកដល់បច្ចុប្បន្ននេះ ខ្ញុំមិននឹកស្មានដល់ថា ក្រុមគ្រួសារខ្ញុំបានឈានដល់កម្រិតនេះសោះ ក្នុងការតស៊ូអត់ធ្មត់ប្រឹងប្រែង បោះជំហានទៅមុខជាមួយមុខរបរកសិកម្ម ក្រោយពីខ្ញុំបានធ្វើជាចំណាកស្រុកតាំងពីអាយុ ១៦ ឆ្នាំទៅធ្វើកម្មករនៅប្រទេសគេ បើគិតទៅជាង ១០ ឆ្នាំទម្រាំបានមកដល់ពេលនេះ ហើយកាលណោះក្រុមគ្រួសារឪពុកម្តាយខ្ញុំជួបបញ្ហា ក្នុងគ្រួសារច្រើនផង ទើបខ្ញុំបង្ខំចិត្តឈប់រៀនហើយទៅតាមគេតែម្តង”។ នេះជាសម្តីរបស់កសិករម្នាក់ដែលបានលើកឡើងប្រាប់ដល់កម្ពុជាថ្មី នៅថ្ងៃទី១៩ ខែកញ្ញា នេះ។

លោក ខ្លូត រិនដា អាយុ ៤៣ ឆ្នាំ មានស្រុកកំណើត ក្នុងឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង បច្ចុប្បន្នជាកសិករ រស់នៅ ភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ទឹកដីស្រុកភ្នំព្រឹកគឺជាគោលដៅដែលបុរសរូបនេះស្រឡាញ់ និងចាប់យកប្រកបរបរកសិកម្ម រហូតដល់បច្ចុប្បន្នលោកបានក្លាយជាកសិករម្នាក់លេចធ្លោមួយផ្នែកកសិកម្មចម្រុះនៅក្នុងស្រុកជាប់ព្រំដែនកម្ពុជាថៃមួយនេះ។
លោក ខ្លូត រិនដា បានរៀបរាប់ថា “ខ្ញុំទៅថៃតាំងពីអាយុ ១៦ ឆ្នាំ កាលនោះឆ្នាំ ១៩៩៦ ធ្វើកម្មករសំណង់ ៤ ឆ្នាំ ដល់ឆ្នាំ ២០០០។ ខ្ញុំបានទៅចុះទូកនេសាទថៃទៅរកត្រីនៅប្រទេសឥណ្តូនេស៊ី ៤ ឆ្នាំ ជាកម្មករគេ ០១ ឆ្នាំទើបចេះកាងារ ហើយថៅកែឲ្យធ្វើជាមេការ និងជាអ្នកបើកបរទូក ០៣ ឆ្នាំ រួចមកឈប់ចុះទូក មុនកាលរលកយក្សតែ ០១ ខែ ក៏មកធ្វើរមេកាសំណង់និងម៉ៅការនៅថៃវិញបាន ០៣ ឆ្នាំ ហើយក៏បានឡើងចុះមកលេងបងប្អូននៅស្រុកភ្នំព្រឹក ហើយក៏បានចាប់ចិត្តស្នេហាទៅលើនារីដ៏ស្រស់សោភាម្នាក់មានឈ្មោះ ម៉ៅ សំណាង មានទីលំនៅក្នុងភូមិឃុំខាងលើ តាំងពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៧ ក៏បានភ្ជាប់ពាក្យ ហើយរៀបការក្នុងឆ្នាំ២០០៧ ក្នុងវ័យ១៧ឆ្នាំ ហើយខ្ញុំមានវ័យ២៧ឆ្នាំ តែបច្ចុប្បន្ន ប្រពន្ធខ្ញុំមានអាយុ ៣៣ ឆ្នាំ ហើយមានកូន ០៣ នាក់ ប្រុស ១ ស្រី២ តែពួក គេ២នាក់បានចាកចេញទៅវិញទាំងមិនទាន់ដឹងក្តី ហើយបច្ចុប្បន្ននៅតែស្រីម្នាក់ឈ្មោះ ដុស សាវឌី អាយុ ១៤ ឆ្នាំ កំពុងរៀនថ្នាក់ទី ៩”។




លោកបន្តថា ក្រោយពីលោកបានរៀបការ ក៏បានទៅរស់នៅជាមួយឪពុកម្តាយ ដើម្បីជួយដល់ការងារពួកគាត់ ១ ឆ្នាំ។ចំណែកលោកក៏ឈប់ទៅធ្វើចំណាកស្រុកដែរ សល់លុយកាក់ទាំងប៉ុន្មានបានទិញដីសម្រាប់ធ្វើកសិកម្មជាបន្តបន្ទាប់រួមដីម្តាយក្មេកបានចែកឲ្យ ០៨ ហិកតាផង និងទិញលុយផ្ទាល់ខ្លួនបាន ០៤ ហិកតាកន្លះផង។
មូលហេតុដែលលោកស្រឡាញ់ខាងកសិកម្ម ដោយសារលោបានទៅរៀនកសិកម្មនៅ (ខេត្តចាន់បុរីប្រទេសថៃ) រយះពេល ០៣ ឆ្នាំ ហើយបានស្គាល់គ្រូជំនាញកសិកម្មថៃកាលពីលោកនៅធ្វើចំណាកស្រុក ដោយក្នុងនោះលោកទៅរៀនបណ្តើរក៏មកអនុវត្តជាបណ្តើរៗដោយជំហានដំបូងលោកដាំមៀនប៉ៃលិន ២០០០ ដើម និងស្វាយកែវរមៀត ៣០០០ ដើម ក្រោយមកជួបបញ្ហាទីផ្សារក៏បានកាប់ដើមស្វាយចោលអស់ ២០០០ ដើមនៅសល់ត្រឹម ១០០០ ដើម ក្នុងនោះមៀនប៉ៃលិនក៏បានកាប់ចោល ៥០០ នៅ ១៥០០ ដើមផង។

លោកបន្តថា ដោយសារតែប្រឈមការខាតបង់នៅជំហានដំបូង លោកក៏សម្រេចខ្ចីលុយធនាគារអភិវឌ្ឍន៍ជនបទនិងកសិ កម្មចំនួន ៧៨ ០០០ ដុល្លារ ដើម្បីពង្រីកមុខរបរថ្មីជាបន្តបន្ទាប់ ក្នុងនោះលោកទិញគោមេពូជ (ប្រាម៉ាន) ខ្លះ និងពូជគោសាច់ខ្លះ (មេពូជគោខ្មែរ) ក៏នៅតែខាតម្តងទៀត ដោយសារកាលណោះគោសាច់អត់ទីផ្សារ ដោយមានការនាំសាច់គោពីប្រទេសថៃច្រើន លោកក៏លក់ទាំងខាតឈប់ចិញ្ចឹមគោសាច់បន្តទៀត លោកទុកតែគោពូជប៉ុណ្ណោះ។
ក្រោយពីការតស៊ូអស់ជាច្រើនឆ្នាំកន្លងមក លទ្ធផលដែលលោកទទួលបានមិននឹកស្មានដល់រហូតមកដល់នាពេលបច្ចុប្បន្ននេះ លោកមានដីគ្រប់គ្រាន់សម្រាប់ដាំដំណាំឧស្សាហកម្មក្នុងនោះមាន÷ ពោតក្រហម ៣០ ហិកតា,ដំឡូងមី ដាំ ២០ ហិកតា,សណ្តែកសៀងដាំ ១០ ហិកតា,មៀនប៉ៃលិន ០៧ ហិកតា,ស្វាយ ០៤ ហិកតា,ស្រូវ ០៧ ហិកតា។ ក្រៅពីនេះក៏មានគោពូជចំនួន ៦០ ក្បាល,ជ្រូក៧០ក្បាល, ត្រាក់ទ័រមាន០១គ្រឿង, គោយន្តមាន០១គ្រឿងរួម និងមាន់ទារាប់សិបក្បាលទៀតផងដែរ។ ផលក៏ជិតប្រមូលក្នុងពេលឆាប់ៗខាងមុខនេះហើយ ស្របពេលផលឆ្នាំនេះបានផ្តល់បានយ៉ាងប្រសើរហើយទីផ្សារក៏ប្រសើរ ហើយក្រុមហ៊ុនមួយចំនួនក៏បានត្រៀមទទួលទិញពីលោករួចរាល់ដែររងចាំតែប្រមូលផលក្នុងពេលឆាប់ៗប៉ុណ្ណោះ។

ជាចុងក្រោយ លោកសំណូមពរដល់មន្ត្រីកសិកម្មស្រុកមេត្តាជួយដល់កសិករផង ទៅលើការផ្តល់បច្ចេកទេសនិងការថែទាំ ការពារពីសត្វល្អិតបំផ្លាញ ខណះដែលលោកមើលឃើញពីការខ្វះការយកចិត្តទុកដាក់ពីមន្រ្តីជំនាញក្នុងការជួយដល់កសិករ។ លោកស្នើដល់រដ្ឋមន្ត្រីកសិកម្មចុះពិនិត្យជាក់ស្តែង ដើម្បីក្តាប់ព័ត៌មានបានគ្រប់ជ្រុងជ្រោយដើម្បីដឹងពីស្ថានភាពពិតប្រាកដនៃការធ្វើកសិកម្មរបស់កសិករជួបការលំបាកយ៉ាងណា៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ