ព័ត៌មានជាតិ
អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំម្ចាស់ក្រុមហ៊ុនជិត ១០០ អមដំណើរសម្តេច ហ៊ុន ម៉ាណែត ទៅអាមេរិក
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នឹងដឹកនាំក្រុមហ៊ុនជិត ១០០ក្រុមហ៊ុន អមដំណើរសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២៣។ នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

បើតាមលោកឧកញ៉ា លឹម ហេង នៅថ្ងៃទី ២១ កញ្ញា គណៈប្រតិភូសភាពាណិជ្ជកម្ម នឹងជួបក្រុមហ៊ុនជាច្រើននៅសហរដ្ឋអាមេរិក ដើម្បីកសាងទំនាក់ទំនងពាណិជ្ជកម្មរវាងធុរជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ នឹងធ្វើដំណើរទស្សនកិច្ចនៅតាមបណ្តាក្រុមហ៊ុននានា ដែលមានបំណងទិញទំនិញពីកម្ពុជាផងដែរ។
ដោយឡែកថ្ងៃទី ២២ កញ្ញា គណៈប្រតិភូសភាពាណិជ្ជកម្ម នឹងរៀបចំវេទិកាធុរកិច្ចរវាងអាមេរិក-កម្ពុជា ដោយមានវត្តមានសម្តេច ហ៊ុន ម៉ាណែត ជាអធិបតី។ អ្នកឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា កម្មវិធីនេះសំខាន់ណាស់ សម្រាប់ប្រទេសទាំងពីរ ដែលធ្វើវេទិកាធុរកិច្ចរួមគ្នារវាងពាណិជ្ជកម្មអារិក និងកម្ពុជា។
សម្រាប់ថ្ងៃទី ២៣ កញ្ញា នឹងមានវេទិកាជួបជាមួយប្រជាពលរដ្ឋខ្មែរ នៅអាមេរិក ក្នុងនោះ ក៏មានពាណិជ្ជករមួយចំនួនដែរ ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តី អនុញ្ញាតឱ្យចូលរួមជួបសំណេះសំណាល។ បើតាមឧកញ៉ា លឹម ហេង ជំនួបដ៏ធំនេះ នឹងផ្តល់ឱកាសដល់សភាពាណិជ្ជកម្ម ជួបជាមួយពាណិជ្ជករខ្មែរនៅអាមេរិក ដើម្បីបង្កើតទំនាក់ទំនងផ្នែកពាណិជ្ជកម្មផងដែរ។

ថ្លែងប្រាប់កម្ពុជាថ្មី អ្នកឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា អាមេរិក គឺជាទីផ្សារដ៏ធំរបស់កម្ពុជា ដែលសភាពាណិជ្ជកម្ម បានយកចិត្តទុកដាក់ខ្ពស់ ដើម្បីពង្រីកទីផ្សាររបស់កម្ពុជាថែមទៀត ដោយបង្កើនការនាំចេញទំនិញពីកម្ពុជា ឱ្យបានច្រើនទៅកាន់ទីផ្សារអាមេរិក។
អ្នកឧកញ៉ា បានបន្តថា កម្ពុជា គឺជាប្រទេសដែលរក្សាបានសុខសន្តិភាពសុវត្ថិភាព សម្រាប់អ្នកវិនិយោគបរទេសចូលមកកម្ពុជា និងជាឱកាសសម្រាប់អ្នកផលិតក្នុងស្រុកសម្រាប់នាំចេញផងដែរ។ ក្រោយពីរាជរដ្ឋាភិបាល បានគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ដោយជោគជ័យ បានបើកដំណើរការទីផ្សារឡើងវិញទាំងអស់លើគ្រប់វិស័យ និងបានដាក់ឱ្យអនុវត្តនូវច្បាប់វិនិយោគថ្មី ដែលជាភាពទាក់ទាញ និងមានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគបរទេស។ លើសពីនេះទៀត កម្ពុជា បាននិងកំពុងអនុវត្តកិច្ចព្រមព្រៀមសេរីពាណិជ្ជកម្មកម្ពុជា ចិន។ ទន្ទឹមគ្នានេះ ក៏មានកិច្ចព្រមព្រៀងជាមួយកូរ៉េ និងអាសិប ដែលជាឱកាសទាក់ទាញអ្នកវិនិយោគផលិតនៅក្នុងស្រុក ដើម្បីធ្វើការនាំចេញទៅទីផ្សារអាមេរិក។
សូមបញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជាង ៦ ២៧២លានដុល្លារ ថយចុះ៥.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ មានចំនួន ៦ ៦៤៥លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍ដដែលបញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទៅអាមេរិក ក្នុងទំហំទឹកប្រាក់ជាង ៦ ១១១លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង ១៦០លានដុល្លារ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ