ព័ត៌មានជាតិ
សហរដ្ឋអាមេរិកផ្ដល់ជំនួយទឹកប្រាក់១៨លានដុល្លា ដល់កម្ពុជាឡើងវិញ បន្ទាប់ពីផ្អាកក្រោយការបោះឆ្នោត
អនុរដ្ឋមន្ត្រីការបរទេសស្ដីទី សហរដ្ឋអាមេរិក លោកស្រី វ៉ិចតូរីយ៉ា នូលែន នៅចំពោះមុខ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចផ្ដល់ឡើងវិញ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលកន្លងមកសហរដ្ឋអាមេរិកបានផ្អាក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

នេះបើតាមខ្លឹមសារ នៃជំនួបទ្វេភាគី និងពិភាក្សាការងារ ដែលធ្វើឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ រវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីការបរទេសស្ដីទី សហរដ្ឋអាមេរិក លោកស្រី វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) តែទើបនឹងចេញផ្សាយនៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ខ្លឹមសារ នៃជំនួបដែលធ្វើឡើងនៅក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក បានបន្តសរសេរថា “លោកស្រី វ៉ិចតូរីយ៉ា នូលែន បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក ស្វាគមន៍ឱកាស ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាមរយៈការធ្វើការជិតស្និទ្ធជាមួយ សម្ដេចធិបតី និងចង់ឃើញ សម្ដេចធិបតី ក៏ដូចប្រទេសកម្ពុជាទាំងមូល ទទួលបានជោគជ័យ”។

កំឡុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដោយ លោកស្រី វ៉ិចតូរីយ៉ា នូលែន បានស្នើឱ្យពន្លឿននីតិវិធីនៃការទទួលយកពលរដ្ឋទាំងនោះ មកកាន់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ខ្លឹមសារនៃជំនួបបានសរសេរបន្តទៀតថា ជាការឆ្លើយតបត្រឡប់ទៅ លោកស្រី វ៉ិចតូរីយ៉ា នូលែន វិញ “សម្តេចធិបតី បានបញ្ជាក់ថាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជានឹងពិនិត្យ កែសម្រួលនីតិវិធី ឱ្យដំណើរការដោយរលូន ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់”។
បន្ថែមពីនេះ ខ្លឹមសារ នៃជំនួបដែលធ្វើឡើងកំឡុងពេលនាយករដ្ឋមន្ត្រី នៃកម្ពុជា ទៅចូលរួមមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ ក៏បានសរសេរអំពីការស្នើរបស់ សម្ដេចធិបតី ត្រឡប់ទៅកាន់ លោកស្រី វ៉ិចតូរីយ៉ា នូលែន “ឱ្យភាគីសហរដ្ឋអាមេរិកយកចិត្តទុកដាក់ ជាពិសេសចំពោះពលរដ្ឋខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍ និងដែលមានបញ្ហាសុខភាព”។

ខ្លឹមសារ នៃជំនួបពិភាក្សាការងារ បានសរសេរទៀតថា ជាការឆ្លើយតបត្រឡប់មក សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាវិញ “លោកស្រី វ៉ិចតូរីយ៉ា នូលែន បានបញ្ជាក់ថា បញ្ហាសុខភាព គឺជាអ្វីដែលសហរដ្ឋអាមេរិកបានយកចិត្តទុកដាក់កន្លងមក និងបន្តយកចិត្តទុកដាក់ ជាពិសេសបន្ថែមទៀត តាមការស្នើរបស់ សម្ដេចធិបតី”។
បន្ថែមពីនេះ កិច្ចពិភាក្សាបានផ្តោតលើការរិះរកវិធី និងមធ្យោបាយ សម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យឈានឡើងមួយកម្រិតទៀត។ ភាគីទាំងពីរក៏បានពិភាក្សាគ្នា លើវិស័យដែលប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់។

ក្រៅពីការពិភាក្សាលើកិច្ចការងារសំខាន់ៗ លោកស្រីវ៉ិចតូរីយ៉ា នូលែន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចធិបតី ដែលបានអញ្ជើញមកទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨។ ក្រៅតែពីការស្វាគមន៍ អនុរដ្ឋមន្ត្រីការបរទេសស្ដីទីសហរដ្ឋអាមេរិករូបនេះ ក៏បានអបអរសាទរចំពោះការជ្រើសតាំងសម្ដេចធិបតី ជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ