ព័ត៌មានជាតិ
អ្នកជំនាញ មើលឃើញពីហានិភ័យនៃកម្ចីមិនល្អកើនឡើងខ្ពស់នៅកម្ពុជា
នៅក្នុងពិភពលោក បំណុលវិស័យឯកជន និងពលរដ្ឋមានប្រហែល ១៤០ភាគរយ ធៀបនឹង GDP របស់ពិភពលោកទាំងមូល ឬស្មើមួយដងកន្លះនៃទំហំសេដ្ឋកិច្ច។ ដោយឡែក បំណុលពលរដ្ឋ និងវិស័យឯកជននៅកម្ពុជា មានប្រមាណ ១៨៩ ភាគរយ ដែលកម្រិតបំណុលនេះខ្ពស់គួរឱ្យព្រួយបារម្ភ។ ធនាគារ និងស្ថាបនហិរញ្ញវត្ថុគួររក្សា ឬកាត់បន្ថយ ដោយបង្កើនគុណភាពកម្ចី និងសេវាកម្មជាការចាំបាច់។ នេះជាការបញ្ជាក់របស់លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា។

លោក ង៉ែត ជូ បានបន្តថា បំណុលឯកជននេះ ហូសពីស្តង់ដារពិភពលោក បើធៀបនឹងប្រទេសកំពុងអភិវឌ្ឍដូចគ្នានៅក្នុងតំបន់អាស៊ី។ លោកមើលឃើញថា នេះគឺជាសញ្ញាមិនល្អ បើទោះជាកម្ចីនេះ បានជួយរុញសេដ្ឋកិច្ចឱ្យមានកំណើន ប៉ុន្តែក៏មានហានិភ័យខ្ពស់ផងដែរ។ ហានិភ័យខ្ពស់ ត្រង់ថា គុណភាពឥណទានសងត្រឡប់ មានសញ្ញាមិនសូវល្អ ពោលគឺនៅត្រីមាសទី១ឆ្នាំ ២០២៣ កម្ចីសងមិនទាន់ពេលមានជាង ៣ភាគរយ និងត្រីមាសទី២ កើនឡើងដល់ជាង ៥ភាគរយ និងអាចបន្តឡើងទៀត។ លោកថា កម្ចីខូចនេះ អាចនឹងប៉ះពាល់ដល់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល ព្រោះធនាគារ ក៏ត្រូវសងទៅម្ចាស់បំណុលបរទេស និងអ្នកដាក់ប្រាក់បញ្ញើផងដែរ។

លោក ង៉ែត ជូ យល់ឃើញថា បើបញ្ហានេះ បន្តរីករាលដាលកាន់តែធំ គុណភាពកម្ចីកាន់តែមិនល្អ ចំនួនកម្ចីខូចកើនឡើងច្រើន ដោយស្ថាបនខ្លះឡើងដល់ ១០ ទៅ២០% នោះធនាគារ និងមីក្រូហិរញ្ញវត្ថុ អាចនឹងដួលរលំ។
ដើម្បីទប់ស្កាត់បញ្ហានេះ ធនាគារ និងមីក្រូហិរញ្ញវត្ថុ គួរកាត់បន្ថយការបញ្ចេញឥណទាន កុំឱ្យកើនឡើងខ្ពស់ពេក។ «បើបញ្ចេញឥណទាន ត្រូវមើលចំណែកទីផ្សារថ្មី ដែលមានសក្តានុពលអាចមានលទ្ធភាពសងល្អ និងធនាគារព្យាយាមបង្កើតចំណូលក្រៅពីការប្រាក់ ដោយផ្តល់សេវាកម្មផ្សេងៗ ពោលគឺកុំបង្កើនឥណទានច្រើនពេកលើទីផ្សារ ពង្រឹងគុណភាពឥណទានដែលមានស្រាប់ និងគុណភាពឥណទានដែលបញ្ចេញថ្មី»។ នេះជាការបន្ថែមរបស់លោក ង៉ែត ជូ។
អ្នកជំនាញហិរញ្ញវត្ថុរូបនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្នអត្រាកម្ចីខូច មានប្រមាណជាង ៥ភាគរយ ជាសញ្ញាមិនល្អ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ដែលគួរតែធ្វើយ៉ាងណាទាញទម្លាក់ឱ្យមកត្រឹម ២ឬ៣ភាគរយ ទើបល្អ។
ជុំវិញបញ្ហានេះ លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនេះឥណទានដែលប្រឈមហានិភ័យមានការកើនឡើង។ ឥណទានមានហានិភ័យនេះ សំដៅដល់ឥណទាន ដែលអតិថិជនមិនបានបង់សងត្រឡប់លើសពី ៣០ថ្ងៃ មានការកើនឡើងជិត ៥ភាគរយ គិតត្រឹមខែ មិថុនា ឆ្នាំ ២០២៣។ លោក កាំង តុងងី បានបញ្ជាក់ថា«ទិន្នន័យនេះ កន្លងមកមិនដែលជួបប្រទះដល់កម្រិតនេះទេ ប៉ុន្តែជាទូទៅស្តង់ដារអន្តរជាតិ ចាប់ពីក្រោម ៥ភាគរយចុះ ចាត់ទុកថា វិស័យនេះនៅមានសុខុមាលភាពល្អ»។

ទោះយ៉ាងណា អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានលើកឡើងថា បំណុលមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ។ បំណុល អាចមានផលល្អប្រសិនប្រើចំគោលដៅបង្កើតចំណូល ប៉ុន្តែក៏អាចបង្កជាបញ្ហាឬផ្តល់ផលអាក្រក់ នៅពេលប្រើមិនបានត្រឹមត្រូវតាមគោលដៅ។
លោក កាំង តុងងី បានសង្កត់ធ្ងន់ថា សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងពង្រឹងគុណភាពនៃប្រាក់កម្ចីផ្តល់សេវាកម្មដោយតម្លាភាព និងយន្តការការពារអតិថិជនជាដើម។ បើតាមលោក តុងងី នាពេលថ្មីៗនេះ បានដាក់ចេញកិច្ចសន្យារួមសម្រាប់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ទាំងមូល ដែលតម្រូវឱ្យគ្រឹះស្ថានផ្តល់ឥណទានចាប់ពី ៥ម៉ឺនដុល្លារចុះ ត្រូវប្រើកិច្ចសន្យារួមដូចគ្នា ដែលមានកម្រាស់ខ្លីជាងមុន ងាយយល់ និងផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់អតិថិជន ដើម្បីធានាបានក្នុងការប្តេជ្ញាចិត្តលើកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុនេះ។ លោក ជឿជាក់ថា ពុំទាន់មានប្រទេសណាក្នុងតំបន់ធ្វើបានដូចកម្ពុជាឡើយ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ