ព័ត៌មានជាតិ
នាយកសហគ្រាសគ្រប់គ្រងសំរាម ស្នើពលរដ្ឋនៅភ្នំពេញ បង់ថ្លៃសេវាសំរាមឱ្យបានគ្រប់គ្នាៗ
អគ្គនាយកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៃរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បន្តចូលរួមបង់ថ្លៃសេវាសំរាមឱ្យបានគ្រប់គ្នាៗ ក្រោមពាក្យស្លោកថា «អ្នកបង្កើតសំរាម សំណល់រឹង មានកាតព្វកិច្ចបង់ថ្លៃសេវា»។

ក្នុងសិក្ខាសាលានៃវេទិកាគោលនយោបាយស្ដីពីការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៣នេះ លោក គឹម សេត អគ្គនាយកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង រាជធានីភ្នំពេញ បានថ្លែងអំពាវនាវយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវឱ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍ ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ រួមគ្នាធ្វើយ៉ាងណាឱ្យទីក្រុងស្អាត ជាពិសេសចូលរួមបង់ថ្លៃសេវាសំរាម ក្រោមពាក្យស្លោកថា អ្នកបង្កើតសំរាមសំណល់រឹង មានកាតព្វកិច្ចបង់ថ្លៃសេវា»។ មន្ត្រីទទួលបន្ទុកគ្រប់គ្រងសំរាមរូបនេះ ក៏បានអំពាវនាវដល់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅភ្នំពេញទាំងអស់ រួមគ្នាបង្កើតទម្លាប់រក្សាទុក និងគ្រប់គ្រងសំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងធ្វើជាគំរូល្អដល់កូនចៅជំនាន់ក្រោយផងដែរ។

បើតាមលោក គឹម សេត វិស័យបរិស្ថាន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាវិស័យអាទិភាពមួយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម វប្បធម៌ និងទេសចរណ៍។ តែយ៉ាងណាមិញ ដើម្បីរួមចំណែកលើកស្ទួយបរិស្ថាន និងទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំអភិវឌ្ឍន៍ហេដ្ឋាចរនាសម្ព័ន្ធសំខាន់ៗជាច្រើនក្នុងការធ្វើឱ្យទីក្រុងភ្នំពេញមានការប្រែមុខមាត់ថ្មី និងភាពរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
លោក គឹម សេត លើកឡើងថា តាមរយៈភាពរីកចម្រើនរបស់រាជធានីភ្នំពេញនេះ បានធ្វើឱ្យមានការកើនឡើងបរិមាណសំរាមរហូតដល់ ៣ ៧០០តោនក្នុងមួយថ្ងៃ ដែលជាកង្វល់មួយរបស់អាជ្ញាធរត្រូវយកចិត្តទុកដាក់។ ប៉ុន្តែ បញ្ហាសំរាមត្រូវបានដោះស្រាយ ក្រោយមានការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា លើការគ្រប់គ្រងសំរាម សំណល់រឹង នៅភូមិសាស្ត្ររាជធានីភ្នំពេញ។
លោក បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល បានជ្រើសរើសក្រុមហ៊ុនឯកជនចំនួន៣ ក្នុងការប្រកួតប្រជែងគ្នាផ្ដល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០២១។ ជាលទ្ធផល ពិនិត្យឃើញថា ក្រុមហ៊ុនទាំង៣ បានអនុវត្តភារកិច្ចយ៉ាងល្អប្រសើរ ទាំងការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងនៅតាមមូលដ្ឋានទូទាំងរាជធានីភ្នំពេញ។

លោក គឹម សេត បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួនបន្ថែមទៀត ដូចជា៖ ការចេញសេចក្ដីណែនាំ សេចក្ដីជូនដំណឹង ការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយដល់ប្រជាពលរដ្ឋអំពីការទុកដាក់សំរាមទៅតាមប្រភេទ និងបញ្ចេញសំរាមតាមពេលវេលាកំណត់ ក៏ដូចជាការខិតខំប្រមូលសំរាមដែលនៅសេសសល់ជាដើម។ ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ ថែមទាំងបានផាកវិន័យដល់អ្នកដែលមិនអនុវត្តតាមការណែនាំនេះដែរ ដើម្បីសំដៅជម្រុញឱ្យមានការចូលរួមពីប្រជាពលរដ្ឋឱ្យមាននិរន្តរភាពបរិស្ថានល្អ ហើយសព្វថ្ងៃ កិច្ចការទាំងនេះនៅតែបន្តអនុវត្តជាប់ជាប្រចាំ៕


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល