ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា ណែនាំ១០ចំណុចក្នុងការរៀបចំទិវាមនុស្សចាស់ឱ្យបានទូលំទូលាយ
រាជរដ្ឋាភិបាលកម្ពុជា ណែនាំ១០ចំណុចដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឱ្យបានទូលំទូលាយ ដើម្បីជាការរំលឹកដល់គុណូបការៈរបស់មនុស្សវ័យចាស់កម្ពុជា ដែលបានកសាង និងបន្សល់ទុកកេរមរតកសម្រាប់អ្នកជំនាន់ក្រោយ។
បើតាមសារាចរណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ត្រូវបានរៀបចំស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ គោលបំណងនៃទិវានេះលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះ ក៏បង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សវ័យចាស់ដែលបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍យ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។
រាជរដ្ឋាភិបាល បានចាត់ទុកទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ជាទិវារំលឹកដល់គុណូបការៈរបស់មនុស្សវ័យចាស់កម្ពុជា ដែលបានកសាង និងបន្សល់ទុកកេរមរតកដ៏ថ្លៃថ្លាសម្រាប់អ្នកជំនាន់ ក្រោយៗទៀត។ ដើម្បីរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ឱ្យបានទូលំទូលាយ និងផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាគ្រប់វ័យបានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ រាជរដ្ឋាភិបាល បានណែនាំ ១០ចំណុចដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងការរៀបចំទិវានេះ។
តាមរយៈសារាចររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានបទនៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ លើកទី២៥ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ បានកំណត់យកប្រធានបទ «ការជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា»។ សម្ដេចធិបតី បានណែនាំក្រសួងសង្គមកិច្ច គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ត្រូវ សហការជាមួយក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិពាក់ព័ន្ធ ដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ឱ្យបានអធិកអធម។
ទន្ទឹមនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ដោយបង្កលក្ខណៈឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកយាយ លោកតា ព្រមទាំងប្រជាជនគ្រប់វ័យបានចូលរួមចំណែកតាមគន្លងប្រក្រតីភាពថ្មី ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០។
រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្តល់ការអន្តរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀតនៅតាម សហគមន៍មូលដ្ឋានឱ្យបានទូទាំងប្រទស ស្របតាមផែនការបានកំណត់ ឈរលើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ ជាពិសេសយកចិត្តទុកដាក់ជួយមនុស្សវ័យចាស់ជរា ពិការ ជនក្រីក្រគ្មានទីពឹង។ ក្នុងនោះ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិ ត្រូវបន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍសមាគមមនុស្សចាស់ដែលមានស្រាប់។ ដោយអនុលោមតាមវិធានការសុខាភិបាល សម្ដេចធិបតី បានជំរុញឱ្យគ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ នៅតាមមូលដ្ឋាន ដោយនាំយកជំនួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លាជួយដល់មនុស្សវ័យចាស់។
តាមរយៈសារាចរដដែលនេះ សម្ដេចធិបតី ក៏បានណែនាំដល់ក្រសួងអប់រំ ត្រូវធ្វើសេចក្ដីណែនាំដល់បន្ទីរអប់រំធានី ខេត្ត និងគ្រឹះស្ថានសិក្សាទាំងអស់ ជំរុញចលនាសិស្ស និស្សិត ឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា ចាស់ ព្រឹទ្ធាចារ្យ និងឱ្យយល់ដឹងអំពីការប្រែប្រួលរបស់មនុស្សវ័យចាស់ ព្រមទាំងបង្កើតកម្មវិធីក្រៅម៉ោងសិក្សាចុះសួរសុខទុក្ខមនុស្សវ័យចាស់ ពិសេសជួយបំពេញការងារជាឧត្តមប្រយោជន៍ជូនមនុស្សវ័យចាស់នៅក្នុងមូលដ្ឋានស្ថិតនៅជិតកន្លែងសិក្សារបស់ខ្លួន។
ចំណែក ក្រសួងធម្មការ និងសាសនា ត្រូវណែនាំចលនានៅតាមវត្តអារាម វិហារសាសនាទូទាំងប្រទេស តាមរយៈ បព្វជិតសាសនា ដៃគូអភិវឌ្ឍ សប្បុរសជននានា និងមូលនិធិផ្សេងទៀត ដើម្បីឱ្យមានសកម្មភាពជួយឧបត្ថម្ភគាំទ្រពីប្រជាជនដល់មនុស្សវ័យចាស់អាចស្នាក់នៅសមរម្យ មានអាហារទទួលទាន អាចសម្រាន្តលក់ស្ងប់អារម្មណ៍ និងអាចតាំងសមាធិ សមាទានសីល ព្រមទាំងទទួលបានសេវាថែទាំផ្សេងៗទៀតជាបន្តបន្ទាប់។
ដោយឡែក ពាក់ព័ន្ធនឹងការងាររបស់ក្រសួងព័ត៌មាន សម្ដេចធិបតី បានណែនាំឱ្យក្រសួងព័ត៌មាន ជំរុញដល់បណ្ដាញសារព័ត៌មានរដ្ឋ និងឯកជនទាំងអស់ផ្សព្វផ្សាយឱ្យបានទូលំទូលាយខ្លឹមសារសកម្មភាព ក្នុងឱកាសទិវាមនុស្សចាស់នេះ។ ជារួម សម្ដេចធិបតី បានណែនាំដល់គ្រប់ក្រសួងស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំបដានៅតាមអង្គភាពនិងទីសាធារណៈតាមខ្លឹមសារនានាជុំវិញទិវាមនុស្សចាស់។ ជាចុងក្រោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងសង្គមកិច្ច គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ត្រូវណែនាំអនុវត្តតាមសារាចរនេះ និងបូកសរុបលទ្ធផលការងារជូនរាជរដ្ឋាភិបាល៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ