ព័ត៌មានជាតិ
លោក វង្សី វិស្សុត៖ ក្រុមប្រឹក្សាអ្នកច្បាប់ដើរតួនាទីសំខាន់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកភារកិច្ចរបស់ក្រុមប្រឹក្សាអ្នកច្បាប់ មានបេសកកម្មសំខាន់ចាំបាច់ ក្នុងនាមជា សេនាធិការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការធានានូវគុណភាពការស្រាវជ្រាវ និងការផ្តល់យោបល់បានលឿនរហ័ស មានសង្គតិភាព ស្របតាមបទដ្ឋានគតិយុត្ត គោលការណ៍ រដ្ឋធម្មនុញ្ញ និងគោលការណ៍ច្បាប់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីអភិបាលកិច្ចល្អ និងក៏សម្រាប់បម្រើឱ្យការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យ។

លោក វង្សី វិស្សុត បានចាត់ទុកបែបនេះ ក្នុងពេលដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ដែលកិច្ចប្រជុំនេះក្នុងគោលបំណងពង្រឹងគុណភាព បង្កើនសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងទាំងកំរិតនាយកដ្ឋាន និងមន្ត្រីជំនាញ ឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា ការដឹកនាំ និងការប្រព្រឹត្តទៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ មានសមត្ថភាព ប្រសិទ្ធភាព សីលធម៌ គុណាធិបតេយ្យ និងសម្រេចបាននូវសមិទ្ធកម្ម ដែលជាស្នាដៃ និងសកម្មភាពការងារដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន។

លោក វង្សី វិស្សុត បានគូសបញ្ជាក់ទៀតថា ការងារចម្បងដែលក្រុមប្រឹក្សាអ្នកច្បាប់បាន និងកំពុងអនុវត្ត ត្រូវតែមានរបៀបនៃការដឹកនាំឱ្យបានត្រឹមត្រូវ ធ្វើការតាមមុខងារភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមគោលការណ៍ បុរេសកម្ម គឺ «ធ្វើការងារផង និងកែទម្រង់ផង » ដើម្បីធានាថា មានឆន្ទៈ មនសិការវិជ្ជាជីវៈខ្ពស់ក្នុងការស្រឡាញ់ស្ថាប័ន និងការអនុវត្តភារកិច្ចប្រចាំថ្ងៃ។ ហើយផ្តោតជាសំខាន់លើការងារជាអាទិភាព គឺការប្រជុំ ស្រាវជ្រាវ វិភាគ វាយតម្លៃ និងភារកិច្ចក្នុងក្របខណ្ឌនៃការរៀបចំតាក់តែងច្បាប់ និងក៏ជាអ្នកត្រួតពិនិត្យទាំងទិដ្ឋភាពច្បាប់ឱ្យបានស៊ីជម្រៅ រួមទាំងត្រូវតែយល់ដឹងទាំងកម្រិតបច្ចេកទេសផងដែរ។

បើទោះបីក្របខណ្ឌនៃភារកិច្ចរបស់ក្រុមប្រឹក្សាអ្នកច្បាប់ផ្តោតលើ គុណវុឌ្ឍនៃនីតិរដ្ឋបាល និងនីតិឯកជនក្តី ក៏ប៉ុន្តែដើម្បីបានមូលដ្ឋានរឹងមាំ ក្នុងបម្រើគោលដៅនៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលឱ្យធានាបាននូវយុត្តិធម៌ លើកកម្ពស់សេដ្ឋកិច្ច សង្គម ឱ្យមានលទ្ធផលគាប់ប្រសើរ លោក វង្សី វិស្សុត បានដាក់ចេញនូវការណែនាំ តម្រង់ទិសដៅ និងជាផែនការសម្រាប់អនុវត្តទាំងក្នុងពេលចំពោះមុខ និងរយៈពេលវែង សម្រាប់ក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងនោះរួមមាន៖
ទី១- ការកំណត់ភាពច្បាស់លាស់ នៃការងារជាអាទិភាព គឺប្រសិទ្ធភាពក្នុងការផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ដែលក្រសួង ស្ថាប័ននីមួយៗបានផ្តល់ឱ្យ គប្បីក្រុមប្រឹក្សាអ្នកច្បាប់ត្រូវតែពង្រឹងសមត្ថភាព ការត្រួតពិនិត្យ និងការស្រាវជ្រាវបន្ថែម ដែលត្រូវធ្វើការងារនេះជាក្រុម និងមានយន្តការប្រជុំត្រៀម ពិភាក្សាគ្នាឱ្យច្បាស់លាស់ ដោយធ្វើការវិភាគ វាយតម្លៃឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីធានាថា ការចូលរួមផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ណាមួយ គឺមានទាំងគុណភាព និងប្រសិទ្ធភាព ផ្អែកតាមគោលការណ៍ច្បាប់យ៉ាងរឹងមាំ។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាអ្នកច្បាប់ ក៏ត្រូវតែជាធនធានមនុស្សដែលមាននូវសមត្ថភាពក្នុងការតាក់តែងច្បាប់ ព្រះរាជក្រឹត្យ រួមទាំងសមត្ថភាពនៃការសិក្សា និងពិនិត្យលើច្បាប់ រួមទាំងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ដែលមិនសមស្របនឹងវឌ្ឍនភាពសង្គម ឬជាការត្រួតសមត្ថកិច្ចគ្នាជាមួយក្រសួងពាក់ព័ន្ធ គឺត្រូវតែមានភាពច្បាស់លាស់ដើម្បីលើកជាយោបល់ជូនប្រមុខរាជរដ្ឋាភិបាលក្នុងការពិនិត្យនិងសម្រេច។

ទី២- លើកទឹកចិត្តសម្រាប់ក្រុមប្រឹក្សាអ្នកច្បាប់ តាមរយៈឱ្យមានបើកវគ្គបណ្តុះបណ្តាលជំនាញផ្នែកច្បាប់ ជាការកសាងសមត្ថភាពទាំងទិដ្ឋភាពទម្រង់ ទស្សនាទានច្បាប់ និងទាំងខ្លឹមសារបច្ចេកទេសច្បាប់ ដែលនឹងចែករំលែកបទពិសោធន៍ពីព្រឹទ្ធចារ្យឯកទេសច្បាប់ទាំងក្នុងស្រុក ឬក៏ការតម្រូវឱ្យមានអ្នកជំនាញជាន់ខ្ពស់ប្រឹក្សាផ្នែកច្បាប់ពីអន្តរជាតិបង្ហាត់បង្រៀន រួមទាំងទស្សនកិច្ចសិក្សានៅក្រៅប្រទេសផងដែរ។ ជាពិសេស នឹងស្នើឱ្យមានការរៀបចំបែងចែកជាក្រុមៗ តាមជំនាញឱ្យបានត្រឹមត្រូវ ដើម្បីការផ្តល់យោបល់ផ្នែកច្បាប់ឱ្យបានរឹងមាំ ច្បាស់លាស់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ