ព័ត៌មានជាតិ
បណ្ឌិត ហ៊ាន សុខុម៖ វចនានុក្រមខ្មែរថ្មី ចំណាយពេល ៥ឆ្នាំ និងមានគណៈកម្មការ ៦៥អង្គ/នាក់ចូលរួម
ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ លោកបណ្ឌិត ហ៊ាន សុខុម បានលើកឡើងថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ ចំណាយពេល ៥ឆ្នាំ តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ក្នុងការរៀបរៀងវចនានុក្រមឆ្នាំ២០២២ និងមានសមាសភាពគណៈកម្មការចំនួន ៦៥អង្គ/នាក់ចូលរួម ហើយក៏មានភាពលំបាកមួយចំនួនដែរ។

ការលើកឡើងរបស់លោកបណ្ឌិតបែបនេះ នៅក្នុងកម្មវិធីដាក់សម្ពោធឱ្យប្រើប្រាស់វចនានុក្រមខ្មែរឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជា។ គណៈកម្មការចំនួន ៦៥អង្គ/នាក់ ដែលចូលរួមធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនេះ មានដូចជាបញ្ញវន្តគ្រប់វ័យ ព្រឹទ្ធាចារ្យ និងព្រះសង្ឃ ដែលមានជំនាញភាសាវិទ្យា អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ សេដ្ឋកិច្ចជាដើម។ វចនានុក្រមនេះ មានបោះពុម្ពជាសៀវភៅដែលមានពាក្យសរុប ៤ ៤៦៩៧ពាក្យ និងមេពាក្យចំនួន ៣១ ០៧៣ពាក្យ បើប្រៀបធៀបនឹងវចនានុក្រមចាស់ មានតែងជាង ២ម៉ឺនពាក្យប៉ុណ្ណោះ។

លោកបណ្ឌិត ហ៊ាន សុខុម បានលើកឡើងថា ក្នុងការរៀបរៀងវចនានុក្រមថ្មី គឺយកតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ជាគោល ដោយកែតម្រូវពាក្យមួយចំនួន និងបន្ថែមនូវពាក្យថ្មីមួយចំនួនដែលគ្មាននៅក្នុងវចនានុក្រមចាស់ និងដាក់សូរអានគ្រប់ពាក្យ និងកែសម្រួលថ្នាក់ពាក្យមួយចំនួន។ មុននឹងប្រកាសដាក់ឱ្យប្រើប្រាស់នេះ ក្រុមការងារក៏បានបង្កើតជាSoftware វចនានុក្រម ដើម្បីដាក់ឱ្យអ្នកប្រើប្រាស់ភាសាខ្មែរមានមតិយោបល់សម្រាប់កែតម្រូវរយៈពេល ៦ខែផងដែរ។
លោកបណ្ឌិត បានលើកឡើងថា៖ “ការបង្កើតទម្រង់ឌីជីថលបែបនេះ ធ្វើឱ្យចំណេញពេលវេលា ងាយស្រួលក្នុងការប្រើប្រាស់ ផ្សព្វផ្សាយបានទូលំទូលាយ ហើយជាពិសេស ងាយស្រួលធ្វើបច្ចុប្បន្នភាពបន្ថែមទៀត”។ លោកបញ្ជាក់បន្តពីបញ្ហាប្រឈមថា៖ “នៅក្នុងការធ្វើបច្ចុប្បន្នកម្មវចនានុក្រមនេះ យើងប្រឈមនឹងបញ្ហាមួយចំនួនដូចជា បញ្ហាធនធានមនុស្សនៅមានកម្រិត ពេលវេលាមានកំណត់ និងការរីករាលដាលនៃជំងឺកូវីដ-១៩ជាដើម ដែលធ្វើឱ្យក្រុមការងារគ្មានលទ្ធភាពបញ្ចូលពាក្យថ្មីៗទាំងអស់បានឡើយ”។

ទោះបីជាវចនានុក្រមត្រូវបានដាក់ឱ្យប្រើប្រាស់ក្តី ប៉ុន្តែ គណៈកម្មាធិការជាតិរៀបចំវចនានុក្រមខ្មែរយល់ឃើញថា វចនានុក្រមនេះ នៅមិនទាន់បំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ទាំងស្រុងនៅឡើយទេ។ គណៈកម្មាធិការរង់ចាំទទួលមតិស្ថាបនា និងកែលម្អពីគ្រប់មជ្ឈដ្ឋាន និងបន្តបេសកម្មរបស់ខ្លួន ដោយពន្លឿនការអនុម័តពាក្យឱ្យទាន់ការវិវឌ្ឍផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព្រមទាំងបន្តធ្វើឌីជីថលនីយកម្មភាសាខ្មែរឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត ហ៊ាន សុខុម៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់