ព័ត៌មានជាតិ
៩ សកម្មភាពសំខាន់ ឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសាកល ឆ្នាំ២០៣០
ក្រសួងសុខាភិបាល បានដាក់ចេញនូវសកម្មភាពជាអាទិភាពសំខាន់ៗ ចំនួន ៩ ក្នុងការលើកកម្ពស់ទំនើបភាវូបនីយកម្មប្រព័ន្ធផ្តល់សេវាសុខាភិបាលសុខភាពដើម្បីឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល នៅដំណាច់ ឆ្នាំ២០៣០។

ថ្លែងក្នុង សិក្ខាសាលាផ្សព្វផ្សាយ ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម នៅសណ្ឋាគារសុខាភ្នំពេញនៅថ្ងៃទី២១ កញ្ញានេះ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទំាសុខភាពបឋម បានលើកឡើងថា សកម្មភាពជាអាទិភាពសំខាន់ៗ ចំនួន ៩ រួមមាន ការអប់រំសុខភាពប្រជាជន លើកកម្ពស់ស្ថានភាពសុខភាពប្រជាជន ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជំងឺមិនឆ្លង ការទប់ស្កាត់ នឹងការរីករាលដាលជំងឺឆ្លងជាសាកលនានាដែលកើតមាន ផលប៉ះពាល់សុខភាពបណ្តាលពីការប្រែប្រួលអាកាសធាតុ ការពង្រឹងការពិនិត្យព្យាបាល លើកកម្ពស់គុណភាពសេវា និយតកម្មវិស័យឯកជន ការអភិវឌ្ឍធនធានមនុស្ស និងសុខភាពឌីជថល។

លោកស្រីវេជ្ជបណ្ឌិត មានប្រសាសន៍បន្តថា ក្នុងនោះអាទិភាពបន្ទាន់ បីចម្បងគឺ ១. ពង្រឹងមណ្ឌលសុខភាព ដោយកែលម្អអាគារ បំពាក់សម្ភារៈ ឱសថ ពង្រឹងសមត្ថភាពបុគ្គលិកក្នុងការបម្រើការសេវា ២៤ម៉ោង, ២. ពង្រឹងមន្ទីរពេទ្យបង្អែក ស្រុក ខេត្ត ជាតិ ព្រមទាំងនិយតកម្មសេវាឯកជនឲ្យបានប្រសើរឡើង និង ៣. ពង្រឹងស្ថាប័នតាមរយៈ ការបណ្តុះបណ្តាលលើភាពជាអ្នកដឹកនាំ និងនវានុវត្តដល់គ្រប់ថ្នាក់ ដែលត្រូវយកចិត្តទុកដាក់អនុវត្តជាបន្ទាន់ ដើម្បីចូលរួមចំណែកសម្រេចបានការគ្របដណ្ដប់សុខភាពជាសកល និងធ្វើឱ្យប្រជាជនកម្ពុជាមានសុខភាពល្អ និងអាយុ យឺនយូរ។

វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានធ្វើបច្ចុប្បន្នភាពអំពីក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ឆ្នាំ២០២៣ ដែលមានសកម្មភាពស្នូលប្រាំមួយ រួមមាន ១. ការផ្តល់លទ្ធភាព និងការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ដើម្បីគាំទ្រដល់សុខភាព ២. ការតម្រង់ទិសឡើងវិញនូវការផ្តល់សេវាសុខភាព ដែលផ្តោតលើ ការពង្រឹងការថែទាំសុខភាពបឋម (មណ្ឌលសុខភាព) ជាជម្រើសដំបូង ៣. ការពង្រឹងសមត្ថភាពធនធានមនុស្សសុខាភិបាលឆ្លើយតបទៅនឹងការថែទាំសុខភាពបឋម ៤. ការប្រើប្រាស់នវានុវត្តន៍ និងបរិវត្តកម្ម ឌីជីថល ៥. ការវិនិយោគលើការថែទាំសុខភាពបឋម សម្រាប់ការគ្របដណ្តប់សុខភាពជាសកលដែលផ្តោតលើ ការបង្កើនកម្រិត និងភាពបត់បែននៃការផ្តល់ហិរញ្ញប្បទាននិង ៦. ការលើកកម្ពស់អភិបាលកិច្ច និងការពង្រឹងភាពជាដៃគូ។
លោកបណ្ឌិត Anirban Chatterjee អនុប្រធានយូនីសេហ្វនៅកម្ពុជា បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់យូនីសេហ្វ នៅក្នុងការគាំទ្រការអនុវត្តក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (PHC-BIF) នៅកម្ពុជា។ លោកបានបន្តថា៖ “យើងបានតម្រែតម្រង់អាទិភាពជាយុទ្ធសាស្ត្ររបស់យូនីសេហ្វ ដើម្បីគាំទ្រដល់វិស័យសកម្មភាពស្នូលជាច្រើននៃ PHC-BIF។ នេះរួមបញ្ចូលទាំងការពង្រឹងការចូលរួមរបស់សហគមន៍ និងការគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងប្រព័ន្ធថ្នាក់ក្រោមជាតិសម្រាប់សេវាសង្គម រួមទាំងសេវាសុខភាពផងដែរ។ យូនីសេហ្វធានាពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះក្រសួងសុខាភិបាល ក្នុងការជំរុញការថែទាំសុខភាពបឋមប្រកបដោយសមធម៌នៅកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការកសាង ដោយផ្អែកលើលទ្ធផលសម្រេចបានកន្លងមក បទពិសោធន៍ និងកិច្ចសហការរយៈពេលវែងប្រកបដោយផ្លែផ្ការបស់យើងនៅមូលដ្ឋាន គាំទ្រដល់សហគមន៍ងាយរងគ្រោះ ដើម្បីគាំទ្ររដ្ឋាភិបាលក្នុងការកំណត់គំរូល្អដែលមានប្រសិទ្ធភាព ដែលអាចពង្រីកវិសាលភាពនៃការអនុវត្តបាន និងដែលជួយឱ្យសម្រេចបាននូវលទ្ធផលយូរអង្វែងសម្រាប់លទ្ធផលសុខភាពសម្រាប់កុមារ និងក្រុមគ្រួសាររបស់ពួកគេ”។

លោកវេជ្ជបណ្ឌិត ប៉ាស្កាល់ រីងវដ តំណាងស្តីទី នៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មានប្រសាន៍ថា រាល់មួយដុល្លារដែលបានវិនិយោគក្នុងការដោះស្រាយបញ្ហាជំងឺមិនឆ្លង អាចបានផលត្រលប់មកវិញរហូតដល់ ១០ដង នៃតម្លៃ ដល់សេដ្ឋកិច្ចកម្ពុជា ដោយផលចំណេញដ៏ធំបំផុតបានមកពីការថែទាំសុខភាពបឋម តាមរយៈការបង្ការ ការលើកកម្ពស់សុខភាព និងការដោះស្រាយកត្តាហានិភ័យអន្តរវិស័យ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានគូសបញ្ជាក់បន្ថែមថា ក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនេះមានសារៈសំខាន់សម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិ ប្រើប្រាស់ដើម្បី ពិនិត្យមើលស្ថានភាព នៃការថែទាំបឋមក្នុងតំបន់របស់ខ្លួន និងកំណត់ចក្ខុវិស័យសម្រាប់ការថែទាំសុខភាពសម្រាប់ពេលអនាគត និងយុទ្ធសាស្ត្រតាមធនធានជាក់ស្តែងដើម្បីសម្រេចគោលដៅរបស់ខ្លួន។

លោកស្រីបាន ថ្លែងអំណរគុណដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ ស្ថាប័នឯកជន ដែលបានចូលរួមយ៉ាងសកម្ម ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ក្នុងការងារថែទាំសុខភាពបឋមកន្លងមក និងអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួម និងផ្តល់ការគាំទ្រ សម្រាប់ការជំរុញការងារថែទាំសុខភាពបឋមឲ្យទទួលបានជោគជ័យបន្ថែមទៀត៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ