ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បំភ្លឺជុំវិញបញ្ហារបស់ពលរដ្ឋក្នុងការកែឯកសារអត្រានុកូលដ្ឋាន
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញមកបំភ្លឺជុំវិញព័ត៌មានផ្សាយថា ពលរដ្ឋជួបប្រទះបញ្ហាប្រឈមក្នុងការកែតម្រូវឯកសារអត្រានុកូលដ្ឋាន ដូចជា សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាដើម ដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកពន្យល់នូវទិដ្ឋភាពរួមមួយចំនួននៃបញ្ហានេះ។

ការបំភ្លឺរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មពេលនេះ គឺជាការឆ្លើយតបនឹងការលើកឡើងរបស់លោក សយ សុភាព ដែលបានលើកឡើងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តនានាពាក់ព័ន្ធនឹងការកែតម្រូវសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយជួបប្រទះការលំបាកក្នុងការមកដាក់ពាក្យស្នើសុំកែតម្រូវ នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
តាមរយៈសេចក្ដីបំភ្លឺរបស់ខ្លួន នៅថ្ងៃទី២៩ ខែកញ្ញានេះ អគ្គអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរំលឹកឡើងវិញថា នៅក្រោយការដួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅខែមករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា បានចាប់ផ្ដើមកសាងឡើងវិញពីចំណុចសូន្យ ដោយបាតដៃទទេ។ ឯកសារសម្គាល់អត្តសញ្ញាណរបស់ប្រជាពលរដ្ឋ និងលិខិតស្នាមផ្សេងៗទៀតត្រូវបានខូចខាត ឬបាត់បង់ស្ទើរគ្មានសល់។ ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណបុគ្គល ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ការបំពេញទិន្នន័យ ដើម្បីរៀបចំឯកសារអត្តសញ្ញាណពលរដ្ឋឡើងវិញ ភាគច្រើនផ្អែកលើការចងចាំរបស់បុគ្គលម្នាក់ៗ ឬតាមរយៈការប៉ាន់ស្មាន ដោយពុំមានឯកសារសម្អាងជាក់លាក់ឡើយ។

ដើម្បីដោះស្រាយបញ្ហាខាងលើ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០០ ស្ដីពីអត្រានុកូលដ្ឋាន។ ផ្តើមចេញពីអនុក្រឹត្យនេះ ក្រសួងមហាផ្ទៃ ទទួលបានគោលការណ៍ អនុញ្ញាតពីរាជរដ្ឋាភិបាល បានធ្វើយុទ្ធនាការរយៈពេលជាង ២ឆ្នាំ (ខែតុលា ឆ្នាំ២០០៤ – ខែធ្នូ ឆ្នាំ២០០៦) ដើម្បីផ្តល់សំបុត្រកំណើតឡើងវិញជូនប្រជាពលរដ្ឋ។ ជាលទ្ធផលនៃយុទ្ធនាការនេះ ប្រជាពលរដ្ឋជាច្រើនមានសំបុត្រកំណើតជាក់លាក់ឡើងវិញ ហើយបញ្ហាប្រឈមជាច្រើនត្រូវបានដោះស្រាយជាបន្តបន្ទាប់ ដែលជាសមិទ្ធផលដ៏ធំធេងមួយរបស់រាជរដ្ឋាភិបាល។ តែយ៉ាងណា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ជាក់ថា តាមរយៈយុទ្ធនាការនេះបានបន្សល់ទុកបញ្ហា បច្ចេកទេសមួយចំនួន គឺកំហុសទិន្នន័យនៅលើសំបុត្រកំណើតរបស់ប្រជាពលរដ្ឋមានចំនួនច្រើន ជាអាទិ៍ ខុសអក្ខរាវិរុទ្ធ ខុសឈ្មោះ ខុសភេទ ខុសថ្ងៃខែឆ្នាំកំណើត ឬខុសទីកន្លែងកំណើត ជាដើម ដែលត្រូវបន្តដោះស្រាយដល់បច្ចុប្បន្ន។
តាមរយៈសេចក្ដីបំភ្លឺដដែលនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបន្ថែមថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្តីពីការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន (សាកល្បងកែតម្រូវជាបឋមរយៈពេល២ឆ្នាំ) និងបន្ទាប់មក បានចេញសេចក្ដីណែនាំថ្មីមួយទៀត ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការបន្តដំណើរការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន។

អនុវត្តតាមស្មារតីនៃសេចក្ដីណែនាំនេះ ប្រជាពលរដ្ឋដែលមានកំហុសឆ្គងទិន្នន័យ អាចដាក់ពាក្យស្នើសុំកែតម្រូវទិន្នន័យ ឬមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន តាមរយៈរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ នៃឃុំ-សង្កាត់ ដែលពលរដ្ឋបានចុះបញ្ជីអត្រានុកូលដ្ឋាន ឬជម្រើសមួយទៀត ប្រជាពលរដ្ឋអាចមកដាក់ពាក្យដោយផ្ទាល់នៅនាយកដ្ឋានអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ នេះជាការបញ្ជាក់បន្ថែមរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
លើទិដ្ឋភាពជាក់ស្តែង អង្គភាពជំនាញមួយនេះ បានសង្កត់ធ្ងន់ថា កំហុសទិន្នន័យនៃឯកសារអត្រានុកូលដ្ឋានរបស់ប្រជាពលរដ្ឋមានលក្ខណៈចម្រុះ និងស្មុគស្មាញ។ ក្នុងនោះ កំហុសមួយចំនួនបានកើតឡើងដោយអចេតនា កំហុសមួយចំនួនបានកើតឡើងដោយកង្វះការប្រុងប្រយ័ត្នរបស់មន្ត្រីជំនាញ និងកំហុសមួយចំនួនទៀតបានកើតឡើងដោយសារពលរដ្ឋ ខ្លះបានផ្តល់ទិន្នន័យមិនត្រឹមត្រូវ ក្នុងគោលបំណងដំឡើងអាយុ ឬកែទិន្នន័យផ្សេងទៀត ដើម្បីបំពេញបែបបទទៅបម្រើការងារ ឬបំពេញតម្រូវការផ្សេងៗ។
ទោះជាយ៉ាងណា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងបន្តប្រឹងប្រែងសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ សំដៅដោះស្រាយបញ្ហាផងទាំងពួងឱ្យបានសមស្របជូនពលរដ្ឋ ស្របតាមទស្សនៈវិស័យដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦ គឺមនុស្សគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ និងមនុស្សម្នាក់មានអត្តសញ្ញាណតែមួយ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កត់សម្គាល់ថា ការលើកឡើងរបស់លោក សយ សុភាព អាចធ្វើឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំអំពីទីកន្លែងដែលអាចដាក់ពាក្យស្នើសុំកែតម្រូវ និងមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន ដែលតាមការពិតមានផ្តល់ជូនតាមរយៈរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ រួចទៅហើយ។ ការមកស្នើសុំកែតម្រូវនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គឺជាជម្រើសបន្ថែមលើទីតាំងដែលមានស្រាប់ជូនប្រជាពលរដ្ឋ។
តែយ៉ាងណា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានអរគុណ និងស្វាគមន៍រាល់មតិយោបល់ទាំងអស់ ដែលបានផ្តល់ក្នុងន័យស្ថាបនា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរ ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?