ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា បែងចែកភារកិច្ចដល់រដ្ឋលេខាធិការក្រសួងការបរទេសទាំង១៩រូប
នៅក្នុងនីតិកាលទី៧នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ជារដ្ឋមន្ត្រី អមដោយរដ្ឋលេខាធិការចំនួន១៩រូប និងអនុលេខាធិការចំនួន១៧រូប។ ដើម្បីធានាដល់និរន្តរភាពការងាររបស់ក្រសួង លោក សុខ ចន្តាសោភា ក៏បានបែងចែកភារកិច្ចនៃការទទួលខុសត្រូវដល់ថ្នាក់ដឹកនាំទាំងនោះដែរ។

សេចក្ដីសម្រេចរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលទើបផ្សព្វផ្សាយនៅថ្ងៃនេះ បានសម្រេចបែងចែកភារកិច្ចដល់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការទាំងអស់ក្រសួងការបរទេស។ ក្នុងនោះ លោក ស៊ា កុសល រដ្ឋលេខាធិការប្រចាំការ ត្រូវទទួលបន្ទុកលើការងារដឹកនាំ គ្រប់គ្រងក្រសួង និងជួយដឹកនាំផ្ទាល់លើការងារធនធានមនុស្ស កិច្ចការច្បាប់ កុងស៊ុល និងព្រំដែន។ លោករដ្ឋលេខាធិការ ឈីវ យីស៊ាង ទទួលលើការងារវាយតម្លៃ និទស្សន៍ វិភាគ និងព្យាករណ៍អំពីការវិវត្តនៃស្ថានការណ៍ជាតិ-អន្តរជាតិ និងការងារពាក់ព័ន្ធនឹងអង្គការហ្វ្រង់កូហ្វូនី។
លោក ចែម វីឌ្យ៉ា ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារសហប្រតិបត្តិការទ្វេភាគីជាមួយបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប លោកស្រី សឿង រដ្ឋចាវី ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងដឹកនាំដោយផ្ទាល់ការងារតំបន់អាស៊ី-អាគ្នេយ៍ ហើយលោកស្រីរដ្ឋលេខាធិការ ទួត បញ្ញា ដឹកនាំ លើការងារសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីខាងកើត។

រីឯ លោក គង់ ភោគ ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារអាស៊ាន និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា លោក ជុំ សុន្ទរី ទទួលលើការងារសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសនៅតំបន់អាមេរិក អាហ្វ្រិក និងមជ្ឈឹមបូព៌ា ខណៈលោក ឃួន ផុនរតនៈ ត្រូវជួយលើការងារសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសនៅតំបន់អឺរ៉ុប តំបន់មជ្ឈឹមបូព៌ និងកិច្ចការឥស្លាម។
លោកស្រី យិនទៀង ពុទ្ធរស្មី ជួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំពាក់ព័ន្ធលើការងារអង្គការអន្តរជាតិ ជួយសម្របសម្រួលការងារទំនាក់ទំនងជាមួយគណៈកម្មាធិការជាតិប្រឆាំងអំពើភេរវកម្ម។ ចំពោះការងារអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និង ការងារប្រតិបត្តិការថែរក្សាសន្តិភាព ត្រូវប្រគល់ឱ្យលោក កាន់ ផារិទ្ធ ហើយការងារកិច្ចសហប្រតិបត្តិការអន្តរជាតិទូទៅ កិច្ចសហប្រតិបត្តិការមេគង្គ ព្រមទាំងកិច្ចសហប្រតិបត្តិការដៃគូផ្សេងៗទៀត ប្រគល់ឱ្យលោក មាស គឹមហេង។

សម្រាប់ការងារឌីជីថលូបនីយកម្ម ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ប្រព័ន្ធ e-visa និង e-passport ដឹកនាំដោយលោក ប្រាក់ ផល្លា។ លោក កេត សោផាន់ ជួយរដ្ឋមន្ត្រីលើការងារគោលនយោបាយ ផែនការ យុទ្ធសាស្ត និងការងារអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលធ្វើសកម្មភាពនៅកម្ពុជា។
ចំណែក លោក ខេង សិទ្ធិគុណ ទទួលបន្ទុកការងាររដ្ឋបាល និងទំនាក់ទំនងសាធារណៈ លោកស្រី ខៀវ សុផានី ទទួលលើការងារហិរញ្ញវត្ថុ អធិការកិច្ច សវនកម្ម និងការងារការទូតសេដ្ឋកិច្ច លោក ប្រាក់ ងួនហុង ជួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំពាក់ព័ន្ធលើការងារសហប្រតិបត្តិការជាមួយអាស៊ីកណ្តាល អាស៊ីខាងត្បូង និងតំបន់ប៉ាស៊ីហ្វិក។

លោក លឹម វិសាល ជារដ្ឋលេខាធិការ ទទួលបន្ទុកជានាយកខុទ្ទកាល័យលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា។ លោក អ៊ុន ឃាង ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ សម្របសម្រួលការងារសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងលោក ឃី សុវណ្ណរតនា ជួយថ្នាក់ដឹកនាំពាក់ព័ន្ធការងារសហប្រតិបត្តិការអន្តរជាតិទូទៅ។
ដោយឡែក អនុលេខាធិការចំនួន១៧រូបទៀត ត្រូវទទួលជួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំពាក់ព័ន្ធនឹងការងារខាងលើ តាមការប្រគល់ឱ្យរបស់លោករដ្ឋមន្ត្រី។ រដ្ឋលេខាធិការ និងអនុលេខាធិការទាំងអស់នៃក្រសួងការបរទេស អាចទទួលភារកិច្ចតាមការចាត់តាំងក្នុងក្របខណ្ឌក្រុមប្រឹក្សា គណៈកម្មាធិការ គណៈកម្មការ ក្រុមការងារអន្តរក្រសួង និងផ្ទៃក្នុងក្រសួងបន្ថែមផ្សេងៗទៀត៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី