ព័ត៌មានជាតិ
អ្នកជំនាញ៖ ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីថៃមកកម្ពុជា នឹងផ្ដល់ប្រយោជន៍រួមដល់ប្រទេសទាំងពីរ
តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក សេដ្ឋា ថាវីស៊ីន អញ្ជើញមកទស្សនកិច្ចផ្លូវការនៅកម្ពុជា។ តាមរយៈទស្សនកិច្ចរបស់មេដឹកនាំនៃប្រទេសជាប់របងកម្ពុជានេះ ត្រូវបានអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ និងអ្នកជំនាញភូមិសាស្ត្រនយោបាយ មើលឃើញថា ជាការវិវត្តមួយប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា-ថៃ ដែលនឹងផ្ដល់ផលប្រយោជន៍រួមបន្ថែមទៀតដល់ប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក សេដ្ឋា ថាវីស៊ីន មកកាន់កម្ពុជាពេលនេះ ធ្វើឡើងក្រោយពេលលោក បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃថ្មីនេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃការពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ។
អ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ លោក ពុយ គា បានប្រាប់ «កម្ពុជាថ្មី» ថា ស្ថិតក្នុងក្របខណ្ឌអាស៊ាន ថៃ ជាប្រទេសមួយដែលមានសេដ្ឋកិច្ចជឿនលឿនក្នុងចំណោមប្រទេសជាសមាជិកអាស៊ានផ្សេងៗទៀត បើធៀបនឹងកម្ពុជា។ ក្នុងន័យនេះ លោក ពុយ គា បានចាត់ទុកថា នេះជាក្ដីរីករាយរបស់កម្ពុជា ដែលលោក សេដ្ឋា ថាវីស៊ីន បានជ្រើសរើសកម្ពុជា ជាប្រទេសនៃដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ។ លោក លើកឡើងដូច្នេះថា៖ «ស្ថិតក្នុងបរិបទអាស៊ាន ប្រទេសថៃ ជាប្រទេសដ៏ធំ ធំនេះ សំដៅទៅលើសេដ្ឋកិច្ច ចំនួនប្រជាជន បើធៀបនឹងកម្ពុជា ខណៈនៅក្របខណ្ឌអាស៊ាននេះ ក៏មានប្រទេសធំៗច្រើនដែរ ទាំងប្រជាជន និងសេដ្ឋកិច្ច ជាឧទាហរណ៍ ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ជាដើម។ ដូច្នេះ នៅពេលដែលថៃជ្រើសរើសកម្ពុជា ជាដំណើរទស្សនកិច្ចជាលើកទី១ ក្រោយជាប់ជានាយករដ្ឋមន្ត្រីនេះ ជាមោទនភាពមួយរបស់កម្ពុជា»។
ជាការមើលឃើញរបស់អ្នកតាមដានព្រឹត្តការណ៍អន្តរជាតិរូបនេះ ទស្សនកិច្ចនេះ នឹងឆ្លុះបញ្ចាំងឱ្យឃើញអំពីទំនាក់ទំនងដ៏ល្អ ប្រសើររវាងកម្ពុជា-ថៃ ដោយលោក បញ្ជាក់ថា កាលណាមេដឹកនាំនៃប្រទេសទាំងពីរ មានទំនាក់ទំនងល្អប្រសើររវាងគ្នា និងគ្នា នឹងនាំទៅដល់ភាពរីកចម្រើនលើវិស័យផ្សេងៗ ជាពិសេស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងបញ្ហាតាមបណ្ដោយព្រំដែន។ លោក បន្តថា ជាចំណុចមួយដ៏ល្អសម្រាប់កម្ពុជា ហើយចាប់ពីពេលនេះតទៅ ទំនាក់ទំនងល្អជាមួយប្រទេសជាតិខាង នឹងផ្ដល់ជាប្រយោជន៍រួមគ្នាថែមទៀតក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច។
ទំនាក់ទំនងរវាងកម្ពុជា-ថៃ បានឈរលើទិដ្ឋភាពសំខាន់ៗចំនួន៣ រួមមាន ទិដ្ឋភាពប្រវត្តិសាស្ត្រ ទិដ្ឋភាពភូមិសាស្ត្រ និងទិដ្ឋភាពនយោបាយ និងគ្រួសារ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្ត្រនយោបាយ រៀបរាប់ថា លើទិដ្ឋភាពប្រវត្តិសាស្ត្រ ប្រទេសទាំងពីរតែងមានលំហូរវប្បធម៌ទូទៅទៅវិញទៅមក ហើយទិដ្ឋភាពភូមិសាស្ត្រ គឺប្រទេសកម្ពុជា និងថៃ មានព្រំដែនជាប់គ្នាទាំងព្រំដែនគោក និងព្រំដែនទឹក ហើយជាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចគ្នា។ ឈរលើទិដ្ឋភាពគ្រួសារ គឺមានចំណងគ្រួសារជាមួយគ្នា ដែលបានជះឥទ្ធិពល លើនយោបាយរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងគ្រួសារសម្ដេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ។ បរិការណ៍នេះ លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា នេះជាផ្នែកដ៏សំខាន់មួយនៃទំនាក់ទំនងការទូត និងនយោបាយរវាងកម្ពុជា-ថៃ ហើយក៏បានចូលរួមបន្ធូរបន្ថយភាពតានតឹងមួយចំនួនរវាងប្រទេសទាំងពីរ។
ជុំវិញដំណើរបំពេញទស្សនកិច្ចរបស់លោក សេដ្ឋា ថាវីស៊ីន ជាទស្សនកិច្ចលើកដំបូង ក្នុងនាមជានាយករដ្ឋមន្ត្រីថៃនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ បញ្ជាក់ថា ដូចគ្នានឹងកាលដែលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក្លាយជានាយករដ្ឋមន្ត្រីថៃ កាលពីឆ្នាំ២០១១ ក៏បានជ្រើសយកកម្ពុជា ជាប្រទេសទស្សនកិច្ចដំបូងគេផងដែរ។ អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ ចាត់ទុកថា នេះជាលំនាំដែលបានសបញ្ជាក់យ៉ាងច្បាស់អំពីប្រវត្តិនៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងថៃ ដោយឈរលើទំនាក់ទំនងការទូតរដ្ឋ និងរដ្ឋ បក្ស និងបក្ស ក៏ដូចជាចំណងគ្រួសារ និងគ្រួសាររបស់មេដឹកនាំនៃប្រទេសទាំងពីរ។
បើតាមអ្នកជំនាញរូបនេះ ទំនាក់ទំនងរវាងកម្ពុជា-ថៃ ពិតជាមានសារសំខាន់ណាស់ ក្នុងការលើកកម្ពស់លើការតភ្ជាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្សងៗលើគ្រប់វិស័យ ក្នុននាមជាប្រទេសភូមិផងរបងជាមួយគ្នា ហើយជាសមាជិកអាស៊ានដូចគ្នា ព្រមទាំងមានក្របខណ្ឌអង្គការតំបន់ និងអន្តរជាតិជាច្រើនទៀត ដែលពាក់ព័ន្ធលើផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។
គួរជម្រាបថា ក្នុងទស្សនកិច្ចនៅកម្ពុជា លោកនាយករដ្ឋមន្ត្រីថៃ នឹងមានជំនួបទ្វេភាគីជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយពិភាក្សាលើការកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរ នឹងប្រគល់-ទទួលនូវ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀតដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី៕
ដោយ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ