អាជ្ញាធរខណ្ឌពោធិ៍សែនជ័យទុករយះពេល១០ថ្ងៃ ដើម្បីឱ្យ​ប្រជាពលរដ្ឋក្នុងបុរីរុះរើសំណង់ដែលរំលោភបិទរុឺហ្គែលូ មិនអោយទឹកហូរបាន – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យទុករយះពេល១០ថ្ងៃ ដើម្បីឱ្យ​ប្រជាពលរដ្ឋក្នុងបុរីរុះរើសំណង់ដែលរំលោភបិទរុឺហ្គែលូ មិនអោយទឹកហូរបាន

Published

on

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានសម្រេច​ធ្វើកិច្ចសន្យាជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីត្រពាំងថ្លឹង ដោយទុករយះពេល១០ថ្ងៃអោយពួកគាត់ដើម្បីឱ្យ​ពួកគាត់បានរុះរើសំណង់ ដែលរំលោភបិទរុឺហ្គែលូ ដោយខ្លួនឯង ជៀសវាងការលិចលង់ដោយជំនន់ទឹកភ្លៀងដូចពេលកន្លងមក។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបានមានប្រសាសន៍ឱ្យ​ដឹងនៅព្រឹកថ្ងៃទី០២ វិច្ឆិកានេះថា បុរីដែលបានសាងសង់រំលោភលើមាត់លូ និងគម្រប់លូ ដែលបង្កឱ្យប៉ះពាល់ដល់ប្រព័ន្ធបង្ហូរទឹក និងបង្កឱ្យមានជំនន់ទឹកភ្លៀង ឬទឹកជំនន់ ម្ចាស់សំណង់បានឯកភាពតាមវិធានការរបស់អាជ្ញាធរហើយ ពោលគឺអាជ្ញាធរបានទុករយះពេល១០ថ្ងៃឱ្យ​ពួកគាត់ដើម្បីឱ្យ​ពួកគាត់បានរុះរើសំណង់ ដែលរំលោភបិទរុឺហ្គែលូ នោះចេញដោយខ្លួនឯង ។

អភិបាល​ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ការអនុវត្តរបស់យើង នៅអនុវត្តដដែល អត់ថយទេ ប៉ុន្តែយើងធ្វើទៅតាមសំណូមពររបស់ពួកគាត់ ទី១ គាត់សុំពេលវេលា ដោយគាត់ជាអ្នករុះរើដោយខ្លួនឯង ។ បើផ្ទះណាមិនបានមកធ្វើកិច្ចសន្យានៃការរុះរើដោយខ្លួនឯងទេ បានន័យថា ដល់ថ្ងៃកំណត់ គឺគណៈកម្មការរបស់យើងចុះទៅកាយ បើកគម្រប់លូ ប្រសិនបើគាត់សហការ រកជាងបើកគម្រប់លូ គឺផ្តល់ភាពងាយស្រួលដល់អាជ្ញាធរ ក្នុងការបាញ់ទឹកលាងសម្អាត។

លោក ហែម ដារិទ្ធិ បានបន្តឱ្យដឹងទៀតថា សម្រាប់ផ្ទះ ដែលប៉ះពាល់នៅក្នុងបូរី មានមិនច្រើនទេ ហើយផ្ទះប៉ះពាល់ភាគច្រើន គឺផ្ទះដែលមានបន្ទប់ជួល ហើយបន្ទប់ជួលភាគច្រើនគឺសាងសង់លើលូតែម្តង ។ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបន្តថា សម្រាប់ម្ចាស់សំណង់ទាំងអស់នោះ គឺពួកគាត់មិនបានតវ៉ា ឬប្រឆាំងជាមួយអាជ្ញាធរក្នុងការអនុវត្តវិធានការច្បាប់នោះទេ ប៉ុន្តែ គ្រាន់តែពួកគាត់សុំការពន្យាពេលរុះរើ ដោយសារតែពួកគាត់ទើបតែជួបប្រទះបញ្ហាជួបគ្រោះទឹកជំនន់ និងបញ្ហាជំងឺកូវីដ-១៩ជាដើម។ ចំពោះសំណើនេះ ក្រុមការងាររបស់ខណ្ឌ បានយល់ព្រមជាមួយប្រជាពលរដ្ឋហើយដែរ។

លោក ហែម ដារិទ្ធិ បានបន្ថែមទៀតថា បើក្នុងករណីពលរដ្ឋណាគាត់សាងសង់លើរ៉ឺហ្គែលគម្រប់លូហើយ គាត់មិនបើកគម្រប់លូឱ្យទេ នៅពេលដល់ថ្ងៃកំណត់ ក្រុមការងារនឹងចុះទៅកាយហើយ ។ រយៈពេលឱ្យរុះរើនៅតែរយៈពេល១០ថ្ងៃដដែលអត់មានថែម ឬថយទេ ។ ប៉ុន្តែយើងមិនមែនគិតថា ដល់ថ្ងៃយើងចុះរុះរើភ្លាមនោះទេ។ លោកបញ្ជាក់ថា ជា ធម្មតាសេចក្តីជូនដំណឹងវា មិនមែនដូចខាង តុលាការ ដល់ថ្ងៃកំណត់អនុវត្តភ្លាមៗនោះទេ។

លោក ហែម ដារិទ្ធិ ក៏បានគូសបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋដែលបានសាងសង់លើគម្រប់លូ ពួកគាត់មិនបានតវ៉ាប្រឆាំងជាមួយអាជ្ញាធរ ដូចអ្វីដែលបុគ្គលមួយចំនួន Like តាមបណ្តាញសង្គមនិយាយនោះទេ។ លោកសុំឱ្យប្រជាពលរដ្ឋម្ចាស់សំណង់ទាំងអស់រកជាងដើម្បីរុះរើគម្រប់លូចេញដើម្បីបង្កភាពងាយស្រួលក្នុងការអនុវត្តការងាររបស់អាជ្ញាធរ។

លោក ហែម ដារិទ្ធិ បានបញ្ជាក់ ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា ការរុះរើសំណង់ខុសច្បាប់ទាំងនេះ គឺ ដើម្បីស្តារអណ្តូងលូ និងកែលម្អប្រព័ន្ធលូបង្ហូរទឹកឡើងវិញ ជាពិសេសជៀសវាងការជន់លិចដោយទឹកជំនន់ឬទឹកភ្លៀង។ ក្រោយចេញសេចក្តីជូនដំណឹងអាជ្ញាធរ ក៏ចុះប្រតិបត្តិការការងារនៅតាមបុរីនានា ក្នុងខណ្ឌពោធិ៍សែនជ័យ ដោយមានសរសេរពាក្យថា «រុះរើ» នៅលើជញ្ជាំងសំណង់បន្ថែម របស់ពលរដ្ឋទាំងនោះ។

គួរជម្រាបថា កាលពីខែដើមខែតុលា ឆ្នាំ២០២០ មានរាជធានី និងបណ្តាខេត្តចំនួន២០ របស់កម្ពុជាបានជួបប្រទះនូវគ្រោះទឹកជំនន់ ដោយសារភ្លៀងធា្លក់ខ្លាំងជាបន្តបន្ទាប់។ ជាមួយគ្នានេះដែរ ជំនន់ទឹកភ្លៀងនេះ ក៏បានធ្វើឱ្យផ្ទះ ឬបុរីនានា របស់ប្រជាពលរដ្ឋ នៅតាមខណ្ឌចំនួន ក្នុងរាជធានីភ្នំពេញ ជាពិសេសខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូលបានជន់លិចយ៉ាងខ្លាំង៕

អត្ថបទ៖ ស្រីរ័ត្ន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម