ព័ត៌មានជាតិ
លោក វង្សី វិស្សុត៖ ទោះ អ.វ.ត.ក. ជម្រះក្ដីចប់ តែរដ្ឋាភិបាល និងUN នៅតែគាំទ្រការងារសេសសល់របស់ អ.វ.ត.ក
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ទោះបីជាដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) បានបិទបញ្ចប់ជាស្ថាពរក្ដី តែរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅតែបន្តផ្ដល់ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក.។
លោក វង្សី វិស្សុត បានគូសបញ្ជាក់បែបនេះ នៅក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលធនធាន និងកម្មវិធីផ្សព្វផ្សាយជាស៊េរី របស់ អ.វ.ត.ក. នាព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ។

ការណ៍ដែល រាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ នៅតែបន្តផ្ដល់ការគាំទ្រដល់ការអនុវត្តការងារដែលសេសសល់របស់ អ.វ.ត.ក. ទោះដំណើរជំនុំជម្រះក្ដីមេដឹកនាំខ្មែរក្រហមបានបញ្ចប់ជាស្ថាពរនេះ បើតាម លោក វង្សី វិស្សុត ក៏ព្រោះតែរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ ត្រូវអនុលោមតាម «កិច្ចព្រមព្រៀងបន្ថែមស្តីពី ការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ» ដែលបានឯកភាពគ្នាកាលពីឆ្នាំ២០២១។
ចំពោះកិច្ចព្រមព្រៀងបន្ថែមស្តីពី ការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ ដែលរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ បានឯកភាពគ្នាកាលពីឆ្នាំ២០២១ រួមមាន ការងារគតិយុត្តិមួយចំនួន ការថែរក្សាទុកនិងការគ្រប់គ្រងបណ្ណសារ នៃសំណុំរឿងទាំងអស់តាមស្តង់ដារអន្តរជាតិ និងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់សាធារណជន ក្នុងនោះរួមទាំងការបង្កើតឱ្យមាន «មជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.» ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់កេរដំណែល ពាក់ព័ន្ធនឹងបណ្ណសារនៃអង្គជំនុំគម្រះរបស់សាលាក្ដីខ្មែរក្រហម ដើម្បីអនុញ្ញាតឱ្យសាធារណជនអាចចូលមើល និងសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

សម្រាប់ការបង្កើតមជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក មានសមាសភាពសំខាន់ៗចំនួន៦ រួមមាន ទី១/ បណ្ណាល័យ និងកន្លែងស្រាវជ្រាវ ទី២/ គេហទំព័រថ្មីដែលកំពុងកែលម្អ និងធ្វើបច្ចុប្បន្នភាព ទី៣/ និហិតដ្ឋានបណ្ណសារ (Archives Repository) ទី៤/ បន្ទប់ប្រើប្រាស់ពហុបំណង សម្រាប់រៀបចំសិក្ខាសាលានិងតុលាការត្រាប់(Moot Court), ទី៥/ បន្ទប់ពិគ្រោះយោបល់ និងតាំងពិព័រណ៍, និងទី៦/ ឧទ្យានសម្រាប់ការចងចាំ។ ចំពោះការងារទី២ ទី៣ និងទី៤ នៃមជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក. ក៏គ្រោង នឹងបញ្ចប់នៅចុងឆ្នាំ២០២៣ ហើយការងារទី៥ និងទី៦ ត្រូវបាន ដាក់ក្នុង គម្រោង ថវិកាសាងសង់របស់ អ.វ.ត.ក. នៅឆ្នាំ២០២៤។

ក្នុងចំណោមសមាសភាគសំខាន់ៗខាងលើ បណ្ណាល័យ និងកន្លែងស្រាវជ្រាវ នៃមជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក. ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីចុងខែឧសភា ឆ្នាំ២០២៣ និងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន សិស្ស និស្សិត និងអ្នកស្រាវជ្រាវជាតិ-អន្តរជាតិ អំឡុងពេលដំណើរការសាកល្បងនាពេលកន្លងមក។
បន្ទាប់ពីពិធីសម្ពោធនាថ្ងៃនេះ បណ្ណាល័យ និងកន្លែងស្រាវជ្រាវនេះ នឹងត្រូវដាក់ក្រោមការគ្រប់គ្រងរួមគ្នាជាមួយមជ្ឈមណ្ឌលឯកសារច្បាប់ និងបើកបម្រើជាផ្លូវការ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៨យប់ សម្រាប់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងចាប់បើក ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៦ល្ងាច សម្រាប់ថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។

ជាងនេះទៅទៀត ការដាក់ផ្សព្វផ្សាយ ជាសាធារណៈនូវកម្មវិធីវីដេអូខ្លីអប់រំ និងផ្សព្វផ្សាយជាស៊េរីរបស់ អ.វ.ត.ក. ដែលដកស្រង់ចេញពីឯកសារកំណត់ត្រា និងបណ្ណសារ ពាក់ព័ន្ធនឹង ដំណើរការកាត់សេចក្តីរបស់សាលាក្តីខ្មែរក្រហម ក៏នឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃការងារផ្សព្វផ្សាយ និងសម្មភាពអប់រំ ក្នុង គោល ដៅរំឭកការចង ចាំជាប្រវត្តិសាស្ត្រ ដល់យុវជន ជំនាន់ ក្រោយ អំពីរឿងរ៉ាវ ដែលបាន កើតមាន ឡើងក្នុងរបបខ្មែរក្រហម តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា Facebook, Telegram, YouTube, TikTok, Instagram, និងតាមប្រព័ន្ធទូរទស្សន៍ផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច