ព័ត៌មានជាតិ
បណ្ឌិត សូ ណារ៉ូ៖ មួយខែក្នុងតំណែងនាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន ម៉ាណែត សម្រេចបានជោគជ័យធំៗចំនួនបី
គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ គឺគម្រប់មួយខែគត់ ដែលសម្ដេច ហ៊ុន ម៉ាណែត ឡើងធ្វើជានាយករដ្ឋមន្ត្រីបន្តពីសម្ដេចតេជោ ហ៊ុន សែន។ នៅក្នុងរយៈពេលមួយខែនេះ លោកបណ្ឌិត សូ ណារ៉ូ ដែលជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានលើកសរសើរពីការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយនៅក្នុងនោះ លោក សូ ណារ៉ូ បានកត់ សម្គាល់ឃើញថា ក្នុងរយៈពេលមួយខែនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានជោគជ័យលើបេសកម្មធំៗចំនួនបី។
បេសកម្មចំនួនបីដែល លោក សូ ណារ៉ូ បានកត់សម្គាល់ឃើញ ហើយបានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននាល្ងាចថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៣នេះ មានដូចជា៖
១/ ភាពជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី
រយៈពេលតែ៤ថ្ងៃ ពីថ្ងៃទី៤ដល់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំរាជរដ្ឋាភិបាលចូលរួម១៤អង្គប្រជុំធំៗ ជួបប្រាស្រ័យទាក់ទង ជួបសម្តែងការគួរសម និងជួបចរចារទ្វេភាគីជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសចំនួន២០ មានចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េ អូស្រ្តាលី ឥណ្ឌា មេដឹកនាំប្រទេសអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាជាតិ អគ្គលេខាអាស៊ាន។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/image-1984-1024x682.png)
លោក សូ ណារ៉ូ បានអះអាងថា នេះគឺជាសាក្ខីភាពដ៏ច្បាស់នៃការគាំទ្រ និងទទួលស្គាល់រាជរដ្ឋភិបាលថ្មីក្រោមការដឹកនាំរបស់ សម្តេចធិបតី ពីសហគមន៍អន្តរជាតិ។ ស្របពេល សម្តេចធិបតី បានថ្លែងសុន្ទរកថា នៅចំពោះមុខអ្នកវិនិយោគទុនធំៗចំនួន៧០០នាក់ក្នុងកិច្ចប្រជុំកំពូលអាស៊ានធុរកិច្ចនិងវិនិយោគទុនឆ្នាំ២០២៣ ជួបលោកប្រធានវេទិការសេដ្ឋកិច្ចពិភពលោក។ លោក សូ ណារ៉ូ បន្តថា តាមរយៈកិច្ចប្រជុំ និងជំនួបទាំងនេះ សម្តេចធិបតី បានបង្ហាញនូវជំហរប្រកបដោយនិរន្តភាព និងសង្គតិភាពនៃនយោបាយការបរទេស តភ្ជាប់ពីសម័យសម្តេចតេជោ រក្សារជំហរឯករាជ្យ បូរណភាពទឹកដី ផ្អែកលើច្បាប់ ឈ្លាសវៃ ឈរលើមូលដ្ឋាននៃផលប្រយោជន៍ជាតិជាធំ ចូលរួមការពារសុខសន្តិភាព សេ្ថរភាព និងវិបុលភាពក្នុងតំបន់ និងលើពិភពលោក ប្រឆាំងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេស ដោះស្រាយជម្លោះដោយវិធីការទូតនិងការចរចារ កសាងទំនុកចិត្ត គិតគូមានតល្យភាពនៃផលប្រយោជន៍ និងកង្វល់សន្តិសុខនៃគ្រប់ភាគី ជម្រុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដោយចីរភាព បរិយាប័ន្ន ធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសកលលោក។ លទ្ធផលផ្លែផ្កាចេញជាបន្តបន្ទាប់គឺប្រទេសឥណ្ឌូនេសុីចុះហត្ថលេខាទិញអង្ករពីកម្ពុជាចំនួន២៥មុឺនតោន ហ្វីលីពីន និងម៉ាឡេសុី ត្រៀមទិញពី២០-៥០ មុឺនតោន កូរ៉េ នឹងបង្កើនចំនួនពលករទៅធ្វើការនៅកូរ៉េ ជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/image-1985-1024x477.png)
២/ ភាពជោគជ័យ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន
លោក សូ ណារ៉ូ បន្តគូសរំលេចថា ក្នុងដំណើរការបំពេញទស្សនៈកិច្ចជាផ្លូវការជាលើកទី១នៃរាជរដ្ឋាភិបាលថ្មីនៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សុី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំកំពូលចិនដ៏ទៃទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/image-1986-edited.png)
លោកសូ ណារ៉ូ បន្តថា ប្រធានាធិបតី សុី ជីនពីន បានបញ្ជាក់ថា៖ សម្តេច ហ៊ុន សែន និងខ្ញុំបានបើកសករាជថ្មីនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់តាខ្ពស់។ ចិននៅតែជាមិត្តដ៏ល្អ និងនៅតែបន្តជួយកម្ពុជាលើមាគា៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនៅប្រទេសចិនក្នុងរដូវស្លឹកឈើជ្រុះខែកញ្ញាឆ្នាំនេះ ខ្ញុំជឿជាក់ថា សម្តេចធិបតីគឺជាអ្នកប្រមូលផល សម្តេចធិបតីនឹងជួយជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនឲ្យកាន់តែសុីជម្រៅ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/image-1987-1024x521.png)
លោក សូ ណារ៉ូ បានសរសេរបន្ដ ដោយអត្ថាធិបាយពី ជំនួបជាមួយ លោក លី ឈាង នាយករដ្ឋមន្រ្តីចិន សម្តេចធិបតីបានស្នើឱ្យភាគីចិន បន្តជួយលើវិស័យសន្តិសុខថាមពល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការជម្រុញ និងលើកទឹកចិត្តផ្នែកវិនិយោគ ការអនុវត្តគម្រោងកិច្ចសហប្រតិបិត្តិការត្បូងពេជ្រ និង ស្តារនិងជម្រុញវិស័យទេសចរណ៍។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/image-1988-1024x682.png)
ខណៈ លោក លី ឈាង បានបញ្ជាក់ជូនសម្តេចធិបតី ជាថ្មីថា ចិនបន្តគាំទ្រនិងសហការជាមួយកម្ពុជាលើគ្រប់វិស័យដោយមិនមានការប្រែប្រួលឡើយ។ ឯកសារកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ជាច្រើនត្រូវបានចុះហត្ថលេខាក្នុងឱកាសជាប្រវត្តិសាស្រ្តនេះផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/image-1989-1024x682.png)
លោក សូ ណារ៉ូ បានរំលេចបន្តថា ក្នុងរយៈពេល៤ថ្ងៃស្នាក់នៅប្រទេសចិនពីថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ក៏បានជួបបណ្តាក្រុមហ៊ុនធំៗចិនជាច្រើនវិស័យដើម្បីជម្រុញការបន្តដាក់ទុនវិនិយោគមកកម្ពុជាលើវិស័យសេដ្ឋកិច្ច ថាមពល ហេដ្ឋរចនាសម្ព័ន្ធ បច្ចេកទេស Digital។ សម្តេចធិបតី ក៏បានចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី២០ ចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣ (RCEP) និងជួបជាមួយថ្នាក់ដឹកនាំខេត្តក្វាងសុី នៅទីក្រុងណាននីងផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/image-1990-1024x564.png)
៣- សកម្មភាពសម្ដេចនាយករដ្ឋមន្ត្រី កំពុងទៅចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក
ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅបូរីញ៉ូវយ៉ក សហរដ្ឋអាមេរិក។ ថ្លែងលើវេទិការដ៏ធំបំផុតនៃពិភពលោកតំណាងឲ្យប្រជាជាតិកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួនបីរួមមាន បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះបរិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)របស់អង្គការសហប្រជាជាតិ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/image-1991-1024x681.png)
សម្តេចធិបតីក៏ជួបប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាតិ និងឥស្សរជនបរទេសមួយចំនួននៅទីក្រុងញ៉ូវយ៉កក្នុងនោះជួបជាមួយលោកជំទាវអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក។ ក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជុំជាមួយពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកដែលបាននាំគ្នាយ៉ាងច្រើនកុះករមកជួបសម្តេចក្នុងបរិយាកាសស្និទ្ធ ស្នាលរីករាយក្នុងនាមជាខ្មែរតែមួយ។ សម្តេចធិបតីក៏ចូលរួមពិធីបើកវេទិការធុរកិច្ចកម្ពុជាសហរដ្ឋ អាមេរិក ដែលមានជាងមួយរយក្រុមហ៊ុននៃប្រទេសទាំងពីរចូលរួមស្វែងរកឱកាសនៃការរកសុីធុរកិច្ចជាមួយគ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/image-1992-1024x682.png)
ជាង៣៨ឆ្នាំកន្លងមកនេះ ប្រជាជនកម្ពុជាធ្លាប់បានស្គាល់យ៉ាងច្បាស់ស្នាដៃនិងទេពកោសល្យរបស់អ្នកកាច់ចង្កូតនាវាកម្ពុជាជើងចាស់គឺសម្តេចតេជោ ហ៊ុន សែន។ រយៈពេលពេលមួយខែកន្លងមកនេះ នៅពេលមានការប្តូរអ្នកកាច់ចង្កូតថ្មី ជាមួយនឹងទេពកោសល្យថ្មី នាវាកម្ពុជានៅតែបោះពួយទៅមុខយ៉ាងរលូន ស្វាហាប់ តភ្ជាប់ប្រកបដោយនីរណភាព និងសង្គត់ភាពរវាងមនុស្សជំនាន់ចាស់ និងថ្មី។ ប្រជាជាតិខ្មែរពិតជាមានមោទនភាព មានភ័ព្វសំណាង និងសប្បាយរីករាយបំផុតចំពោះព្រឹត្តិការណ៍ការផ្លាស់ប្តូរអ្នកកាច់ចង្កូតនាវាជាតិពីជំនាន់ចាស់មកជំនាន់ថ្មី ស្ថិតក្នុងសុខសន្តិភាព ស្ថេរភាព និងស្មារតីសាមគ្គីជាតិរួចចាកភ័យន្តរាយនៃមេរៀនប្រវត្តិសាស្រ្តជូរចត់រាប់សតវត្សរ៍កន្លងមក។
រយៈពេល១ខែដ៏ខ្លី ជាមួយនឹងសមទ្ធិផលជោគជ័យផ្ទួនៗជូនជាតិទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ កាន់តែពង្រឹងជំនឿជាក់យ៉ាងរឹងមាំរបស់ប្រជាជនកម្ពុជាលើការដឹកនាំដ៏ឈ្លាសវៃរបស់អគ្គមគ្គុទេសថ្មី គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងបន្តកាច់ចង្កូតនាវាកម្ពុជាតម្រង់ឆ្ពោះដល់ត្រើយនៃសុភមង្គល វិបុលភាពនាពេលអនាគតជាក់ជាមិនខាន ដូចសំណេររបស់សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃដ៏ខ្ពង់ខ្ពស់ថ្មីៗនេះថា ៖ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការរំពឹងទុករបស់ខ្ញុំទៀត។ កូននាគច្បាស់ជាមិនក្លាយជាកូនកង្កែបនោះឡើយ៕
អត្ថបទដោយបណ្ឌិត សូ ណារ៉ូ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការអាស៊ាន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត