ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា ស្នើថៃផ្ដល់ទីផ្សារកាន់តែទូលំទូលាយជាងនេះ សម្រាប់ផលិតផលកសិកម្មនានាពីកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលថៃ ផ្ដល់ទីផ្សារកាន់តែទូលំទូលាយជាងនេះ សម្រាប់ផលិតផលកសិកម្មនានាពីកម្ពុជា។ ការស្នើនេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ទស្សនកិច្ចរបស់លោក សេដ្ឋា ថាវីស៊ីន នាពេលនេះ មានគោលបំណងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំងពីរ ក្រោមស្មារតី “ពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព”។
លោកសេដ្ឋា ថាវីស៊ីន បានគូសបញ្ជាក់ថា ការជ្រើសយកកម្ពុជា ជាប្រទេសដំបូងសម្រាប់ដំណើរទស្សនកិច្ចផ្លូវការនៅបរទេសរបស់លោក បង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ក្នុងជំនួបទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត លើកកម្ពស់កិច្ចសហប្រតិបត្តិការឲ្យឈានដល់កម្រិតថ្មី តាមរយៈការជួបប្រាស្រ័យទាក់ទងកម្រិតខ្ពស់ និងទៀងទាត់រវាងថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន។ ភាគីទាំងពីរបានលើកទឹកចិត្ត អាជ្ញាធរពាក់ព័ន្ធ ធ្វើកិច្ចសហការឲ្យកាន់តែជិតស្និទ្ធ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព នៅតាមតំបន់ព្រំដែន សំដៅប្រែក្លាយតំបន់នេះ ទៅជាព្រំដែននៃសន្តិភាពយូរអង្វែង និងការអភិវឌ្ឍ។
ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់ នៃការបង្កើនបន្ថែមទៀត នូវទំហំពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក។ ភាគីទាំងពីរ បានឯកភាពនឹងណែនាំអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការចរចាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី ទំនិញឆ្លងកាត់រវាងកម្ពុជានិងថៃ ដើម្បីដោះស្រាយបញ្ហាសេសសល់ ពាក់ព័ន្ធនឹងទំនិញដឹកជញ្ជូនឆ្លងកាត់ពីប្រទេសទីបី។
នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពប្រគល់ភារកិច្ចឲ្យអាជ្ញាធរពាក់ព័ន្ធ ប្រើប្រាស់យន្តការមានស្រាប់ប្រកបដោយប្រសិទ្ធ ភាព និងរិះរកនូវកាលានុវត្តភាពប្រកបដោយសក្តានុពលបន្ថែម ដើម្បីបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា សំដៅសម្រេចបាននូវគោលដៅពាណិជ្ជកម្មទំហំ ១៥ប៊ីលានដុល្លារ នៅឆ្នាំ ២០២៥។
ដោយប្រជាជនភាគច្រើន នៃប្រទេសទាំងពីរជាកសិករ នាយករដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់លើការផ្លាស់ប្ដូរនូវជំនាញកសិកម្ម រួមទាំងការគ្រប់គ្រងទឹកជំនន់និងគ្រោះរាំងស្ងួត។ ចំពោះបញ្ហាពាក់ព័ន្ធនឹងពោត លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានស្នើថា ប្រធានបទអំពីពោតនេះគួរ ផ្ដោតលើទិដ្ឋភាពទាំងអស់ ពោលគឺមិនគិតត្រឹមតែការប្រមូលផលទេ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើភាគីថៃឲ្យផ្ដល់ទីផ្សារកាន់តែទូលំទូលាយជាងនេះ សម្រាប់ផលិតផលកសិកម្មនានាពីកម្ពុជា៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់