Connect with us

ព័ត៌មានជាតិ

ACU ប្រកាសឱ្យមន្ត្រីដែលត្រូវតែងតាំងតំណែង បញ្ជូនឯកសារប្រកាសទ្រព្យសម្បត្តិឱ្យបានឆាប់

បានផុស

នៅ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ស្នើដល់មន្ត្រី និងបុគ្គល ដែលត្រូវបានតែងតាំងតំណែងដោយព្រះរាជក្រឹត្យ ដែលមិនទាន់បានបញ្ជូនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលទៅកាន់ ACU គឺសូមប្រញាប់រៀបចំឱ្យបានឆាប់តាមការគួរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីប្រកាស បញ្ជាក់ថា មន្ត្រី និងបុគ្គល ដែលត្រូវបញ្ជូនទៅគឺមានឋានៈ និងតួនាទីចាប់ពីប្រធាននាយកដ្ឋានឡើងទៅ។ ចំពោះកងកម្លាំងប្រដាប់អាវុធ គឺចាប់ពីវរសេនីយន៍ឯកឡើង (ចាប់ពីស័ក្តិ៥) និងមន្ត្រីសាធារណៈដែលជ្រើសតាំងដោយការបោះឆ្នោត (ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុង-ខណ្ឌ-ស្រុក រាជធានី-ខេត្ត តំណាងរាស្ត្រ ព្រឹទ្ធសមាជិក…)។

ក្នុងសេចក្តីប្រកាសដដែលបញ្ជាក់ថា បើតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បុគ្គលជាប់កាតព្វកិច្ចប្រកាសទាំងអស់ ដែលត្រូវទទួលតំណែងថ្មី បន្តមុខតំណែង លាលែងពីមុខតំណែង ឬ ចប់អាណត្តិ និងចូលនិវត្តន៍ ត្រូវបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចខាងក្រោម៖

១.ទទួលតំណែងថ្មី៖ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនលើកទី១ ៣០ថ្ងៃយ៉ាងយូរមុនចូលកាន់តំណែង។ ប្រសិនបើទទួលបានតំណែងថ្មីនៅពេលប្រកាសទ្រព្យសម្បត្តិរួច ហើតតំណែងថ្មីនោះ ជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលដែរ មិនចាំបាច់ប្រកាសម្តងទៀតទេ ពោល គឺអាចប្រកាសក្នុងរបបប្រកាស២ឆ្នាំម្តងជាធម្មតា។

២.ប្រកាសរៀងរាល់ ២ឆ្នាំ ម្តង៖ បុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺត្រូវប្រកាសរៀងរាល់ ២ឆ្នាំ ម្តង ហើយត្រូវប្រកាសបន្តបន្ទាប់រៀងរាល់ខែមករា នៃឆ្នាំទី៣ គិតចាប់ពីការប្រកាសលើកទី១។ សម្រាប់បុគ្គលដែលចប់អាណត្តិ តាមបែបបទបោះឆ្នោត ហើយជាប់អាណត្តិថ្មី មិនតម្រូវឱ្យប្រកាសពេលចប់អាណត្តិ និងពេលចូលកាន់តំណែងថ្មីទេ គឺអាចប្រកាសក្នុងរបបប្រកាសរៀងរាល់២ឆ្នាំម្តងជាធម្មតា។

៣.លាលែង ឬ បញ្ឈប់ពីមុខតំណែង៖ បុគ្គលដែលបានលាលែង ឬ បញ្ឈប់ពីមុខតំណែង ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ៣០ថ្ងៃ យ៉ាងយូរមុនលាលែង ឬ បញ្ឈប់ពីមុខតំណែង។ ប៉ុន្តែ ប្រសិនបើបុគ្គលនោះនៅមានមុខតំណែងផ្សេងទៀត ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺមិនចាំបាច់ប្រកាសនៅពេលលាលែង ឬ បញ្ឈប់ពីមុខតំណែងនោះទេ អាចអនុវត្តបន្តប្រកាសក្នុងរបបប្រកាសរៀងរាល់២ឆ្នាំម្តងជាធម្មតា។

៤.ចូលនិវត្តន៍ ឬ ចប់អាណត្តិ៖ បុគ្គលដែលត្រូវ ចូលនិវត្តន៍ ឬ ចប់អាណត្តិ ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ៣០ថ្ងៃ យ៉ាងយូរមុនចូលនិវត្តន៍ ឬ ចប់អាណត្តិ។ ប្រសិនបើបុគ្គលនោះនៅមានមុខតំណែងផ្សេងទៀត ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺមិនចាំបាច់ប្រកាសនៅពេលចូលនិវត្តន៍ ឬ ចប់អាណត្តិនោះទេ អាចប្រកាសរៀងរាល់២ឆ្នាំម្តង។

សូមជម្រាបថា សម្រាប់បុគ្គលណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬ ប្រកាសមិនបានត្រឹមត្រូវតាមច្បាប់នេះ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ១សែនរៀល ដល់ ២លានរៀល និងត្រូវបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិទៅ អង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណី មិនព្រមប្រកាសទ្រព្យសម្បត្តិទៀត និងទទួលទោសទ្វេដង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម