ព័ត៌មានជាតិ
ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ៥ សន្យាជួយលើកកម្ពស់ប្រព័ន្ធស្បៀង អាហារូបត្ថម្ភគ្រប់ទម្រង់ និងសុវត្ថិភាពចំណីអាហារនៅកម្ពុជា
ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ៥ រួមមាន អង្គការស្បៀង និងកសិកម្ម, អង្គការ យូនីសេហ្វ, អង្គការយូនីដូ, អង្គការ កម្មវិធីស្បៀងអាហារពិភពលោក និងអង្គការ សុខភាពពិភពលោក បានសន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគាំទ្រក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សម្រាប់អនុវត្តគម្រោងនានា ដោយឈរលើក្របខណ្ឌសហប្រតិបត្តិការប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/382991954_720203643472221_443286323029727546_n-1024x682.jpg)
ក្នុងជំនួបពិភាក្សាការងារជាមួយលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ ១ ផលិតផល ១ នៅព្រឹកថ្ងៃទី ២៦ កញ្ញានេះ នាទីស្ដីការគណៈរដ្ឋមន្ត្រី លោក ចូស៊េប សូឃ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ មានប្រសាសន៍ថា ក្របខណ្ឌសហប្រតិបត្តិការប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ត្រូវបានរៀបចំឡើង ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ឲ្យទទួលបានជោគជ័យ ដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ និងដើម្បីកម្ពុជាត្រៀមចាកចេញដោយរលូនពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/382238531_720203506805568_5129924506049165505_n-1024x682.jpg)
ចំណែកតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំង ៥ ក៏បានលើកឡើងពីការងារសហការប្រតិបត្តិការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ពិសេសលើការងារលើកកម្ពស់ប្រព័ន្ធស្បៀង និងការកាត់បន្ថយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ និងសុវត្ថិភាពចំណីអាហារ ក្នុងបរិបទ នៃការប្រែប្រួលអាកាសធាតុទៅតាមតួនាទី និងភារកិច្ចរបស់អង្គការនីមួយៗ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/383240610_720203606805558_1263417184215744075_n-1024x682.jpg)
លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នឹងបន្តប្រើប្រាស់យន្តការដែលមានស្រាប់ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ទាំងក្នុងតំបន់ និងពិភពលោក រួមនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀងឲ្យកាន់តែមានភាពរឹងមាំ ធន់នឹងភាពងាយរងគ្រោះវិបត្តិ និងបញ្ហាផ្សេងៗ សំដៅជួយការពារបរិស្ថាន និងជួយកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុតាមរយៈការជំរុញឲ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង ដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ ពិសេសគោលដៅទី ២ គឺ បញ្ចប់ភាពអត់ឃ្លាន សម្រេចឲ្យបានសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ដែលត្រូវបានលើកកម្ពស់ និងជំរុញកសិកម្មប្រកបដោយចីរភាព។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/383407570_720203713472214_5059905711785697660_n-1024x682.jpg)
ក្នុងឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បានស្នើដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិឲ្យជួយការងារមួយចំនួនដូចជា ៖
ទី១-ជួយសហការរៀបចំយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី ៣ ឆ្នាំ ២០២៤ ដល់ ២០២៨ ឲ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ និងកៀរគរថវិកាដើម្បីអនុវត្តយុទ្ធសាស្ត្រនេះ។
ទី២-ជួយសហការរៀបចំសូចនាករតាមដានរួមគ្នា (Joint Monitoring Indicators) របស់ក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ឆ្នាំ ២០២៤ ដល់ ២០២៨ ដើម្បីអនុវត្តរួមគ្នា សំដៅលើកកម្ពស់ប្រព័ន្ធស្បៀង និងកាត់បន្ថយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។
ទី៣-ជួយពង្រឹងលេខាធិការដ្ឋានក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងលេខាធិការដ្ឋាន នៃក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្ត ទូទាំងប្រទេស។
ទី៤-បន្តពង្រឹង និងកសាងសមត្ថភាព របស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រាជធានីខេត្ត និងបញ្ជ្រាបការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សុវត្ថិភាពម្ហូបអាហារ ទៅក្នុងផែនការអភិវឌ្ឍ និងផែនការវិនិយោគឃុំ-សង្កាត់។
ទី៥-បន្តសហការរៀបចំទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក នៅថ្ងៃទី ៧ ខែមិថុនា និងរៀបចំទិវាជាតិអាហារូបត្ថម្ភ នៅថ្ងៃទី ៦ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីផ្សព្វផ្សាយការចូលរួមសហការលើកកម្ពស់ប្រព័ន្ធស្បៀង និងការលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅក្នុងប្រទេស។
ទី៦-ជួយស្វែងរកថវិកាដើម្បីអនុវត្តផែនទីបង្ហាញផ្លូវស្ដីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ និងផែនទីបង្ហាញផ្លូវផែនការសកម្មភាពសកលដើម្បីឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ។
ទី៧-បន្តពង្រីក និងពង្រឹងការទទួលបានសេវាសុខភាព និងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរពីអាហារូបត្ថម្ភ និងជួយពង្រឹងប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល ប្រព័ន្ធអប់រំ ប្រព័ន្ធគាំពារសង្គម និងការចូលរួមរបស់យុវជន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការឡើងថ្លៃទំនិញ និងម្ហូបអាហារ៕
អត្ថបទ ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត