Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ជួបជុំប្រារព្ធទិវាគ្រូបង្រៀនពិភពលោក តែមិនឱ្យហែក្បួន

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យ តែមិនអនុញ្ញាឱ្យមានហែក្បួនឡើយ។ នេះបើតាមកំណត់ហេតុប្រជុំ ពិភាក្សាស្តីពីការរៀបចំប្រារព្ធទិវាគ្រូបង្រៀនពិភពលោក របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលចេញដោយរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណត់ហេតុប្រជុំបានសរសេរថា ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានស្នើសុំប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ «សេរីភាពសមាគម» ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១២:០០នាទី ដោយជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ មានអ្នកចូលរួមយ៉ាងតិចត្រឹមចំនួន ១៥០នាក់ រួចនឹងដង្ហែក្បួនទៅដាក់ញត្តិជូនក្រសួងអប់រំ ខុទ្ទកាល័យ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងរដ្ឋសភាជាតិ រួចបិទកម្មវិធី។

ប៉ុន្តែដោយសារស្ថានភាពបញ្ហាកកស្ទះចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈក្នុងរាជធានីភ្នំពេញ លោក   មាន ចាន់យ៉ាដា អភិបាលរង រាជធានីភ្នំពេញ បានស្នើសុំឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រារព្ធពិធីនៅទីលានប្រជាធិបតេយ្យ ដោយមិនមានការដង្ហែក្បួននោះទេ ហើយរដ្ឋបាលរាជធានីភ្នំពេញនឹងសម្របសម្រួលស្ថាប័នពាក់ព័ន្ធមកទទួលញត្តិនៅទីតាំងប្រារព្ធពិធីតែម្តង។ នេះបើតាមកំណត់ហេតុ ខ្លឹមសារកិច្ចប្រជុំ។

ក្រោយពិភាក្សារួមគ្នារួចមក ភាគីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ យល់ព្រមរៀបចំទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមមិនលើសពីចំនួន ១៥០នាក់ ហើយដាក់ញត្តិទៅក្រសួងអប់រំ ខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ត្រី និងរដ្ឋសភាជាតិ តាមរយៈមន្ត្រីជាតំណាងស្ថាប័នពាក់ព័ន្ធមកទទួលញត្តិនៅទីលានប្រជាធិបតេយ្យ។

ក្នុងការរៀបចំពិធីខាងលើ ម្ចាស់សំណើបានធានាឯកភាពទទួលខុសត្រូវទាំងស្រុង ចំពោះកិច្ចការពារសន្តិសុខ សុវត្ថិភាពផ្ទៃក្នុងនៃការរៀបចំពិធីទាំងស្រុង។ ហើយសមត្ថកិច្ចជាអ្នកទទួលខុសត្រូវការពារពីខាងក្រៅ ក្នុងករណី មានជនសង្ស័យ ត្រូវរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចាត់វិធានការបានទាន់ពេលវេលា។

ភាគីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានធានាថា នឹងផ្សព្វផ្សាយក្រមសីលធម៌ដល់អ្នកចូលរួម ដើម្បីកុំឱ្យយកវេទិកានេះ ធ្វើសកម្មភាពវាយប្រហារ ដល់ព្រះមហាក្សត្រ ឥស្សរជនជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាល ឬបំផុសញុះញង់ ឱ្យកើតជា អំពើហិង្សា ផ្ទុយពីខ្លឹមសារ និងគោលបំណងនៃការរៀបចំពិធីនេះ ឬបំបែកបំបាក់សាមគ្គីភាពជាតិ ប្រើសារនយោបាយ និងប្រាស់ចាកពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យភាគីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យត្រូវពិនិត្យ និងទទួលខុសត្រូវលើខ្លឹមសារបដារបស់ខ្លួន និងអ្នកឡើងថ្លែងមតិមិនឱ្យប្រាស់ចាកពី គោលបំណងនៃការប្រារព្ធទិវាគ្រូបង្រៀនពិភពលោក បើសមាគម មិនគោរពតាមខ្លឹមសារដែលបានឯកភាពគ្នា នោះលោក លោកស្រីតំណាង ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន។

ចំពោះឧបករណ៍បំពងសម្លេង រដ្ឋបាលបាលរាជធានីភ្នំពេញ បានណែនាំភាគីម្ចាស់សំណើរ មិនត្រូវបំពងសម្លេងខ្លាំងៗ នាំឱ្យរំខានដល់អ្នកជិតខាង ហើយត្រូវទទួលខុសត្រូវរៀបចំចំណតសម្រាប់អ្នកចូលរួមពិធី ហាមយកមធ្យោបាយ ពិសេសហាមចតម៉ូតូកង់បីលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ ត្រូវសម្អាតអនាម័យនៅជុំវិញបរិវេណប្រារព្ធពិធីឱ្យបានស្អាតចៀសវាងប៉ះពាល់ដល់សោភណភាពនៅទីនោះ។

រដ្ឋបាលរាជធានីភ្នំពេញ និងម្ចាស់សំណើរបានយល់ព្រមបង្កើតគណៈបញ្ជាការស្រាលសម្រាប់ដោះស្រាយបញ្ហាផ្សេងៗ ក្រោមការដឹកនាំផ្ទាល់របស់គណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដែលមានសមាសភាពដូចជាលោក សន សោភ័ណ្ឌ លោក ឡុង រឹម លោក អ៊ុក ឆាយ៉ាវី ។ ករណីចាំបាច់ត្រូវសុំយោបល់ដឹកនាំពីគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម