ព័ត៌មានជាតិ
ពលរដ្ឋជាង៥ពាន់គ្រួសារ ក្នុងខេត្តកំពង់ធំ កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់
ប្រជាពលរដ្ឋប្រមាណជាង ៥.២០០គ្រួសារ កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន វត្តអារ៉ាម និងដំណាំផ្សេងៗទៀតកំពុងត្រូវបានទឹកជំនន់ធ្វើឲ្យលិចលង់ផងដែរ។
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ អញ្ជើញទៅត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង នៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងដំណើរនៃការពិនិត្យនេះ ឯកឧត្តមសង្កេតឃើញស្ថានភាពទឹកនៅតែបន្តកើនឡើង ដែលនឹងធ្វើប្រជាពលរដ្ឋនៅតែបន្តរងផលប៉ះពាល់ទាំងការធ្វើដំណើរ និងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ណែនាំដល់អាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក ត្រូវយកចិត្តទុកដាក់ណែនាំដល់ប្រជាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវត្រៀមកងកម្លាំង និងមធ្យោបាយគ្រប់ប្រភេទ ដើម្បីដឹកជញ្ជូនពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព ក្នុងកាលៈទេសៈ ដែលទឹកជំនន់នៅតែបន្តកើនឡើង ធ្វើប្រជាពលរដ្ឋគ្រោះថ្នាក់។ ក្នុងនោះ មន្ទីរ ស្ថាប័នពាក់ព័ន្ធត្រូវវាយតម្លៃឲ្យបានច្បាស់លាស់អំពីផលប៉ះពាល់ ដែលបណ្ដាលមកពីគ្រោះទឹកជំនន់នេះ មានជាអាទិ៍ បញ្ហាប្រព័ន្ធផ្លូវគមនាគមន៍ បញ្ហាប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់មានជីវភាពលំបាកខ្វះខាត និងការខូចខាតផលដំណាំផ្សេងៗដែលកើតមានឡើង ដើម្បីត្រៀមស្តារការខូចខាត និងដោះស្រាយជូន ប្រជាពលរដ្ឋឲ្យបាន និងទាន់ពេលវេលា។

តាមរបាយការណ៍របស់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បញ្ជាក់ថា ស្ថានភាពទឹកក្នុងខេត្តកំពង់ធំ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា នៅតែបន្តកើនឡើង ដែលនៅស្ថានីយ៍កំពង់ធំ មានកំពស់ ១៣.៧២ ម៉ែត្រ លើសកំពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្ន០.២២ម៉ែត្រ។ បច្ចុប្បន្នស្ថានភាពទឹក ធ្វើឲ្យប៉ះពាល់មានចំនួន ២៩ឃុំ ស្មើ ១៥៣ភូមិមាន៥.២៨៣គ្រួសារ ដែលមានប្រជាពលរដ្ឋសរុបចំនួន ២១.៣២៣ នាក់។ ប្រជាពលរដ្ឋ ចេញពីលំនៅឋាន២០៩គ្រួសារ មានមនុស្សចំនួន ៣១៨នាក់ កំពុងស្នាក់នៅលើទីទួលសុវត្ថិភាព១៩ គ្រួសារ ។ ប៉ះពាល់ផ្ទះសម្បែង ២.២២៥ខ្នង សាលារៀនចំនួន ៤៣សាលា ផ្អាកដំណើរការសាលារៀនចំនួន ១៨សាលា ប៉ះពាល់វត្តអារាមចំនួន ០៦កន្លែង ប៉ះពាល់ដំណាំរួមផ្សំចំនួន ១៨៧ ហិកតា ប៉ះពាល់ដំណាំស្រូវចំនួន ២.៧៥០ហិកតា ប៉ះពាល់ផ្លូវកៅស៊ូចំនួន ៣.៥៥៥ ម៉ែត្រ ប៉ះពាល់ផ្លូវបេតុងចំនួន ៣៣៤ ម៉ែត្រ ប៉ះពាល់ផ្លូវគ្រួសក្រហមចំនួន ៥១.៤០៥ ម៉ែត្រ ប៉ះពាល់ផ្លូវដីស ៣.៤៦៥ ម៉ែត្រ ប៉ះពាល់ស្ពានបេតុង ០១កន្លែង ស្ពានឈើ ០៦កន្លែង ខូច ០១ និងប៉ះពាល់លូកាត់ផ្លូវ ៨៧កន្លែង។

ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេសកុមារតូចៗ ដែលត្រូវការជាចាំបាច់នូវអនាម័យដើម្បីគេចផុតពីជំងឺឆ្លង ទន្ទឹមនេះប្រជាពលរដ្ឋគ្រប់ផ្ទះក៏ត្រូវត្រៀម ម្ហូបអាហារ ថ្នាំសង្កូវខ្លះៗ ដើម្បីសង្គ្រោះបឋម ដើម្បីជៀសវាងគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ៕
អត្ថបទ៖ ឈាង មករា





-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា