Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ២៩គ្រួសារ ប្តឹងបុគ្គលម្នាក់ ដោយចោទថាធ្វើរបង ព័ទ្ធយកដីចំណីព្រែករបស់រដ្ឋ នៅស្រុកកោះសូទិន

បានផុស

នៅ

ប្រជាពលរដ្ឋ ២៩គ្រួសារ រស់នៅភូមិទួលធាតុ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន បានប្តឹងឈ្មោះ ណូ ស៊ីណៃ ថា បានធ្វើរបងលួស ព័ទ្ធយកដីចំណីព្រែករបស់រដ្ឋនៅក្នុងភូមិកែវហេតុ។ វិវាទនេះ បានផ្ទុះឡើងនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពេលមានប្រតិកម្មពីភាគី ឈ្មោះ ណូ ស៊ីណៃ ដោយមិនព្រមប្រគល់ដីចំណីព្រែកនោះ មកឲ្យអាជ្ញាធរទុកជាសម្បត្តិរដ្ឋ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ បានឲ្យដឹងថា ពួកគាត់រស់នៅក្នុងភូមិ ឃុំ កើតហេតុ ធ្លាប់អាស្រ័យប្រើប្រាស់ទឹកព្រែកជាប្រចាំ ដូចជា ការសម្អាតសត្វពាហនៈ និងបូមទឹកព្រែកនោះប្រើប្រាស់ស្រោចដំណាំជាដើម។ ប៉ុន្តែ ថ្មីៗកន្លងទៅនេះ ឈ្មោះ ណូ ស៊ីណៃ បានធ្វើរបងព័ទ្ធខ្សែលួស រំលោភយកដីចំណីព្រែក ធ្វើឲ្យពួកគាត់មិនអាចបូមទឹក ក៏ដូចជាសម្អាតសត្វពាហនៈបាន ទើបពួកគាត់បានប្ដឹងទៅអាជ្ញាធរស្រុកកោះសូទិន ដើម្បីឲ្យជួយអន្តរាគមន៍លើកបញ្ហានេះ។

មេឃុំពាមប្រធ្នោះ លោក សេង អុល បានប្រាប់ឲ្យដឹងថា ព្រែកនេះ ជាសម្បត្តិរដ្ឋយូរមកហើយ មិនអាចមានបុគ្គលណាយកព្រែកនេះ ទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួនបានឡើយ។ លោកមេឃុំពាមប្រធ្នោះ បន្តថា កន្លងទៅនេះ ភាគីឈ្មោះ នូ ស៊ីណៃ បានអះអាងថា ខ្លួនបានទិញដីព្រែកនេះ ប៉ុន្តែ ការទិញនោះ មិនត្រូវបានទទួលស្គាល់ពីអាជ្ញាធរដែនដីណានោះទេ ។ រហូតមកដល់បច្ចុប្បន្ននេះ ទំនាស់វិវាទរវាងភាគី ណូ ស៊ីណៃ ជាមួយប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរធ្វើការដោះស្រាយជាច្រើនលើកផងដែរ ។

លោក សារ៉ាត់ អនុប្រធានការិយាល័យភូមិបាលស្រុកកោះសូទិន បានប្រាប់ឲ្យដឹងថា ភូមិចំនួន ១៣ នៅក្នុងឃុំពាមប្រធ្នោះនេះ មន្ត្រីភូមិបាល បានចុះបញ្ជីលក្ខណៈជាប្រព័ន្ធរួចរាល់អស់ហើយ ។ ដោយឡែក នៅក្នុងភូមិទួលធាតុនេះ គឺមានឈ្មោះ ណូ ស៊ីណៃ បានរំលោភយកដីព្រែកជាកម្មសិទ្ធិ។ ដូច្នេះ ទាក់ទងទៅនឹងដីជាកម្មសិទ្ធិរបស់រដ្ឋ មន្ត្រីជំនាញ មិនអាចធ្វើការវាស់វែង ចុះបញ្ជីជូនឲ្យទៅបុគ្គលណាមួយនោះទេ។

(លោក សារ៉ាត់ អនុប្រធានការិយាល័យភូមិបាលស្រុកកោះសូទិន)

លោក សារ៉ាត់ បានបញ្ជាក់ថា ដីទីតាំងដែលកើតទំនាស់ គឺជាដីព្រែកសម្បត្តិរបស់រដ្ឋ ដែលមានទឹកហូរចេញមកពីទន្លេមេគង្គ ដែលរយៈចម្ងាយបណ្ដោយប្រមាណជា ១,៥០០ ម៉ែត្រ ដែលបានផ្ដល់ប្រយោជន៍ឲ្យប្រជាពលរដ្ឋរស់នៅតាមសងខាងព្រែក អាស្រ័យផលពីព្រែកនេះគ្រប់ៗគ្នា។ លើកលែងតែនៅចំណុចកើតហេតុ ដែលមានឈ្មោះ ណូ ស៊ីណៃ បានធ្វើរបងលួស ព័ទ្ធធ្វើជាកម្មសិទ្ធិ និងធ្វើឲ្យប្រជាពលរដ្ឋនៅម្ដុំនេះ មិនអាចអាស្រ័យផលពីព្រែកនេះបាន។

លោក សារ៉ាត់ បានបញ្ជាក់ទៀតថា ដីចំណីព្រែករបស់រដ្ឋ ត្រូវបានកាត់សងខាងមាត់ព្រែក មានប្រវែង ២០ ម៉ែត្រ។ លោកបន្តថា ផ្ទះរបស់ភាគី នូ ស៊ីណៃ គឺមិនប៉ះពាល់លើដីចំណីព្រែកនោះទេ។ ប៉ុន្តែ អ្វីដែលបង្កឲ្យមានវិវាទនេះ គឺដោយសារបុគ្គល ណូ ស៊ីណៃ បានព័ទ្ធរបងលួសយកទំហំព្រែកធ្វើជាកម្មសិទ្ធិ ដែលមានប្រវែងបណ្ដោយជាង១០០ ម៉ែត្រ និងទទឹងទំហំ ៥០ ម៉ែត្រ ។

អភិបាលរងស្រុកកោះសូទិនទទួលផែនវិវាទដីធ្លី លោក សៀត សូត បានឱ្យដឹងថា វិវាទនេះ គឺជាទំនាស់រវាងប្រជាពលរដ្ឋ ២៩គ្រួសារ ជាមួយនឹងភាគីឈ្មោះ ណូ ស៊ីណី ចាប់តាំងពីខែមករា ឆ្នាំ ២០២៣ ពោល គឺបន្ទាប់ពីភាគីឈ្មោះ ណូ ស៊ីណៃ បានព័ទ្ធរបងហ៊ុមយកព្រែកជាកម្មសិទ្ធិ។ ប្រជាពលរដ្ឋចំនួន ២៩ គ្រួសារ ក៏បានប្តឹងមកអាជ្ញាធរស្រុកកោះសូទិន ដើម្បីជួយអន្តរាគមន៍ ដោះស្រាយឲ្យពួកគាត់ បានទទួលអាស្រ័យផលពីព្រែកនេះ ។ ករណីនេះ អាជ្ញាធរស្រុករួមជាមួយនឹងមន្ត្រីពាក់ព័ន្ធ បានហៅភាគីទំនាស់មកធ្វើការសម្របសម្រួល ជាច្រើនដងមកហើយ។ ប៉ុន្តែ ភាគី ណូ ស៊ីណៃ នៅតែទាមទារយកដីព្រែក ដែលជាសម្បត្តិរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

(លោក សៀត សូត អភិបាលរងស្រុកកោះសូទិនទទួលផែនវិវាទដីធ្លី)

លោកអភិបាលរងស្រុក បន្តថា នៅក្នុងការទាមទាររបស់ប្រជាពលរដ្ឋទាំង ២៩ គ្រួសារ គឺសំណូមពរឱ្យអាជ្ញាធរ កាប់ដើមឈើចេញពីមាត់ព្រែក និងរុះរើរបងលួសដែលភាគី ណូ ស៊ីណៃ បានធ្វើហ៊ុមព័ទ្ធយកដីព្រែក។ ជាដំណោះស្រាយ មកដល់ពេលនេះ អាជ្ញាធរស្រុកកោះសូទិន បានធ្វើការរុះរើរបងលួសនោះចេញហើយ ប៉ុន្តែ ដើមឈើនៅតាមមាត់ព្រែក មិនទាន់បានកាត់នៅឡើយទេ ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ បានអាស្រ័យផលពីព្រែកនោះជាធម្មតាវិញហើយ ៕

អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម