Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ កំពុងស្រង់ស្ថិតិ ផ្តល់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារី ទូទាំងប្រទេស

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថ្ងៃទី២២ ខែកញ្ញា នេះថា បច្ចុប្បន្នក្រសួងអប់រំ កំពុងស្រង់ស្ថិតិចំនួនសិស្សស្រីដែលមានអាយុ ៩ឆ្នាំ តាមសាលាសាធារណៈ និងឯកជន តាមខេត្តក្រុងនានា ដោយនៅចុងខែកញ្ញានេះ នឹងផ្តល់ព័ត៌មានតួលេខជាក់លាក់មួយដល់ក្រសួងសុខាភិបាល ដែលសង្ឃឹមថា នឹងអាចដំណើរការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារី នៅចុងឆ្នាំ២០២៣ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឃួន វិច្ឆិកា បានបន្តថា៖ “យើងជឿថា នៅពេលកុមារីទទួលបានវ៉ាក់សាំងនេះនឹងអាចចៀសផុតពីជំងឺមហារីមាត់ស្បូន និងកាត់បន្ថយបន្ទុកចំណាយក្នុងការព្យាបាលទាំងកម្រិតបុគ្គល គ្រួសារ និងថវិកាជាតិផងដែរ។ ក្រសួងអប់រំ តែងតែគាំទ្រដល់សុខភាពសិស្ស ទើបក្រសួងបានបង្កើតជានាយកដ្ឋានសុខភាពសិក្សា ដែលសហការជាមួយក្រសួងសុខាភិបាល ក៏ដូចជាដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធដើម្បីធ្វើយ៉ាងណាឱ្យកុមារាកុមារីមានសុខភាពល្អ និងអាចសិក្សាបានពេញមួយជីវិត”។

អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡារូបនេះ លើកឡើងថា តាមការស្រាវជ្រាវ វ៉ាក់សាំងមហារីកមាត់ស្បូននេះត្រូវបានអង្គការសុខភាពពិភពលោកដាក់ឱ្យប្រើប្រាស់នៅ ឆ្នាំ២០០៦ នៅជុំវិញពិភពលោក ដើម្បីទប់ស្កាត់ជំងឺមហារីកមាត់ស្បូនដល់កុមារី ហើយវ៉ាក់សាំងនេះត្រូវបានចាក់ដល់កុមារីកម្ពុជាមួយចំនួននៅតាមខេត្តគោលដៅ តាំងពីខែមករា ឆ្នាំ២០១៧ កន្លងទៅ ហើយលើកនេះ ជាលើកទី១ ដែលជាការចាក់វ៉ាក់សាំងដល់កុមារទ្រង់ទ្រាយធំទូទាំងប្រទេស ទាំងគ្រឹះស្ថានសាធារណៈ និងឯកជន។

លោកស្រី ឃួន វិច្ឆិកា បានបញ្ជាក់ថា តាមការប៉ាន់ស្មាននៅលើពិភពលោក ជំងឺមហារីកមាត់ស្បូនជាជំងឺមួយដែលកើតឡើងច្រើនជាងគេ លំដាប់ទី៤ ចំពោះស្ត្រី ដោយបានសម្លាប់មនុស្សប្រមាណ ៣សែននាក់ជារៀងរាល់ឆ្នាំ។ ដោយឡែកនៅកម្ពុជាតាមការប៉ានស្មាន មានស្ត្រីប្រហែលជា ១ពាន់នាក់ បានស្លាប់ដោយសារជំងឺនេះ។ ដូចនេះការផ្តល់វ៉ាក់សាំងនេះ នឹងអាចកាត់បន្ថយអត្រាឈឺ និងស្លាប់ស្រ្តីក្នុងពេលអនាគត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម